តុលាការ​ខេត្ត​មណ្ឌលគិរី​ទទួល​បាន​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ក្រុមហ៊ុន​ពីរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​មុខ​តាម​ផ្លូវ​តុលាការ ពាក់ព័ន្ធ​ពាក្យ​បណ្ដឹង​របស់​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​បាន​បញ្ចប់។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី សាទរ​ចំពោះ​វិធានការ​ផ្លូវ​ច្បាប់​នេះ។

មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី គ្រោង​កោះ​ហៅ​តំណាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ពីរ​មក​បំភ្លឺ ក្នុង​សំណុំ​រឿង​ស្តុក​ឈើ​ខុស​ច្បាប់ បន្ទាប់​ពី​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នេះ​មក​ស្ថាប័ន​អយ្យការ។

ពាក្យ​បណ្ដឹង​លើ​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​រួម​មាន ក្រុមហ៊ុន ប៊ិញ​ភឿក​១ (Bin Phuoek 1) និង​ក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ត្រី​រដ្ឋបាល​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នេះ។

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុងម៉េង បដិសេធ​មិន​អធិប្បាយ​ពិស្ដារ​ពាក់ព័ន្ធ​របាយការណ៍​ស៊ើប​អង្កេត​បទល្មើស​របស់​ក្រុមហ៊ុន​ទាំង​ពីរ ដែល​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើសព្រៃ​ឈើ បញ្ជូន​មក​នោះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ទាំង​ពីរ គឺ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​មន្ត្រី​ស្ថាប័ន​អយ្យការ បាន​ទទួល​ពាក្យ​បណ្ដឹង​ទាក់ទិន​ករណី​ស្តុក​ឈើ​ខុស​ច្បាប់។ លោក​បន្ត​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​អនុគ្រោះ​ចំពោះ​ករណី​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​ទេ៖ «»

កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ បាន​បញ្ជូន​របាយការណ៍​ករណី​បទល្មើស​ព្រៃ​ឈើ​ដែល​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះ ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​បាន​បញ្ចប់​បញ្ជី​សារពើភ័ណ្ឌ​មួយ​ចំនួន នៃ​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រោង​អារ​ឈើ ឃ្លាំង​ស្តុក​ឈើ និង​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​តំណាង​ក្រុមហ៊ុន ប៊ិញ​ភឿក​១ និង​ក្រុមហ៊ុន យូនី ហ្គ្រីន ដើម្បី​សុំ​បញ្ជាក់​ពី​ពាក្យ​បណ្ដឹង​លើ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

ទាក់ទិន​ករណី​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ប្រមាណ ៤​ពាន់​ម៉ែត្រ​គូប​នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​របស់​ក្រុមហ៊ុន ប៊ិញ​ភឿក​១។ ដោយឡែក​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន យូនី ហ្គ្រីន មន្ត្រី​ជំនាញ​មិន​ទាន់​បញ្ចប់​បញ្ជីសារពើភ័ណ្ឌ​អំពី​បរិមាណ​ឈើ​រក​ឃើញ​ក្នុង​ក្រុមហ៊ុន​នេះ​នៅ​ឡើយ៖ «»

កាល​ពី​ខែ​មុន (ខែ​មករា) គំនរ​ឈើ​ធំៗ​ជាច្រើន​នៅ​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន ប៊ិញ​ភឿក​១ និង​ក្រុមហ៊ុន​សម្បទាន​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ត្រូវ​បាន​អណ្ដាត​ភ្លើង​ឆាប​ឆេះ ដែល​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិត​នោះ​សង្ស័យ​ថា ត្រូវ​គេ​លួច​ដុត​ដើម្បី​បំបាត់​វត្ថុ​តាង​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​ករណី ខណៈ​ក្រុម​ការងារ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​រាជ​រដ្ឋាភិបាល កំពុង​ចាត់​វិធានការ​ក្តៅ​បង្ក្រាប​ករណី​នេះ​នៅ​ខេត្ត​ប៉ែក​ឦសាន។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី នៃ​សមាគម​អាដហុក (ADHOC) លោក សុក រដ្ឋា សាទរ​ចំពោះ​វិធានការ​ផ្លូវ​តុលាការ​នេះ ដើម្បី​កំណត់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ប្រព្រឹត្តិ​ល្មើស និង​អ្នក​ឃុបឃិត​នៅ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ។ លោក​កត់​សម្គាល់​ថា មិន​មែន​តែ​ព្រៃ​ឈើ​ដែល​ជា​ទ្រព្យ​សម្បត្តិ​ជាតិ​ទេ​ដែល​ត្រូវ​គេ​កាប់​បំផ្លាញ សូម្បី​ដើម​ឈើ​ផលិត​ជ័រ​ទឹក​មុខ​របរ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ក៏​ត្រូវ​គេ​កាប់​យក​អស់​គ្មាន​សល់ បើ​ទោះ​បី​ជា​សហគមន៍​បាន​ប្ដឹង​តវ៉ា​យ៉ាង​ណា​ក្តី៖ «»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុងម៉េង អះអាង​ថា នឹង​មាន​ពាក្យ​បណ្ដឹង​បន្ថែម​ទៀត នឹង​មក​ដល់​មន្ត្រី​ស្ថាប័ន​អយ្យការ ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត​មណ្ឌលគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។