ពលរដ្ឋ​ខ្មែរ​ភាគតិច​ណាស់ ដែល​មាន​ទម្លាប់​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​

ពលរដ្ឋ​ខ្មែរ​ភាគតិច​ណាស់ ដែល​មាន​ទម្លាប់​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​

វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។ មាន​ការរីកចម្រើន យើង​អាច​ឃើញ​បាន​តាមរយៈ ការផ្តល់​សេវា​ពិនិត្យ​សុខភាព ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស អាចនិយាយបាន​ថា ចម្ងាយ​មិន​ដល់​មួយ ឬ​ពីរ​គីឡូម៉ែត្រ​ផង អាច​នឹង​មាន​មណ្ឌល​សុខភាព ឬ​គ្លីនិក​ឯកជន​ហើយ​។ បើ​និយាយ​អំពី បុគ្គលិក​សុខាភិបាល​វិញ ពួកគេ​ក៏​បាន​អភិវឌ្ឍ​ចំណេះដឹង និង​វិធី​ព្យាបាល ព្រមទាំង​នាំចូល​សម្ភារៈ​បរិក្ខា​រ​វេជ្ជសាស្ត្រ មិន​ចាញ់​ប្រទេសជិតខាង​ឡើយ​។​

​ទោះបីជា​យ៉ាងនេះក្តី មាន​ប្រជាពលរដ្ឋ​តិច​ណាស់ ដែល​មាន​ទម្លាប់​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ខែ ឬ​ប្រចាំឆ្នាំ​។ មិន​មាន​ទម្លាប់​បែបនេះ អាច​ដោយសារតែ​មូលហេតុ​ធំ ២ យ៉ាង​។​

​មូលហេតុ​ទី ១ គឺ​កង្វះ​ថវិការ ដែល​វា​ជា​បញ្ហា​មួយ ពិបាក​នឹង​ដោះស្រាយ​ណាស់​។ ពលរដ្ឋ​មួយចំនួន មិន​មាន​ផង នូវ​ប្រាក់​សម្រាប់​ព្យាបាល ពេល​ឈឺ​ម្តងៗ ចុះ​ទម្រាំ​ដល់​ចំណាយ​លុយ ដើម្បី​ពិនិត្យ​សុខភាព​ទៀត​នោះ ពួកគេ​ធ្វើ​ម៉េច អាចទៅរួច​?

​មូលហេតុ​ទី ២ គឺ​កង្វះ​ចំណេះដឹង និង​ការអាន​។ ជា​ការពិត​ណាស់ ពលរដ្ឋ​ខ្មែរ​ភាគច្រើន មិនសូវ​ចូលចិត្ត​ការអាន​នោះទេ ហើយ​បើ​អាន ក៏​ចូល​ចិត្ត​អត្ថបទ​បែប​កំសាន្ត​សប្បាយ ឬអ្វី​ដែល​ប្លែក​ដែរ​។ ដូច្នេះហើយ ទើប​ពួកគេ មិន​សូវ​យល់​នូវ​ពាក្យ​ថា “​ពិនិត្យ​សុខភាព​ជា​ប្រចាំ​” ហើយ​មិន​ចង់​ចំណាយ​ថវិការ ទៅលើ​រឿង​ទាំងនោះ​ដែរ​។ មិន​ចង់​ចំណាយលុយ ដោយហេតុ​ថា ពួកគេ​មិន​យល់ និង​មិនដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការពិនិត្យ​សុខភាព​ជា​ប្រចាំ​នោះទេ​។​

​តើ​ការពិនិត្យ​សុខភាព​ជា​ប្រចាំ មាន​សារៈប្រយោជន៍​អ្វី​ខ្លះ​ទៅ បានជា​គេហទំព័រ​សុខភាព www.health.com.kh ឧស្សាហ៍​លើក​យក​វា មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ម្លេះ​?

សារប្រយោជន៍​មាន​ច្រើន ៖
​អ្នក​អាច​ដឹង​អំពី សុខភាព​របស់​ខ្លួនឯង ថា​តើ​មាន​សុខភាព​ល្អ ឬ​មិន​ល្អ និង​ជំងឺ​ដែល​ខ្លួន​ឯង កំពុង​ប្រឈមមុខ ហើយ​ស្វែងរក​វិធី​ការពារ​ទុកជាមុន​។​ ពេលខ្លះ ជំងឺ​មួយ​ចំនួន មិន​បញ្ចេញ​រោគសញ្ញា​ជាក់លាក់​នោះទេ ដូច្នេះ បើ​អ្នក​មិន​ពិនិត្យ អ្នក​នឹង​មិន​ដឹង​ទេ​ថា អ្នក​កំពុងតែ​ផ្ទុក​ជំងឺ​នេះ ហើយ​វា​នឹង​កាន់តែ​ធ្ងន់​ទៅៗ​។ ជាក់ស្តែង ជំងឺមហារីក ភាគច្រើន ត្រូវបាន​គេ​រកឃើញ នៅក្នុង​ដំណាក់​ចុងក្រោយ ឬ​ហួសពេល​ទៅហើយ ដែល​ធ្វើឲ្យ​អ្នកជំងឺ ទទួលរង​ការឈឺ​ចុកចាប់ និង​រង់ចាំ​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​។​

​ពាក្យចាស់​ពោល​ថា អាយុ​កាន់តែ​ចាស់ ជំងឺ​កាន់តែ​ច្រើន ហើយ​វា​ពិតជា​មិន​ខុស​នោះ​ទេ​។ ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺ​តម្រងនោម ជំងឺ​សរសៃឈាម​បេះដូង ... ទាមទារ​ការ​មើលថែទាំ និង​យកចិត្តទុកដាក់​ជាពិសេស រៀងរាល់ខែ​។ ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ជំនាញ ឲ្យបាន​ជាប់លាប់​។​

ជា​យោបល់​ចុងក្រោយ របស់​គេហទំព័​រសុខ​ភាព យើងខ្ញុំ​សូម​លើកទឹកចិត្ត ជម្រុញ និង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប គួរតែ​ចាប់ផ្តើម​មាន​ទម្លាប់ ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ឲ្យបាន​យ៉ាងហោច​ណាស់ ៦ ខែ ឬ​មួយ​ឆ្នាំ​ម្តង​។​
​សុខភាព ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត សម្រាប់​លោក​អ្នក​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។