ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​អំពី​ការ​កាប់​​ព្រៃឈើ​នៅ​សហគមន៍​ជាំពេន

ព្រៃឈើ​ទំហំ​ជិត ២.០០០​ហិកតារ ក្នុង​សហគមន៍​ជាំពេន នៅ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ ជាប់​គ្នា​នឹង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ កំពុង​ទទួលរង​ការ​កាប់​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​សូវ​យកចិត្តទុកដាក់​បង្ក្រាប​ទេ។ ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​បង្កើនផល បាន​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃឈើ​នៅ​ជិត​តំបន់​ពួកគេ​រស់​នៅ ហើយ​បាន​រួមគ្នា​ប្រឹងប្រែង​ការពារ​ដោយ​ខ្លួន​ឯង។

ប្រជាពលរដ្ឋ​នៅ​ភូមិ​បង្កើនផល នៃ​ឃុំ​រម្យទម ស្រុក​រវៀង កំពុង​រួមគ្នា​ដើរ​ល្បាត​ការពារ​ព្រៃឈើ​នៅ​តំបន់​ជាំពេន រយៈពេល​ជិត ២​សប្ដាហ៍​មក​ហើយ។

ការ​ចាត់​កម្លាំង​ល្បាត​ដើរ​ការពារ​ព្រៃ​ទំហំ​ជិត ២.០០០​ហិកតារ​នេះ គឺ​នៅ​ស្រប​ពេល​ដែល​មាន​មនុស្ស​មក​ពី​ស្រុក​ស្ទោង និង​ស្រុក​ប្រាសាទបល្ល័ង្គ ជា​ច្រើន​នាក់ តែង​លប​លួច​ចូល​កាប់​ឈើ ហើយ​ដឹក​ជញ្ជូន​យក​ទៅ​ជួញដូរ​ខុស​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ទេ។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ ភូមិ​បង្កើតផល គឺ​លោក រស់ លីន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ ថា​អ្នក​ភូមិ​របស់​លោក​បាន​ទទួល​ការពារ​ព្រៃ​ជាំពេន ទំហំ​ជិត ២.០០០​ហិកតារ តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ មក ក៏ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃឈើ​ដែល​ជាប់​គ្នា​នឹង​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ មួយ​នេះ កំពុង​មាន​មនុស្ស​មក​ពី​ខេត្ត​ផ្សេង​ចូល​លួច​កាប់​យក​ទៅ​លក់ដូរ​ខុស​ច្បាប់​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ។

តំណាង​សហគមន៍​ដដែល​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ប្រឹងប្រែង​ការពារ​ព្រៃឈើ​ទាំង​នេះ ដោយ​ខំ​ដើរ​ល្បាត ក៏ប៉ុន្តែ​បែរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​វិញ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​ចំពោះ​សកម្មភាព​កាប់​ឈើ​ទាំង​នោះ៖ «ពួក​កាប់​ឈើ​នៅ​តែ​រុករាន​បន្ត ប៉ុន្តែ​ដោយសារតែ​ពួក​ខ្ញុំ​ដេញ ដូចជា​ដេញ​មាន់​ស៊ី​ស្រូវ​អ៊ីចឹង។ ពួក​ហ្នឹង​មក​ពី​ស្រុក​ស្ទោង និង​ស្រុក​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ក្រុម​សហគមន៍​បាន​ចាប់​ខ្លួន​អ្នក​លួច​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ចំនួន ១០​នាក់ ព្រម​ទាំង​រទេះ​ដឹក​ឈើ​ចំនួន ២​គ្រឿង ដោយ​ពួកគេ​បាន​ត្រឹមតែ​ជូន​ដំណឹង​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រវៀង បាន​ដឹង ក៏ប៉ុន្តែ​មិន​ប្រគល់​អ្នក​កាប់​ឈើ​ទាំង​នោះ​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទេ គឺ​គេ​សុខ​ចិត្ត​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ដោយ​ខ្លួន​ឯង។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ស្រុក​រវៀង មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​រវៀង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​បទល្មើស​ព្រៃឈើ​នៅ​សហគមន៍​ជាំពេន​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រៃឈើ​នៅ​ជាំពេន គឺ​ពិត​ជា​កំពុង​ទទួល​រង​ការ​កាប់​យក​ទៅ​ជួញដូរ​ខុសច្បាប់​មែន។

លោក ឡោ ចាន់ បញ្ជាក់​ទៀត​ថា អ្នក​មាន​អំណាច និង​ឈ្មួញ​ខ្លះ នៅ​តែ​ជួល​មនុស្ស​ឱ្យ​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​សហគមន៍​បង្កើនផល ក៏ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​ជា​ច្រើន​ស្ថាប័ន​ដែល​នៅ​ទីនោះ​ហាក់​មាន​វិធានការ​បង្ក្រាប​សកម្មភាព​នោះ​តិចតួច៖ «គាត់​អស់​ជំនឿ​ទៅ​លើ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រវៀង ហើយ។ កាល​ពី​លើក​មុន​គាត់​ចាប់​បាន​ទាំង​អ្នក​កាប់​ឈើ ចាប់​បាន​ទាំង​វត្ថុតាង​បទល្មើស ប៉ុន្តែ​បែរ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដោះលែង​ទៅ​វិញ»

​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ សហគមន៍​ធ្លាប់​ព័ន្ធ​ចាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ចំនួន ៨​នាក់ ព្រមទាំង​រឹប​អូស​ឈើ ៥៣​ចម្រៀក គោយន្ត​ចំនួន ២​គ្រឿង និង​អាវុធ​ស្នាតេះ​ផង​យក​ទៅ​ប្រគល់​ជូន​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ក៏ប៉ុន្តែ ៣​ថ្ងៃ​ក្រោយ​មក មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​បាន​ដោះលែង​អ្នក​កាប់​ឈើ​ទាំង​នោះ ដោយ​មិន​បញ្ជូន​ទៅ​តុលាការ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​មិន​រាងចាល ហើយ​នៅតែ​លួច​ចូល​ទៅ​កាប់​ឈើ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។