Liverpool បន្ត​កុងត្រា​ឲ្យ​ខ្សែបម្រើ​កណ្តាល Stewart ដែល​ទើប​ឡើង​ជើង

កីឡាករ Kevin Stewart បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី ដែល​នឹង​រក្សា​​​ខ្សែបម្រើ​កណ្តាល​របស់​ហង្ស​ក្រហម Liverpool ដ៏​លេចធ្លោ​នេះ បន្ត​លេង​នៅ​កីឡដ្ឋាន Anfield រហូតដល់​ឆ្នាំ ២០២០។

liverpoolStewart វ័យ ២២ ឆ្នាំ ដែល​ទើបតែ​បានបង្ហាញ​ខ្លួន ៥ ដង​ប៉ុណ្ណោះ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Jurgen Klopp នៅ​រដូវ​កាល​នេះ បានធ្វើការ​បេ​ជ្ញា​ចំពោះ​​​អនាគត​ដ៏​វែងឆ្ងាយ​ជាមួយ​ក្លិប កាលពី​​ម្សិលមិញ នៅពេល Liverpool ផ្តល់​កិច្ចសន្យា​ឲ្យ ៤ ឆ្នាំ ជាមួយនឹង​ជម្រើស ដល់​ឆ្នាំ​ទី ៥ ទៀត។
ខ្សែបម្រើ​កណ្តាល​រូបនេះ បាន​ឆក់យក​ឳ​កាស​បង្ហាញ​ការចាប់អារម្មណ៍​ ឲ្យគេ​​ឃើញ នៅពេលដែល​គ្រូបង្វឹក Klopp កោះហៅ​រូបគេ ពី​ការខ្ចី​ជើង​រយៈពេល​​វែង ពី​ក្លិប Swindon Town។

ក្នុងការប្រកួត Liverpool ជាមួយ​ម្ចាស់ផ្ទះ Exeter City ក្នុង​ក្របខណ្ឌ FA Cup សប្តាហ៍​នេះ កីឡាករ Stewart បាន​ត្រូវរបួស​ក្នុងការ​ប្រកួត​នោះ។ បច្ចុប្បន្ន អតីត​អ្នកគាំទ្រ​ក្រុម Liverpool តាំងពី​វ័យក្មេង​នេះ កំពុង​សម្រាក​ព្យាបាល​របួស​សរសៃពួរ ដែល​រំពឹងថា នឹង​វិល​ត្រលប់​មកវិញ នៅ ៤-៥ សប្តាហ៍​ទៀត។ Kevin Stewart ដែល​ចាប់ផ្តើម​អាជីព​បាល់ទាត់​ជា​ខ្សែការពារ កាល​នៅ​លេង​ឲ្យ​យុវជន របស់​ក្លិប Tottenham Hotspur បាន​ចូល​លេង​ឲ្យ Liverpool នេះ​ជា​លើកដំបូង​ក្នុងការ​ប្រកួត FA Cup ជុំ​ទី៣ មុន​ពេល​ដែល​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ជុំ​ទី៤ ជាមួយ​ញញួរ​ធំ West Ham United កាល​ពី​ខែ​មុន៕