ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សិប្បកម្ម​កែ​ច្នៃ​ប្រេងឆា ​និង​ខ្លាញ់​​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​បិទ​និង​ផ្អាក​សកម្មភាព កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ​កុម្ភ​: ​២០១៦ បន្ទាប់​ពី​មាន​ប្រតិ​កម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ព្រោះ​វា​បាន​បង្ក​ឱ្យ​​មាន​ផ្សែងហុយ​ចេញ​តាម​បំពង់ បង្ក​ផល​ប៉ះពាល់​បរិ​ស្ថាន និង​ការ​រស់នៅ​របស់​ពួក​គាត់​រាល់ថ្ងៃ​នោះ​ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ទីតាំង​កែ​ច្នៃ​ប្រេងឆា​ និង​ខ្លាញ់​ខាងលើ​នោះ បាន​ដំណើរការ​យូរ​ខែ​មក​ហើយ ​មាន​ថៅកែ​ជា​ជនជាតិ​
ចិន ។ ប្រជា​ពល​រដ្ឋ​បន្តថា ការ​ចម្រាញ់ខ្លាញ់​និង​ប្រេងឆា​​នោះ បាន​បង្ហុយផ្សែង​ខ្មៅ​​បំពុល​បរិ​យាកាសបរិស្ថានគ្រប់​បែប​​យ៉ាង​ជា​រៀង​រាល់ថ្ងៃ ។ ហើយ​ផ្សែង​ដែល​ហុយ​ចេញពី​បំពង់​​ឡ​នោះ មាន​ក្លិន​ឈ្ងៀម​ និង​ស្អុយ​យ៉ាង​អាក្រក់ ពិបាក​ទ្រាំ និង​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​អ្នក​រស់នៅ​ជុំវិញ​តំបន់​នោះ​មិន​ថា ​​មនុស្ស​ ថែម​​ទាំង​សត្វ​ផង​ដែរ ។

​សិប្បកម្ម​ខាងលើ​ បាន​បង្ក​ការ​ប៉ះពាល់​រាប់​ខែ​មក​ហើយ ក្រោយ​មាន​ប្រតិកម្ម​ពី​សំណាក់​ពួក​គាត់ ទើប​លោក​ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ពិនិត្យ​មើល និង​បាន​បិទ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន ។

បើ​តាម​កម្មករ​បម្រើ​ការងារ​នៅ​​ទីនោះ​បានឱ្យ​ដឹង​​ថា សិប្បកម្ម​ខាងលើ​ ផលិត​ប្រេងឆា​និង​ខ្លាញ់​ពី​ខ្លាញ់ត្រី និង​ជ្រូក ហើយ​មិន​មាន​ម៉ាក​​នោះ​ទេ ក្រោយ​ពេល​ផលិត​រួច​ច្រកចូល​ក្នុង​ប៊ីដុង ហើយ​មិន​បាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​​ចិន និង​មិន​បានដឹង​ថា អ្នកទិញ​យក​ទៅ​ធ្វើ​អ្វីខ្លះ​នោះ​ឡើយ ​។