នូវ សម្ផស្ស បង្ហើប​ពី​អាការៈ​អ្នក​ស្លាប់​ដោយ​សារ H1N1

នូវ សម្ផស្ស បង្ហើប​ពី​អាការៈ​អ្នក​ស្លាប់​ដោយ​សារ H1N1

នូវ សម្ផស្ស បង្ហើប​ពី​អាការៈ​អ្នក​ស្លាប់​ដោយ​សារ H1N1

លោក នូវ សម្ផស្ស ប្រធាន​ព័ត៌មាន​ នៃ​ស្ថានីយ​ទូរទស្សន៍ CTN បាន​បង្ហើប​ពី​ស្ថានភាព​​បុគ្គលិក​របស់​ខ្លួន ​ដែល​​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ H1N1 ថា លោក ឃុន ណូ គឺជា​ បុគ្គលិក​ម្នាក់​ដែល​មាន​សុខភាព​ល្អ​ ហើយ​ឧស្សាហ៍​ព្យាយាម​នឹង​ការងារ។ ប៉ុន្តែ ថ្ងៃ​មួយ​គាត់​បាន​ទៅ​ថត​ទិដ្ឋភាព​នៅ​ទំនប់​កប់​ស្រូវ ជាយ​រាជធានី ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​គាត់​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​នឹង​សុំ​ច្បាប់។

 

លោក សម្ផស្ស បាន​សម្រង់​សម្ដី​លោក ឃុន ណូ នៅ​ពេល​មុន​ស្លាប់​ថា៖ “ខ្ញុំ​ឈឺ​ក្បាល​ ក្ដៅ​ខ្លួន​ខ្លាំង”។ ក្រោយ​ពី​មាន​អាការៈ​បែប​នេះ លោក ឃុន ណូ បាន​ទៅ​ពិនិត្យ​ និង ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ​នៅ​ពេទ្យ​សម្ភព​ក្រុង ដោយ​គេ​រក​ឃើញ​ថា មាន​ជំងឺ​គ្រុន​ឈាម ដោយ​បាន​ដាក់​សេរ៉ូម បាន​២-៣ ថ្ងៃ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។

 

ប៉ុន្ដែ ក្នុង​អំឡុង​ពេល​ព្យាបាល​ ៣ ថ្ងៃ អាការៈ​ហាក់​មិន​ថមថយ លោក ឃុន ណូ បាន​សម្រេច​ចិត្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ អង្គរ​ធំ ហើយ​គេ​រក​ឃើញ​ថា មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង តម្រូវ​ឲ្យ​ដាក់​ អុកស៊ីហ្សែន។ នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​បាន​ព្យាបាល​រយៈពេល​ប្រហែល​ ២យប់ ៣ ថ្ងៃ ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ ដូច្នេះ ហើយ​គេ​បាន​រាយការណ៍​មក​ លោក នូវ​ សម្ផស្ស ហើយ​លោក​សម្ផស្ស​ បាន​សម្រេច​ចិត្ត​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្រោយ​ពី​ទទួល​ដំណឹង​ថា មាន​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​បារាំង​ដែល​មាន​ជំនាញ​ជួយ​ព្យាបាល។

 

នូវ សម្ផស្ស បង្ហើប​ពី​អាការៈ​អ្នក​ស្លាប់​ដោយ​សារ H1N1

លោក ឃុន ណូ​ ពេល​ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។ (រូបថត លោក​ នូវ​ សម្ផស្ស​ផ្ដល់​ឲ្យ​)

 

លោក នូវ សម្ផស្ស បាន​រៀបរាប់​ប្រាប់​ Sabay ទៀត​ថា នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​រុស្ស៊ី គេ​ទទួល​ស្គាល់​ថា លោក ឃុន ណូ មាន​ជំងឺ​រលាក​សួត​មែន។ ប៉ុន្តែ ក្រោយ​ពី​តាម​ដាន​ជំងឺ​ អស់​រយៈពេល ២យប់​៣ថ្ងៃ ខាង​គ្រូពេទ្យ​បារាំង​រក​ឃើញ​ថា លោក ឃុន ណូ មាន​ជំងឺ​មួយ​ទៀត​ដែល​គេ​សង្ស័យ​ថា H1N1 ដែល​រក​ឃើញ​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន។

