ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ប្រ​ព័​ន្ធ​លូ​មេ​មុខកាត់​មួយ​ម៉ែត្រ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ​ដំណើរការ​ស្ថាបនាតាំងពី​ថ្ងៃ​ទី​១០ ​កុម្ភៈ ២០១៦ នៅ​លើ​កំណាត់​មហាវិថី​សហ​ព័​ន្ធ​រុ​ស្ស៊ី​ដែល​មក​ដល់​ពេល​នេះ​​សម្រេច​​បាន​ប្រមាណ​២០%​ហើយ​ ។

លោក ​ណេ​ប សា​វី ប្រធាន​ក្រុមហ៊ុន​GIGB ​ម៉ៅ​ការ​​បាន​ឲ្យ​ដឹង​ថា ​ពេល​នេះ​ក្រុមហ៊ុន​របស់​លោក​​​បាន​សិក្សា​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​សៀង​ហៃ ប្រទេស​ចិន​ ពី​ផល​ប៉ះពាល់​នៃ​ការ​ស្ថាបនា​ប្រ​ព័​ន្ធ​លូ​មេនេះ ស្របគ្នា​នឹង​ក្រុមហ៊ុនសៀង​ហៃ​ គ្រោង​នឹង​ដំណើរការ​សាងសង់​ស្ពាន​អាកាស​មួយ​ថ្មី​ទៀត​នៅ​ចំណុច​ស្តុ​ប​ដី​ហុយ កែង​​​មហាវិថី​សហ​ព័​ន្ធ​រុ​ស្ស៊ី​ដែល​មាន​ជើងទេរ​ប្រវែង​៤៧០​ម៉ែត្រ ហើយ​ក្នុង​ដំណើរការ​ស្ថាបនា​ប្រ​ព័​ន្ធ​លូ​នេះ ក៏​មាន​ជួប​ការ​លំបាក​មួយ​ចំនួន​ ដូច​ជា​​ ប៉ះពាល់ ជាមួយ​បង្គោល​ភ្លើង​ ដើមឈើ​ ​ប្រ​ព័​ន្ធ​ខ្សែកាប​ក្រោម​ដី​ ​ប្រ​ព័​ន្ធ​ទឹក​ស្អាត​ ​សំ​យាប​ផ្ទះ របង​ផ្ទះ ចំណតរថយន្ត​ក្រុង​ជាដើម ។ ​ប៉ុន្តែ​ផល​ប៉ះពាល់​មួយ​ចំនួន​ធំ​ត្រូវ​បាន​ដោះស្រាយ អាស្រ័យ​ដោយ​អង្គភាព​សាមី ក៏​ដូច​អាជ្ញាធរ​ដែនដី​ពាក់​ព័​ន្ធ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​ក្រុមហ៊ុន ធ្វើ​ឲ្យ​ដំណើរការ​ស្ថាបនា​ប្រ​ព័ន្ធលូ​ប្រព្រឹត្ត​ទៅ​ដោយរ​លួ​ន​ ។​ ហើយ​ប្រ​ព័​ន្ធលូ​មួយ​ខ្សែ​នេះ​ មាន​ប្រវែង​១.៨០៧​ម៉ែត្រ មុខកាត់​១​ម៉ែត្រ​ នឹង​គ្រោង​ស្ថាបនា​ឲ្យ​បាន​រួចរាល់​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ។

គួរ​រំឭក​​ថា កន្លង​មក​មហាវិថី​សហ​ព័​ន្ធ​រុ​ស្ស៊ី​តែង​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ ដោយ​ខ្វះ​ប្រ​ព័​ន្ធ​លូ ហើយ​លូ​១​ចំនួន​នៅ​អម​ផ្លូវត្រូវ​បាន​ប្រជាពលរដ្ឋ​តាម​ផ្ទះ​រៀប​ដោយ​ខ្លួនឯង​ពុំ​ស្រប​តាម​បច្ចេកទេស កន្លែង​ខ្លះ​តូច​​ កន្លែង​ខ្លះ​ធំ​ និង​ដាច់​ជា​កង់​ៗ ។ ​មហាវិថី​សហ​ព័​ន្ធ​រុ​ស្ស៊ី ជា​ផ្លូវ​សំខាន់ ជា​កន្លែង​ឆ្លងកាត់​របស់ប្រតិភូ ក៏​ដូច​ភ្ញៀវ​ទេសចរ​​ទាំង​ក្នុង​និង​​ក្រៅប្រទេស ​ដែល​សាលា​រាជធានី​ភ្នំពេញ​ចាំបាច់ត្រូវ​តែ​រៀបចំ​កែ​​លម្អ​ប្រ​ព័​ន្ធលូ និង​ផ្លូវ​ឲ្យ​បាន​ល្អ​ប្រសើរ ​ដើម្បី​​មុខមាត់​របស់​ប្រទេស​ជាតិ និង​មុខមាត់​រាជធានី​ភ្នំពេញ​ផង​ដែរ ៕