សម្ដេចតេជោហ៊ុន សែន គាំទ្រការធ្វើសមយុទ្ធ រួមគ្នារវាងកងទ័ព ជើងទឹកកម្ពុជា ជាមួយកងទ័ព ជើងទឹកចិន

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីបានស្វាគមន៍ និងគាំទ្រនូវការធ្វើ សមយុទ្ធរួមគ្នា រវាងកងទ័ព ជើងទឹកម្ពុជា ជាមួយកងទ័ព ជើងទឹករបស់ចិន។ ការប្រកាសនូវការ គាំទ្រនេះ បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភនេះ បានអនុញ្ញាតឲ្យ លោករ៉ាម  យូម៉ាន់ជាំង (Radm Yu Manjiang) មេបញ្ជាការនាវាកងទ័ព រំដោះប្រជាជនចិន លេខ៥៧៣ ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

បន្ទាប់ពីជំនួបបានបញ្ចប់លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានថ្លែងប្រាប់ អ្នកសារព័ត៌មាន ថា លោករ៉ាម យូម៉ាន់ជាំង បានគោរពជម្រាបជូន សម្ដេចតេជោ ថា នៅថ្ងៃនេះកងទ័ពជើងទឹក របស់ចិននៅក្នុងនាវា ដែលចតនៅខេត្ដព្រះសីហនុ បានហ្វឹកហាត់ ជាមួយកងទ័ពជើងទឹក របស់កម្ពុជានៅលើគោក ហើយនៅថ្ងៃខានស្អែក នឹងមានការ ហ្វឹកហាត់នៅក្នុងទឹក។ លោករ៉ាម បានកោតសរសើរ ដល់កងទ័ពជើងទឹក របស់កម្ពុជាថា មានភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ ហើយថា កងទ័ពជើងទឹករបស់ចិន និងកងទ័ពជើងទឹក របស់កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្ដិការ ល្អលើគ្រប់វិស័យ នាពេលខាងមុខ។

ជាការឆ្លើយតបនៅក្នុងជំនួបនោះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី បានស្វាគមន៍ និងគាំទ្រនូវការធ្វើ សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកកម្ពុជា ជាមួយកងទ័ពជើងទឹកចិន។ លើសពីនេះទៀត សម្ដេចតេជោហ៊ុន សែន បានផ្ដល់អនុសាសន៍ ថា នាពេលខាងមុខ គប្បីរៀបចំ សមយុទ្ធរួមគ្នា សំដៅរំដោះនាវា ចេញចោរសមុទ្រ,ធ្វើសមយុទ្ធក្នុងការ សង្រ្គោះ និងរំដោះចេញ តំបន់ចោរសមុទ្រ, និងជំរុញការធ្វើសមយុទ្ធ ក្នុងការបង្កើនសមត្ថភាព ក្នុងការសង្រ្គោះ នៅពេលមានគ្រោះ មហន្ដរាយផងដែរ៕

រូបភាពនៅទីនេះ