 

ក្រោយ​ពី​រក​ឃើញ​ជំងឺ​ថ្មី​នេះ ​ខាង​គ្រូពេទ្យ​ខ្មែរ​ សហការ​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបារាំង​បាន​ខ្នះខ្នែង​ព្យាបាល​ទាំង​ជំងឺ​សួត​ផង និង ជំងឺ​ផ្ដាសាយ​ H1N1ផង ប៉ុន្តែ នៅ​តែ​មិន​អាច​ជួយ​បាន​ដែល​ធ្វើ​ឲ្យ​គាត់​ស្លាប់​។ លោក នូវ​ សម្ផស្ស និយាយ។

 

នូវ សម្ផស្ស បង្ហើប​ពី​អាការៈ​អ្នក​ស្លាប់​ដោយ​សារ H1N1

លោក ឃុន ណូ​ ពេល​ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។ (រូបថត លោក​ នូវ​ សម្ផស្ស​ផ្ដល់​ឲ្យ​)

 

 

នៅ​ពេល​សួរ​ថា ដើម​ហេតុ​ដំបូង​តើ​ លោក ឃុន ណូ បាន​ប៉ះពាល់​សត្វ​​ ឬ​ទៅ​ទី​ណា​ខ្លះ ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ H1N1? ចំពោះ​រឿង​ប៉ះពាល់​សត្វ​លោក​មិន​បាន​ដឹង​ទេ ប៉ុន្តែ គ្រាន់​តែ​ដឹង​ថា​ លោក ឃុន ណូ បាន​ទៅ​ថត​រូប​នៅ​ទំនប់​កប់​ស្រូវ ក្រោយ​មក​គាត់​ចាប់​ផ្ដើម​ឈឺ​រហូត​ ហើយ​ចំពោះ​ប្រវត្តិ​ការងារ​ គឺ​លោក​មាន​សុខភាព​ល្អ និង​ ជា​បុគ្គលិក​ម្នាក់​ឧស្សាហ៍​ព្យាយាម​នឹង​ការងារ។

 

លោក ឃុន ណូ អ្នក​បញ្ជាការ​កាមេរ៉ា​ថត​ ពីលើ​អាកាស (Drone) របស់​ស្ថានីយ៍ទូរទស្សន៍ CNC-CTN-My TV ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ស្លាប់​ដោយ​សារ​​កើត​ជំងឺ​ផ្ដាសាយ H1N1 ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ស្លាប់​​កាល​ពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៦ បន្ទាប់​ពី​រូប​គេ​បាន​ដេក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​អស់​ពេល​ជាច្រើន​ថ្ងៃ​មក។

 

លោក ឃុន ណូ ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន នៃ​សព ក្នុងភូមិ កល់​គម ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ (ជិត​ផ្សារ​ត្រាំកក់) ។ សព​នឹងត្រូវ​បូជា វេលា​ម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៦៕

 

 

សូមចុចអាន៖ ស្វែង​យល់​ពី​ជំងឺ​ផ្ដាសាយ H1N1

សូមចុចអាន៖ ក្លិប​អ្នកកាសែត​កម្ពុជា ចូលរួម​រំលែក​ទុក្ខ សមាជិក​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ H1N1

សូមចុចអាន៖ ហ៊ុយ វណ្ណៈ៖ បុគ្គលិក​ CTN-CNC-MyTV ពាក់​ម៉ាស​ការពារ​​ក្រោយ​​ពី​មិត្ត​​រួម​​ការងារ​​ស្លាប់​ដោយ ​H1N1

 

 

នូវ សម្ផស្ស បង្ហើប​ពី​អាការៈ​អ្នក​ស្លាប់​ដោយ​សារ H1N1