ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖​ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​​ជនសង្ស័យម្នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​នៅប៉ុន្មានម៉ោងក្រោយ​ធ្វើសកម្មភាពភ្ជង់ប្លន់ស្រ្តី​អាជីវករ​​ម្នាក់នៅក្រុងប៉ោយប៉ែតកាលពីព្រឹកមិញ​ ។ យ៉ាងណាក៍ដោយ​ សមត្ថកិច្ចនៅមិនទាន់​បា្រប់ពីអត្តសញ្ញាណនៅឡើយ ។

គួររំលឹកថា ​អាជីវករលក់គ្រឿងអលង្ការនិង​ដូរលុយនៅផ្សាររ៉ាថ្មី ​​ស្ថិតក្នុងក្រុងប៉ោយប៉ែត បានត្រូវចោរពីរនាក់​ជិះម៉ូតូC125​ ​ប្រដាប់ដោយអាវុធខ្លី២ដើម ​​បានភ្ជង់ប្លន់យកកាបូប​ដាក់គ្រឿង​អលង្ការ​និងលុយ​​ ខណៈជនរងគ្រោះជិះម៉ូតូ ​Scoopy ​ឌុបកូនស្រី​​ ចេញពីផ្ទះគោលបំណង​ទៅលក់ដូរនៅផ្សារ ។

ហេតុការណ៍នេះ​​ ​បានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃតី២៤​ ​កុម្ភៈ ២០១៦ ​​នៅចំណុចមុខស្នាក់ការ​​សង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត ។

សេចក្តីរាយការណ៍បានបន្តថា​​ ស្រ្តីរងគ្រោះឈ្មោះ សយ សុផាន់ ​អាយុ៤៥ឆ្នាំ​ កូនស្រីឈ្មោះ រ័ត្ន វិច្ឆិកា​ ​និងប្តីឈ្មោះ ចំរើន សែ​ អាយុ៥០ឆ្នាំ ​​ជាគ្រូពេទ្យនៅមណ្ឌល​សុខភាព​ក្រុងប៉ោយប៉ែត ។

នៅក្នុងអំពើប្លន់មិនរំខាន​​សមត្ថកិច្ចក្រុងប៉ោយប៉ែតនេះ​​ ក្រុមចោរបានយកគ្រឿងអលង្ការ​និង​លុយជាច្រើនសន្ឋឹកសន្ឋាប់រួមមាន៖​ ​ចិញ្ចៀន ៨០វង់​ ​ក្នុង១វង់តម្លៃចាប់ពី ​២០០០​ទៅ៥០០០បាត​លុយ​ថៃ ខ្សែ.កតូចធំ​ ៨០ខ្សែ ​ដែលខ្សែ.កធំ​តម្លៃចាប់ពី៣០០០​ទៅ១ម៉ឺនបាត ​​គ្រឿងបញ្ចំាមួយចំនួន ​ លុយខ្មែរ២លានរៀល​ ​លុយបាត១០ម៉ឺនបាត​ ​និង ​លុយដុល្លារ៣០០០ដុល្លារ ។

ដោយឡែកពាក់ព័ន្ឋនឹងការដេញ​ចាប់រថយន្តកាមរីបាឡែនមួយគ្រឿង​ បង្កឲ្យមានការភ្ញាក់ផ្អើលនៅកណ្តាល​ក្រុងប៉ោយប៉ែតនៅរសៀលថ្ងៃ​ពុធដដែលនេះ​ បើតាមសមត្ថកិច្ច ជនសង្ស័យ២នាក់​ដែលចាប់ខ្លួននេះ​ ​ពាក់ព័ន្ឋនឹងការបើករថយន្តបុកគេ​ រួចបើករត់​ មិនពាក់ព័ន្ឋនឹងអំពើប្លន់​កាលពីព្រឹកមិញទេ ៕