ក្រសួងមហាផ្ទៃ សម្រេចទទួលយកពាក្យស្នើសុំ បង្កើតគណបក្ស ខ្មែររួបរួមជាតិ ជាផ្លូវការហើយ

ភ្នំពេញ:

នៅទីបំផុតក្រសួងមហាផ្ទៃ បានសម្រេចទទួលយកពាក្យស្នើសុំបង្កើតគណបក្ស ខ្មែររួបរួមជាតិ ជាផ្លូវការហើយ នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2016នេះ។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី24ខែកុម្ភៈ ជម្រាបជូនលោកញឹក ប៊ុនឆៃតំណាងស្ថាបនិកគណបក្ស ខ្មែររួបរួមជាតិ បានអោយដឹងថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនៅសំណុំឯកសារសុំបង្កើតគណបក្ស ខ្មែររួបរួមជាតិ ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ125F ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រាយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយសាម៉ីគណបក្សបានបំពេញលក្ខខណ្ឌស្របតាមការកំណត់ ដូចមានចែងក្នុងជំពូកទី2 ត្រង់មាត្រា9 នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដើម្បីទទួលបានសុពលភាពគណបក្ស ខ្មែររួបរួមជាតិត្រូវបំពេញបែបបទនិងលក្ខខណ្ឌ ដូចមានចែងក្នុងជំពូកទី5 ត្រង់មាត្រា20នៃច្បាប់ស្តីពីគណបក្សនយោបាយ។
សូមជម្រាបថា កាលពីថ្ងៃទី3 ខែកុម្ភៈឆ្នាំ2016 លោកញឹក ប៊ុនឆៃ តំណាងគណបក្ស ខ្មែររួបរួមជាតិ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ ដើម្បូចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ2017 និងការបោះឆ្នោតជ្រលសតាំងតំណាងរាស្ត្រ ឆ្នាំ2018។
លោកញឹក ប៊ុនឆៃ នឹងមន្ត្រីអតីតតស៊ូមួយចំនួនធំបានផ្តាច់ខ្លួនចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយសារតែមិនពេញចិត្តចំពោះការដឹកនាំរបស់សម្តេចក្រុមព្រះ ប្រកាន់បក្ខពួកគ្រួសារនិយម៕