ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ ស្ថានភាព​ខ្យល់​បក់​ពី​តិច​ទៅ​ច្រើន ចុះ​អ័ព្ទ​ផ្សែង​ពេល​យប់ និង​អាកាសធាតុ​ត្រជាក់​កំពុង​គ្របដណ្តប់​ពេញ​ផ្ទៃមេឃ​ក្នុង​ខេត្តមណ្ឌលគិរី ខណៈ​ដែល​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ត្រឹម​១៤​ ទៅ​១៦​អង្សា​សេ​នៅ​ពេល​យប់ និង​ឡើង​ខ្ពស់​បំផុត​ត្រឹមតែ​២០​ ទៅ​២២​អង្សា​សេ​នៅ​ពេល​ថ្ងៃត្រង់ ។ អាកាសធាតុ​បែប​នេះ​បាន​កើតឡើង​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ហើយ​តាំងពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​២៤​កុម្ភៈ​ និង​មិនដឹង​ថា បន្ត​ចុះ​ត្រជាក់​បែប​នេះ​ដល់​ថ្ងៃ​ណា​ទេ ខណៈ​​នៅ​តំបន់​មួយ​ចំនួន​បែរជា​មាន​សីតុណ្ហភាព​ក្តៅ​ជា​ធម្មតា ។

មនុស្ស​ចាស់ រួម​ទាំង​កុមារ​តូច​ៗ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ បាន​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ ។ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាន​ត្អូញត្អែរ​អំពី​ភាព​ត្រជាក់​នេះ​ថា វា​ពិតជា​ពិបាក​ក្នុង​ការ​រស់នៅ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ខ្យល់​បក់​លាយនឹង​ភាព​ត្រជាក់​ខ្លាំង ហើយ​ក្នុង​នោះ​មនុស្ស​ចាស់ និង​កុមារ​តូច​ៗ​តែងតែមាន​អាកា​រៈ​មិន​ស្រួល​ខ្លូ​ន ។ ហើយ​គេ​តែងតែ​ឃើញ​ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា​ចាស់​មិន​ថា​ក្មេង នាំ​គ្នា​ទៅ​ទិញ​សំលៀក​បំពាក់​ក្រាស់​ៗ​ដើម្បី​ស្លៀកពាក់​បន្ថយ​ភាព​ត្រជាក់​បាន​មួយ​កម្រិត ។

ប្រជាពលរដ្ឋ​បន្ត​ថា បើ​មើលទៅ​លើ​ឧបករណ៍​វាស់​សីតុណ្ហភាព គឺ​នៅ​ពេល​ថ្ងៃ​ភាព​ត្រជាក់​មាន​កម្រិត​ចាប់ពី​១៨ ទៅ​២៣​អង្សា​សេ ហើយ​នៅ​ពេល​យប់​ធ្លាក់​ដល់​១២ ទៅ​១៦​អង្សារ​សេ ឯណោះ ។ ចំណែក​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​និយម​មក​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ ដូច​ជា​ទឹកជ្រោះ​ប៊ូ​ស្រា​នោះ គឺ​ពូក​គាត់​ស្ទើរតែ​មិន​ហ៊ាន​ចុះ​ងូតទឹក​ជ្រោះ ឬ​ទឹកធ្លាក់​នានា​នោះ​ទេ ដោយសារ​ទឹក​មាន​ភាព​ត្រជាក់​ខ្លាំង​ពេក ។

ជុំវិញ​បញ្ហា​អាកាសធាតុ​ធ្លាក់​ចុះ​នេះ​ «​កោះសន្តិភាព​»​មិន​អាច​ទំនាក់ទំនង​ទៅ​លោក ខែ​ម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ទេ​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ ដោយឡែក​អត្រា​នៃ​ជន​រង​គ្រោះ​ដោយ​ភាព​ត្រជាក់​នេះ​នៅ​មិន​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​នៅឡើយ​ទេ ខណៈ​មន្ទីរ​សុខាភិបាល​ខេត្ត​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដូច​គ្នា ។ ជាមួយ​គ្នា​នេះ​ក៏​មានការ​សំណូមពរ​ពី​អាជ្ញាធរ​ផង​ដែរ​ថា ប្រសិនបើ​ភ្ញៀវ​ទេសចរ​ជាតិ ឬ​អន្តរជាតិ​មាន​ចំណាប់អារម្មណ៍​មក​កំសាន្ត​នៅ​ខេត្តមណ្ឌលគិរី សូមកុំ​ភ្លេច​ត្រៀម​នូវ​សំលៀក​បំពាក់​ក្រាស់​ៗ​មក​ផង ដើម្បី​កាត់​បន្ថយ​ភាព​ត្រជាក់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។

គួរ​បញ្ជាក់​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​ កន្លង​មក​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្ងឺ​ផ្ដាសាយ និង​ជម្ងឺ​ផ្លូវដង្ហើម បណ្ដាល​មក​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ក្នុង​រដូវប្រាំង​នា​ឆ្នាំ​នេះ ៕