ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖ ស្ត្រី​វ័យ​ចំណាស់​ជា​ម្តាយក្មេក​បាន​រង​របួសធ្ងន់ បន្ទាប់​មក​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរ​ជ័យ​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​ត្រូវ​កូនប្រសារ​ប្រុស​វាយ ខណៈ​ពេល​ចូល​ទៅ​ឃាត់​ការ​ឈ្លោះ​គ្នា​រវាង​កូន​និង​កូនប្រសារ​រូប​នោះ ។

ហេតុការណ៍​ជម្លោះ​ប្តី​ប្រពន្ធ និង​វាយ​ម្តាយក្មេក​របួសធ្ងន់ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

មន្ត្រី​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រសារ​ប្រុស​ដែល​ជា​ជន​ដៃដល់​ឈ្មោះ ទ្រិ​ន ដូច អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ អ៊ុ ស្រី​អូន ចំណែក​ម្តាយក្មេក​រង​គ្រោះ​ឈ្មោះ សាក់ ញ៉ឹង អាយុ​៦៥​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

មន្ត្រី​នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣​កុម្ភ់ៈ ជនសង្ស័យ​និង​ប្រពន្ធ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ខណៈនោះ​ម្តាយក្មេក​ក៏​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា ស្រាប់តែ​ត្រូវ​កូនប្រសារ​វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កាលពី​វេលា​ទៀប​ភ្លឺ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់​ជា​កូនប្រសារ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរ​ជ័យ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