លោក ថាក់ស៊ីន ថារបបយោធាថៃ ពិតជាគ្រោះថ្នាក់ បើគ្មានរដ្ឋធម្មនុញ្ញ ជាប្រជាធិបតេយ្យ

បាងកក៖ អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ នៅតែបន្ដសរសេរវាយប្រហារលើប្រព័ន្ធ ផ្សព្វផ្សាយ របស់លោក ដោយព្រមានថា វាពិតជា គ្រោះថ្នាក់ណាស់ ប្រសិនបើនៅតែបន្ដ របបយោធានេះ ហើយគ្មានប្រព័ន្ធ រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនោះ។

ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា បានបិទមិនឲ្យមាន ការរិះគន់ និងទាមទារឲ្យមានកិច្ចពិភាក្សា ដោយលើកឡើងថា អតីតនាយករដ្ឋមន្រ្តីនិរទេសខ្លួននោះ គួរតែមកនិយាយគ្នា ជាមួយសមត្ថកិច្ច។

ក្រោយពីមានការវាយប្រហារ ជាច្រើនពីបរទេស របស់លោក ថាក់ស៊ីន ខណៈនេះរដ្ឋមន្រ្តីការបរទេសថៃ បានប្រកាសច្បាប់ថ្មីមួយ ដើម្បីកាត់បន្ថយចំនួន នៃប្រព័ន្ធ ផ្សព្វផ្សាយបរទេស ដែលមានមូលដ្ឋាននៅ ប្រទេសថៃ ដោយបានអះអាងថា “មនុស្សជាច្រើនមិនមែន ជាអ្នករាយការណ៍ពិតប្រាកដ” ហើយការរាយការណ៍ខុស របស់ពួកគេ បណ្ដាលឲ្យសង្គមយល់ច្រឡំ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងភ្នាក់ងារ ព័ត៌មាន Reuters នៅប្រទេសសិង្ហបុរី អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន បានរិះគន់ថា រដ្ឋាភិបាលថៃខ្វះ ចក្ខុវិស័យ និង ទេពកោសល្យ។ លោកបានបញ្ជាក់ យ៉ាងច្បាស់ថា “នោះជារដ្ឋាភិបាល មួយគ្មានសេរីភាព និងគ្មានទេពកោសល្យ ដើម្បីជំរុញសេដ្ឋកិច្ច ហើយមិនអាចឈរ បានយូរនោះទេ ថែមទាំងសេដ្ឋកិច្ច យ៉ាប់យ៉ឺនយូរអង្វែង គឺនៅទីនោះហើយ”៕

លោក ថាក់ស៊ីន ថារបបយោធាថៃ ពិតជាគ្រោះថ្នាក់ បើគ្មានរដ្ឋធម្មនុញ្ញ ជាប្រជាធិបតេយ្យ