ឧកញ៉ា​ដែល​មាន​តួនាទី​ជា​មេ​គយ​និង​រដ្ឋាករ​២​នាក់​ ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​

​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​ មាន​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ចំនួន​២​នាក់​ ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ ខណៈ​គេ​មិន​ទាន់​អាច​ទស្សន៍​ទាយ​ទុកជា​មុន​បាន​ថា​ ខាង​ក្រសួង​មុខងារសាធារណៈ​ដែល​មាន​ឯកឧត្តម​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ ជា​រដ្ឋមន្ត្រី​ ធ្វើការ​ពន្យារពេល​អាយុ​ចូល​និវត្តន៍​ដល់​ឧកញ៉ា​គយ​ទាំង​២​នាក់​ដែរ​ឬទេ​នោះ​នៅឡើយ​ ។​

​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ចំនួន​២​នាក់​ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​នៃ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០១៦​នេះ​ គឺ​ ៖​ ១-​លោក​ឧកញ៉ា​ ប៉ែន​ សំអាត​ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​ ប៉ែន​ ស៊ី​ម៉​ន​ អតីត​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ (​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​)​ ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ និង​ ២-​លោក​ឧកញ៉ា​ ហ៊ី​វ​ គឹ​ម​ហេង​ ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ឆ្នាំ​២០១៦​ ។​

​លោក​បណ្ឌិត​ ប៉ែន​ សំអាត​ ជា​បញ្ញវន្ត​មានចំណេះ​ដឹង​ជ្រៅជ្រះ​ និង​មានគុណ​ធម៌​ ព្រមទាំង​សុជីវធម៌​ម្នាក់​ អតីត​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​ សវន​កម្ម​ និង​ទំនាក់ទំនង​សាធារណៈ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៨/៩២៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០០៨​ ។​ ឯកឧត្តម​ឧកញ៉ា​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៩៩៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១២​ ។​ លោក​ឧកញ៉ា​ ប៉ែន​ សំអាត​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ករណី​ពិសេស​ពី​វរមន្ត្រី​ថ្នាក់​លេខ​៩​ មក​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៩៥​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​ម​មក​រា​ ឆ្នាំ​២០១៥​ ។​ លោក​បណ្ឌិត​ ឧកញ៉ា​ ប៉ែន​ សំអាត​ ទទួល​បានការ​តែងតាំង​ផង​ដែរ​ជាទី​ប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​(​មិន​ទទួល​ប្រាក់បៀវត្សរ៍​)​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦១៥​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ពោល​គឺ​ ទទួល​បាន​ងារ​ជា​ឯកឧត្តម​ ឧកញ៉ា​ បណ្ឌិត​ ប៉ែន​ សំអាត​ ទល់​បច្ចុប្បន្ន​ ។​

​លោក​ ហ៊ី​វ​ គឹ​ម​ហេង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៣/២៧៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៣​ ។​ លោក​ឧកញ៉ា​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៦៩៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទោះបី​លោក​ឧកញ៉ា​ ប៉ែន​ សំអាត​ និង​លោក​ឧកញ៉ា​ ហ៊ី​វ​ គឹ​ម​ហេង​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ក៏​ដោយ​ ក៏​លោក​ឧកញ៉ា​ទាំង​២​រូប​នេះ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​ ហើយ​អាច​បន្ត​កាន់​តំណែង​ក្នុង​មុខងារ​នយោបាយ​ទៀត​ផង​ក៏​ថា​បាន​ ៕​

ឧកញ៉ា​ដែល​មាន​តួនាទី​ជា​មេ​គយ​និង​រដ្ឋាករ​២​នាក់​ ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​

Related