ការផ្តល់ជំនួយ របស់EU មក គ.ជ.ប ជាការចូលរួម ចំណែកអភិវឌ្ឍលទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ៖ អ្នកនយោបាយទាំងស្រប និងប្រឆាំង រួមទាំងអ្នកវិភាគផងដែរនោះ សុទ្ធតែមើលឃើញថា ការសម្រេចផ្តល់ជំនួយចំនួន១០លានអឺរ៉ូ ពីសំណាក់សហភាពអឺរ៉ុប (EU) ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់រៀបចំដំណើរ ការបោះឆ្នោតខាងមុខ នេះគឺចូលរួមចំណែកអភិវឌ្ឍលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា និងបានឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនង របស់កម្ពុជា ជាមួយសហភាពអឺរ៉ុប ក្នុងការធ្វើឲ្យប្រសើឡើង នូវការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ ដែលមាន គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតថ្មីជាអ្នកគ្រប់គ្រង។

EU បានចុះ កិច្ចសន្យាផ្ដល់ជំនួយ ជាផ្លូវការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិ រញ្ញវត្ថុ ក្នុងការជួយជំនួយ ទាំងផ្នែកបច្ចេកទេស និងថវិកាប្រមាណ១០លានអឺរ៉ូ សម្រាប់ទិញសំភារៈ មធ្យោបាយសម្រាប់ ដំណើរការចុះឈ្មោះ បោះឆ្នោតតាមប្រព័ន្ធ បច្ចេកវិទ្យាកុំព្យូទ័រ ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ការផ្តល់ជំនួយពីសហភាពអឺរ៉ុបនេះ គឺជាការចូលរួមបង្កើត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេស ក៏បង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងEUផងដែរ។ ពោលគឺបង្ហាញថា គ្មានប្រទេសណាមួយ ផ្តាច់ជំនួយចេញពីកម្ពុជា ដូចការលើកឡើង របស់បក្សប្រឆាំងនោះឡើយ។

នៅពេលសួរថា តើតាមរយៈការផ្តល់ជំនួយដល់គ.ជ.ប.នេះ មកសហភាពអឺរ៉ុប មានជំនឿចិត្តលើគ.ជ.ប.ថ្មីឬយ៉ាងណានោះ ត្រូវបានលោក សុខ ឥសាន្ត ពន្យល់ថា នេះគឺជាការបង្ហាញពីជំនឿចិត្តមួយមកលើគ.ជ.បថ្មីនេះ ប៉ុន្តែយ៉ាងណាក៏ដោយ រឿងការអនុវត្តរបស់សមាជិកគ.ជ.បអព្យាក្រឹត្យ ឬមិនអព្យាក្រឹត្យអាស្រ័យលើ ការអនុវត្តច្បាប់របស់មន្រ្តីគ.ជ.ប. ថាត្រឹមត្រូវតាមច្បាប់ឬទេ?

លោកបន្តថា “កន្លងទៅមានអ្នករិះគន់ថា គ.ជ.ប.មិនត្រឹមត្រូវ តែឥឡូវយើងមានច្បាប់ជាគោលហើយ ចឹងទេគ.ជ.បមានច្បាប់ស្តីពីការរៀបចំ ការប្រព្រឹត្តិទៅរបស់គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ល។ ដោយតាមរយៈច្បាប់ទាំងនេះ យើងជឿថា គ.ជ.បថ្មីនេះ និងបំពេញកិច្ចការងាររបស់ខ្លួនបានល្អ ដូច្នោះគណបក្សនយោបាយទាំងអស់ ត្រូវតែទទួលយកលទ្ធផលបោះឆ្នោតទាំងអស់គ្នា”។

