សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចំនួន១៣៨នាក់ ស្ម័គ្រចិត្តបរិច្ចាកឈាម

កំពង់ឆ្នាំង៖ សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តកំពង់ឆ្នាំង ចំនួន១៣៨នាក់ ស្ម័គ្រចិត្តបរិច្ចាកឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម  នៅព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦។

លោក ប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាល បានថ្លែងទៅកាន់អ្នកផ្តល់ឈាមទាំងអស់ នាឱកាសនោះថា អ្នកផ្តល់ឈាមត្រូវមានសុខភាពល្អ  ជាធម្មតាការផ្តល់ឈាម គឺប្រើរយៈពេលតែ១០នាទីប៉ុណ្ណោះ នឹងបូមឈាមចំនួន ៣៥០មីលីលីត្រ គឺតិចជាង១០ភាគរយ នៃចំណុះឈាមក្នុងខ្លូមមនុស្ស ។បន្ទាប់មកអ្នកផ្តល់ឈាម សម្រាកពិសារភេសជ្ជៈ និងអាហារសម្រន់ តែ១០ទៅ១៥នាទីនឹងអាចត្រឡប់ទៅធ្វើការធម្មតាវិញ ហើយត្រូវពិសារទឹកអោយបានច្រើន ក្នុងរយៈពេល២៤ម៉ោង ក្រោយការផ្តល់ឈាម។ លោកបានបញ្ជាក់ថា ឈាមទាំងនេះមួយផ្នែក យកទៅរក្សាទុកនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងរាជធានីភ្នំពេញ និងមួយផ្នែកទៀតទុក នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីស្តុកទុកសម្រាប់ជួយសង្គ្រោះមនុស្ស  ក្នុងនោះដែរឈាមទាំងអស់ ក៏នឹងត្រូវយកសំណាក ទៅពិនិត្យនៅភ្នំពេញ បន្ទាប់មកនិងយកលទ្ឋផល ត្រឡប់មកវិញ ថាតើឈាមប៉ុន្មាននឹងត្រូវប្រើការបាន ឈាមប៉ុន្មានប្រើការមិនបាន ។

លោក ហេង ពិទូ អភិបាលរងខេត្ត និងជាប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ឈាមមានសារៈសំខាន់ណាស់ ដើម្បីសង្គ្រោះជីវិតមនុស្ស ជាពិសេសស្ត្រីសំរាលកូនមិនធម្មតា អ្នករងគ្រោះដោយករណី គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗទៀត ។  លោកបានបន្តថា កន្លងមក ស ស យ ក ខេត្តកំពង់ឆ្នាំងបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ការងារសង្គម និងជំរុញការងារមនុស្សធម៌ ដោយស្ម័គ្រចិត្ត ទាំងកម្លាំងកាយចិត្ត និងថវិការក្នុងការជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងជនរងគ្រោះដោយសារ ឧបទ្ទវហេតុផ្សេងៗ និងការងារសិក្សាអប់រំ ផងដែរ។ ថ្ងៃនេះ សមាជឹក សសយក ខេត្ត បានឯកភាពប្រមូលផ្តុំយុវជន ទាំងអស់ទូទាំង ខេត្តចំនួន១៥១នាក់ មានស្រី២០នាក់ ដើម្បីចូលរួមបរិច្ចាកឈាម ដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម។ នេះជាកាយវិការដ៍ប្រពៃថ្លៃថ្លា គឺជាសកម្មភាពមួយដែល មិនអាចកាត់ថ្លៃបានរបស់បងប្អូន សសយក ដែលបានលះបង់ឈាម របស់ខ្លួនផ្ទាល់ក្នុងន័យ រួមចំណែកជួយសង្គ្រោះជីវិត ជនរងគ្រោះទូទៅដែល កំពុងត្រូវការឈាមជាចាំបាច់ ដោយមិនមានការរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។

តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ កែរ ច័ន្ទមុន្នីក្នុងនាមតំណាង អោយប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង និងជនរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅចំពោះ សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តកំពង់ឆ្នាំង ដែលបានស្ម័គ្រចិត្តបរិច្ចាកឈាមផ្ទាល់ខ្លួន សំរាប់ជួយសង្គ្រោះជីវិតជន រងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ។ កាយវិការមនុស្សធម៌ខាងលើនេះ គឺជាគំរូដ៍ល្អដល់យុវជន ផ្សេងៗទៀត សូមរួមចំណែកបរិច្ចាកឈាម អោយបានច្រើនដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីរួមចំណែកជួយសង្គ្រោះជីវិត ប្រជាជនខ្មែរ ទូទៅ៕

សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចំនួន១៣៨នាក់ ស្ម័គ្រចិត្តបរិច្ចាកឈាម

សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចំនួន១៣៨នាក់ ស្ម័គ្រចិត្តបរិច្ចាកឈាម