Van Gaal ត្រៀម​ស្តារ​​​ឈ្មោះ​ក្នុង​ក្របខណ្ឌ​ Europa League ឡើងវិញ

លោក Louis van Gaal ទទូចថា Manchester United នៅតែមាន​ឱកាស​ច្រើន សម្រាប់​រដូវកាល​នេះ ខណៈ​ពួកគេ​កំពុង​ត្រៀម​ប្រកួត ស្លាប់រស់ជាមួយក្រុម Midtjylland ​​ជើងទីពីរក្នុងក្របខណ្ឌ Europa League។

manuកាលពីថ្ងៃចន្ទ Man U បានស្តារមុខមាត់ឡើងវិញបន្តិច បន្ទាប់ពីបាន​យកជ័យ​ជម្នះ​លើ​ក្រុម Shrewberry យ៉ាង​ងាយ​ស្រួល​ក្នុង​លទ្ធផល ៣-០ សម្រាប់​កៅអីមួយ ទៅ​ជួបញញួរធំ West Ham United ក្នុងក្របខណ្ឌ FA Cup វគ្គ​ ១/៤ ​ផ្តាច់ព្រ័ត្រ។ បច្ចុប្បន្ន លោក Van Gaal ចាប់​ផ្តើម​រៀបចំកីឡាករ​របស់​លោក​សម្រាប់​ជំនួប​ដ៏​សំខាន់ជាមួយ​នឹង​ក្រុមភ្ញៀវ Midtjylland នារាត្រី​ថ្ងៃ ព្រហស្បតិ៍ ខណៈ​ដែល​ពួក​គេ​កំពុង​​​ព្យាយាមលុបលាងភាព​អាម៉ាស​ ក្រោយ​​ពី​ទទួល​បរាជ័យ​ក្រោម​ស្នាដៃ​របស់​ក្រុម​នេះ នៅ​ប្រទេស ដាណឺម៉ាក​ ក្នុងលទ្ធផល ២-១ កាល​ពីថ្ងៃសៅរ៍​សប្តាហ៍មុន​។

អនាគត​របស់លោក ​Van Gaal ជាមួយ​នឹង​ក្លិប​បិសាច​ក្រហម​នៅ​តែ​ពុំ​ទាន់​មាន​អ្វី​ដែល​ប្រាកដប្រជានៅឡើយ ហើយ​រូប​លោកក៏បានសារភាពថា ការប្រកួតជាមួយ Midtjylland នៅកីឡដ្ឋាន Old Trafford នេះជាមួយ​ឳកាស​ដ៏សំខាន់។ គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះ​បាន​ថ្លែងថា៖ «ការប្រកួត​នេះ បើតាម​យោបល់​របស់ខ្ញុំ គឺជាការប្រកួត​ដ៏សំខាន់ ព្រោះវាគឺ​ជាឱកាសមួយ​សម្រាប់​យើង​ ដើម្បី​បាន​ចូលលេង​ក្នុងក្របខណ្ឌ​ Champions League នា​រដូវកាល​ក្រោយ [តាមរយៈការ​ឈ្នះពានរង្វាន់ Europa League]។ ទោះជាយ៉ាងណា យើងក៏​ត្រូវ​លេង​ឈ្នះ​ឲ្យ​បាន​ច្រើន​ប្រកួត។ ការធ្វើវា​មិន​មែន​ចេះ​តែ​ស្រួល​ដូចការ​និយាយ ក៏ប៉ុន្តែ​វា​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ ហើយ​យើង​នឹង​រង់ចាំមើល »។

Man U អាចនឹងដាក់អ្នកចាំទីជម្រើសទីមួយ David de Gea នាប្រកួតស្អែកនេះ បន្ទាប់កីឡាករនេះ ទទួល​រង​របួស​នៅពេល​កម្តៅ​សាច់ដុំ និងខកខាន​ពុំ​បាន​ចូលលេងក្នុង​ប្រកួត​ជុំ​ទីមួយ​ជាមួយ Midtjylland ខណៈ​កីឡាករ​សំខាន់​មួយចំនួនដូចជា ប្រធានក្រុម Wayne Rooney, Darmian, Fellaini, Adnan Januzaj, Phil Jones, Ashley Young, Marco Rojo, Valencia និង Schweinsteiger កំពុងសម្រាកព្យាបាលរបួស៕