បោះឆ្នោត​អាមេរិក​៖ ដូ​ណា​ល់​ត្រាំ ឈ្នះ​នៅ​រដ្ឋ Nevada

​សេដ្ឋី​អចលនទ្រព្យ និង​ជា​បេក្ខជន​នាំមុខគេ​ក្នុង​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​ទទួល​ជ័យជម្នះ​ទៀតហើយ​នៅក្នុង​ការបោះឆ្នោត​ក្នុង​បក្ស​នៅ​រដ្ឋ Nevada ថ្ងៃ​អង្គារ​ទី ២៣ ខែកុម្ភៈ​នេះ​។ ជ័យជម្នះ​ជា​បន្តបន្ទាប់​គ្នា​នេះ ជា​ក្តីសង្ឃឹម​មួយ​សម្រាប់​លោក ដែល​នឹង​អាច​ត្រូវ​បក្ស​ជ្រើសរើស​ឲ្យ​ធ្វើជា​បេក្ខជន​តំណាង​បក្ស​ពេល​បោះឆ្នោត​ប្រធានាធិបតី​ខាងមុខ​។

​លទ្ធផល​បោះឆ្នោត​ក្នុង​បក្ស​នៅ​រដ្ឋ Nevada បាន​បង្ហាញថា សេដ្ឋី​អចលនា​ទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ បានទទួល​ជ័យជម្នះ​ទៀត ហើយ​ជ័យជម្នះ​នេះ​បង្ហាញថា​លោក​អាចមាន​លទ្ធភាព​ខ្ពស់​ដើម្បី​ក្លាយជា​បេក្ខជន​តំណាង​បក្ស​ទៅ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ខាងមុខ​។ នេះ​ក៏ដោយ​សារ វា​ជា​ជ័យជម្នះ​លើក​ទី​បី ក្នុងការ​ប្រកួតប្រជែង​ក្នុង​បក្ស​នៅ​រដ្ឋ​ចំនួន​៤​កន្លងមក​។​

​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​រាប់ពាន់នាក់ លោក ដូ​ណា​ល់ ត្រាំ អះអាងថា​៖« យើង​កំពុង​ឈ្នះ ឈ្នះ នៅក្នុង​ប្រទេស ហើយ​នៅ​ឆាប់ៗ​ខាងមុខ​ប្រទេស​យើង​នឹង​ចាប់ផ្តើម​ឈ្នះ ឈ្នះ ឈ្នះ​ទៀត​»​។  

​ចំណែក​លោក Marco Rubio  និង​លោក Ted Cruz បានទទួល​សំឡេងគាំទ្រ​ច្រើន​ប្រហាក់ប្រហែលគ្នា​នៅ​លំដាប់​លេខ​រៀង​ទី​២ ។ អ្នក​ទាំងពីរ​ទាញ​បាន​សំឡេងគាំទ្រ​ច្រើន​ពី​ការសម្រេចចិត្ត​ដកខ្លួន​ពី​ការប្រកួតប្រជែង​របស់​អតីត​អភិបាលរដ្ឋ Florida លោក ចេ​ប ប៊ូ​ស (Jeb Bush) ។​

​យ៉ាងណាមិញ ជ័យជម្នះ​បន្តបន្ទាប់​របស់​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្លាយជា​ក្តីបារម្ភ​សម្រាប់​ប្រជាជន​មួយចំនួន ព្រោះ​គេ​ខ្លាច​ថា លោក​នឹង​អាច​ឈានទៅ​ឈ្នះ​តំណែង​ប្រធានាធិបតី​ទៀត​។ ភាគច្រើន​សេដ្ឋី​រូបនេះ​និយាយស្តី​មិនចេះ​គិត បង្កប់​អត្ថន័យ​ចម្រូងចម្រាស​រើសអើង​សាសនា និង​ពូជសាសន៍​ផង​។   កន្លងមក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ផងដែរ ដោយ​លោក​ព្រលយ​ពាក្យ​ថា ដូ​ណា​ល់ ត្រាំ នឹងមិន​អាច​បាន​តំណែង​ប្រធានាធិបតី​ឡើយ​៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​