ដោយឡែកសម្រាប់លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិវិញ មើលឃើញថា ជំនួយរបស់សហភាពអឺរ៉ុបនៅពេលនេះ គឺជាការចូលរួមចំណែក យ៉ាងធំក្នុងការជួយជំរុញដល់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតថ្មីនេះ ឲ្យមានលទ្ធភាពក្នុងការធ្វើកិច្ចការងារ របស់ខ្លួនឲ្យកាន់តែឆាប់រហ័យពេញលេញ និងអព្យាក្រឹត្យ។

លោកបញ្ជាក់ថា “យើងសង្ឃឹមថា ការជួយជ្រោមជ្រែង ពីសំណាក់សហភាពអឺរ៉ុប និងជប៉ុននាពេលនេះ នឹងធ្វើឲ្យដំណើរការបោះឆ្នោត នៅកម្ពុជាមានភាពត្រឹមត្រូវយុត្តិធម៌ ហើយក៏សង្ឃឹមថា EU និងជប៉ុន នឹងបន្តផ្តល់ជំនួយជាសំភារៈ និងការបណ្តុះបណ្តាលផ្នែក បច្ចេកទេសបន្ថែមទៀតមកឲ្យគ.ជ.ប ពិសេសការប្រមូលទិន្ន័យបោះឆ្នោត បានទាន់ពេលវេលា”។

ជាមួយគ្នានេះលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ អភិវឌ្ឍន៍សង្គម បានលើកឡើងដែរថា នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា ខណៈដែលសហភាពអឺរ៉ុប និងជប៉ុនបានបន្តជួយជ្រោមជ្រែងដល់កម្ពុជា ទៅលើកិច្ចការងារបោះឆ្នោត ព្រោះកម្ពុជាត្រូវការចំណាយច្រើន ទៅលើកិច្ចការងារបោះឆ្នោតនេះ ពិសេសការអប់រំពលរដ្ឋឲ្យយល់ដឹង អំពីការបោះឆ្នោត។ជាមួយគ្នានេះ គេគួរតែបង្កើនអ្នកសង្កេតការឲ្យបានគ្រប់គ្រាន់ ពិសេសក្រុមអង្គការសង្គមស៊ីវិល ខណៈដែលកន្លងមក អ្នកសង្កេតការមកពីគណបក្ស នយោបាយជាដើម ដែលនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

លោកបន្ថែមថា “ជាទូទៅសហភាពអឺរ៉ុប និងជប៉ុនបានជួយដល់កម្ពុជា ជាយូរមកហើយ ហើយទុនទាំងនោះ បានជួយដល់កម្ពុជាយ៉ាងច្រើនលើកិច្ចការបោះឆ្នោត ប៉ុន្តែយ៉ាងណាក៏ដោយប្រសិនបើ យើងប្រើប្រាស់ថវិកាទាំងនោះ មិនចំគោលដៅ គឺមិនសូវជាបានការនោះទេ តែបើប្រើប្រាស់ចំគោលដៅវិញនោះ នឹងធ្វើឲ្យ កិច្ចការងារបោះឆ្នោត នៅកម្ពុជាមានតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌”។

សហភាពអឺរ៉ុប និងប្រទេសជប៉ុន បានអះអាងថា នឹងនៅបន្តជួយគាំទ្រ ដើម្បីធ្វើឲ្យមានជំនឿ លើដំណើរការកែទម្រង់ ការបោះឆ្នោតនៅកម្ពុជា សំរាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ២០១៨។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះគណៈកម្មាធិកាជាតិរៀបំការបោះឆ្នោត បានបំពេញកិច្ចការងាររបស់ខ្លួន ជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ការបោះឆ្នោតជ្រើស តាំងប្រធាន និងអនុប្រធាន គ.ជ.ប. ការចុះឈ្មោះសាកល្បង សម្រាប់បំរើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ការធ្វើសេចក្ដី ព្រាងបទបញ្ជា និងនីតិវិធីចុះ ឈ្មោះបោះឆ្នោតថ្មីជាដើម៕

ការផ្តល់ជំនួយ របស់EU មក គ.ជ.ប ជាការចូលរួម ចំណែកអភិវឌ្ឍលទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជា