ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង​១០ និង​៤៥នាទី​​​ព្រឹកថ្ងៃទី​២៤ កុម្ភៈ ២០១៦ ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​មហាចក្រី​ សិរិនថន បាន​យាង​​អញ្ជើញ​​មក​ដល់​សាលា​បឋម​សិក្សា​ពន្លៃ ដែលស្ថិត​នៅក្នុងភូមិពន្លៃ ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ។

ក្នុង​ដំណើរ​យាង​ទស្សនកិច្ច​របស់ព្រះ​ អង្គ​ម្ចាស់​ក្សត្រិយ៍​ មហាចក្រី​សិរិនថន នៃព្រះរាជណាចក្រថៃ​នេះ មានគោលបំណង​យាងមក​​ពិនិត្យ​សមិទ្ធផល​នានា ដែលព្រះ​អង្គ​បាន​ជួយ​ឧបត្ថម្ភ ។ សកម្មភាពទី១​-ព្រះអង្គ​ម្ចាស់​បានពិនិត្យ​ទីចាត់ការ​ និងរបាយការណ៍​​របស់​នាយក​សាលា​បឋមសិក្សា​​ពន្លៃ សកម្មភាពទី២-ពិនិត្យ​មើលវិធី​លាងដៃ​របស់​ក្មួយៗ​សិស្សានុសិស្ស ។ សកម្មភាពទី៣-​យាង​ចូល​ត្រួត​ពិនិត្យ​បណ្ណាល័យ​សិក្សា ។ សកម្មភាពទី៤-​ចុះពិនិត្យ​​បន្ទប់​សុខភាព​សម្រាប់​សិស្ស ។ ​សកម្មភាព​ទី៥-ការ​យាង​ចូល​មើល​ការ​បង្រៀន​របស់​លោកគ្រូ​ អ្នកគ្រូ និងការ​រៀនសូត្រ​របស់​ក្មួយ​ៗជាសិស្សា​នុសិស្ស​​ ដែល​កំពុង​រៀន​នៅ​តាមថ្នាក់​ទី១-២-៣-៤​។ សកម្ម​ទី៦-​ការយាង​អញ្ជើញ​​ដាំ​កូនឈើ​ចំនួន២ដើម (គ្រញូង)​ទុក​ជានិមិត្ត​រូប​ រួចក៏យាង​ឡើងឧទ្ធម្ភាគ​ចក្រ​វិល​ត្រឡប់​ទៅវិញ ។

សូមបញ្ជាក់ថា ក្នុង​ដំណើរ​យាងទស្សនកិច្ច​របស់ព្រះ​អង្គ​ម្ចាស់ក្សត្រិយ៍​មហាចក្រី​ សិរិនថន រយៈ​ពេល​ជាង​១ម៉ោង​កន្លះនេះ ព្រះ​អង្គ​ក្សត្រិយ៍ពុំ​បានថ្លែងសារទៅ​កាន់​អាជ្ញា​ធ​រដែនដី​មានមេភូមិ មេឃុំ អភិបាល​ស្រុក រហូតដល់អភិបាលខេត្ត​​ ដែលបានអញ្ជើញ​មក​ ដើម្បី​ស្វាគមន៍​យ៉ាងរាក់ទាក់​ និងអធិកអធមនោះទេ ។

ព្រះអង្គ​ ម្ចាស់ក្សត្រិយ៍​គ្រាន់តែ​យាងទតមើលនូវ​សមិទ្ធផល​នានា ដែលកើត​មាន​នៅក្នុង​សាលាបឋមសិក្សា​ពន្លៃ និងស្តាប់​របាយ​ការណ៍​របស់នាយក​សាលាបឋមសិក្សា​ពន្លៃតែប៉ុណ្ណោះ ដោយពុំ​មាន​សន្យាអ្វី​ទេ ។