ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទំ​រីង​បង្ក្រាប​បាន​គោ​យន្ត​ដឹកឈើ​អត់​ច្បាប់​របស់​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បង្ក្រាប​គោ​យន្ត​រកស៊ី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ខាងលើ​នេះ ប្រភព​ព័​ត៌​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​នេះ ត្រូវ​បាន​មហាជន​ស្គាល់ឈ្មោះ​យ៉ាង​ច្បាស់​ថា​ឈ្មោះ​សៅ សា​រិ​ទ្ធ ហៅ​ប៊ី ជា​នាយករង​សាលា​បឋម​សិក្សា​សណ្តាន់ ស្ថិត​ក្នុង​ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ។ ពលរដ្ឋ​បន្ត​ទៀត​ថា លោកគ្រូ​នាយករង​ជា​មេ​ឈ្មួញ​រកស៊ី​ព្រៃឈើ​អត់​ច្បាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​ម្តងណា​នោះ​ទេ ដោយសារ​តែ​បុគ្គល​នេះ​សំអាង​ខ្នង​លោក​ធំ​នៅ​ពីក្រោយ ហា​ឡើង​អធិការ​ស្រុក អាង​លោក​អភិបាលស្រុក​សណ្តាន់​តែ​ម្តង ។ ជាកស្តែង​រយៈពេល​កន្លង​មកនេះ គោ​យន្ត ដឹកឈើ​ខុសច្បាប់​របស់​លោក​សៅ សា​រិ​ទ្ធ ហៅ​ប៊ី ដឹកឈើ​ចេញ​ម្តង​ៗ​បួន​ប្រាំ​គ្រឿង សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​សុំ​លុយ​ទិញ​បារី​ជក់ និង​ទឹក​ផឹក ត្រូវ​បាន​លោក សៅ សា​រិ​ទ្ធ ហៅ​ប៊ី ប្រាប់​ថា ឲ្យ​សុំ​លោក​ចៅ​វាយ​ស្រុក​ទៅ ហើយ​ការ​បង្ក្រាប​នេះ​ទៀត បើ​មិន​មាន​សេចក្តីរាយការណ៍​ពី​ខាង​ក្រុម​អ្នក​សារព័ត៌មាន​ទេ​នោះ មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​គោ​យន្ត​គាត់​ឡើយ ។

លោក អ៊ុ​ន បត្ត អភិបាលស្រុក​សណ្តាន់ ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ថា លោក សៅ សារិ​ទ្ធ ហៅ​ប៊ី មិន​មាន​ជាប់សាច់​សារ​លោហិត​អី​នឹង​រូប​លោក​នោះ​ទេ ហើយ​គាត់​ក៏​មិនមែន​ជា​ឈ្មួញ​រកស៊ី​ឈើ​នោះ​ដែរ ដោយសារ​តែ​លោក​សៅ សា​រិ​ទ្ធ ហៅ​ប៊ី ស្គាល់​មិត្តភក្តិ​ច្រើន​បានជា​ប្រជាពលរដ្ឋ​ត្រូវការ​ដឹកឈើ​ធ្វើ​ផ្ទះ នាំ​គ្នា​រត់​មក​ពឹង​គ្រូ សៅ សា​រិ​ទ្ធ ហៅ​ប៊ី ឲ្យ​ជួយ ។

ចំណែក​លោក​សៅ សា​រិ​ទ្ធ ហៅ​ប៊ី បាន​បញ្ជាក់​ថា លោក​រកស៊ី​បន្តិចបន្តួច​ដោយសារ​តែ​ប្រជាពលរដ្ឋ​ចេះ​តែ​ពឹងពាក់​រូប​លោក ហើយ​រូប​លោក​ក៏​មិន​មាន​សំអាង​ខ្នង​អ្នកធំ​ណា​ម្នាក់​នោះ​ដែរ នៅ​ពេល​ដែល​គោ​យន្ត​របស់​លោក​ដឹក​ចេញ​ម្តង​ៗ លោក​តែងតែ​ចែករំលែក​បន្តិចបន្តួច​គ្រប់​ស្ថាប័ន​នៅ​តាម​ដងផ្លូវ នៅ​សល់​ប្រាក់​ចំណេញ​តិចតួច​សម្រាប់​ផ្គត់ផ្គង់​កង្វះខាត​នៅ​ក្នុង​ក្រុម​គ្រួសារ មិន​មានបាន​អី​ធំដុំ​នោះ​ទេ ។

លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ប្រាប់​ថា ចំពោះ​ករណី​ខាងលើ​នេះ ប្រ​សិន​ណា​ជា​ប្រជាពលរដ្ឋ​ដឹកឈើ​មក​ធ្វើ​ផ្ទះ​ពិតប្រាកដ​មែន លោក​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់ បើ​ចង់​ដឹក​ត្រូវ​សុំ​ច្បាប់​អនុញ្ញាតិ​ជា​មុន​សិន ក៏​ប៉ុន្តែ​បើសិនណា​ជា​របស់​ឈ្មួញ​ពិតប្រាកដ​នោះ គឺ​មិន​មាន​លើកលែង​នោះ​ឡើយ លោក​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​ទាំង​២​គោ​យន្ត​នោះ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ដែល​ដឹកនាំ​ដោយ​លោក ចាន់ មុន្នីនាថ នាយ​សង្កាត់​ផ្ទាល់។