ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ គណបក្សខ្មែរ រូបរួមជាតិ របស់ លោក ញឹក ប៊ុនឆៃ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានប្រកាសទទួល ស្គាល់គណបក្ស ខ្មែររូបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ដែលបែកចេញពីគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការហើយ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងបានទទួលរួចហើយ នៅសំណុំឯកសារសុំបង្កើត គណបក្សខ្មែររូបរួមជាតិ (ខ.រ.ជ) ដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាល នៅផ្ទះលេខ១២៥F ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសាម៉ីគណបក្ស បានបំពេញ លក្ខខណ្ឌស្របតាមការកំណត់ដូចមានចែងក្នុងជំពូក២ ត្រង់មាត្រា៩ នៃច្បាប់ស្ដីពីគណបក្សនយោបាយ"។

គួរបញ្ជាក់ថា  លោក ញឹក ប៊ុនឆៃ ដែលគេស្គាល់ច្បាស់ថា ជាមនុស្សម្នាក់ដែលសាវតាបានចូលរួមយ៉ាងសកម្ម  ក្នុងចលនាតស៊ូរំដោះជាតិ និងជាអ្នកដែលបានផ្តួចផ្តើមគំនិត ក្នុងការបង្កើតចលនាហ៊្វុនស៊ិនប៉ិច នៅតាមជំរុំជាយ ដែនកម្ពុជា-ថៃ ព្រមទាំងបានដង្ហែតាមសម្តេចឪ សម្តេចតា ជាយូរឆ្នាំមកហើយនោះ   កាលពីថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦បានសម្រេចចិត្តដើរចេញពីគណបក្សហ៊ុនស៊ិនប៉ិចមកបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សខ្មែររូបរួមជាតិ៕