ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ មហា​ចក្រី សិរិនថន យាង​សម្ពោធ​សមិទ្ធផល​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ

សមិទ្ធផល​មួយ​ចំនួន​នៅ​ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតី​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ព្រម​ទាំង​អភិបាល​ខេត្ត​កំពង់ធំ និង​គណៈប្រតិភូ​ជាច្រើន​នាក់​ផ្សេង​ទៀត។

សមិទ្ធផល​ទាំង​នោះ​រួម​មាន អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា ស្រុក​ប្រាសាទសំបូរ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើ​ទាល ដែល​ជា​អតីត​វិទ្យាល័យ​កំពង់​ឈើ​ទាល ដោយ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​វិទ្យាស្ថាន​ជា​ផ្លូវ​ការ។ ក្រៅ​ពី​នេះ ព្រះអង្គ​ម្ចាស់​ក៏​យាង​ទៅ​ទត​ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិស្ស​នៅ​ក្នុង​សាលា​មួយ​នេះ និង​ចុង​ក្រោយ ព្រះអង្គ​ម្ចាស់​យាង​សម្ពោធ​អគារ​ពន្លឺ​ព្រះអាទិត្យ ឬ​អគារ​ផ្ទាំង​សូឡា (Solar)។ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ទាំង​នោះ ព្រះអង្គ​ម្ចាស់​មិន​បាន​មាន​ព្រះ​បន្ទូល​យ៉ាង​ណា​ឡើយ ដោយ​គ្រាន់​តែ​យាង​កាត់ខ្សែ​បូ ព្រម​ទាំង​ចុច​ប៊ូតុង​បើក​ស្លាក​ឈ្មោះ​វិទ្យាស្ថាន ដែល​មាន​ទីតាំង​នៅ​ក្បែរៗ​គ្នា​នោះ​ប៉ុណ្ណោះ ព្រម​ទាំង​មាន​អ្នក​រៀបចំ​ពិធី​ឡើង​ទៅ​ថ្លែង​សុន្ទរកថា​ជា​ភាសា​ខ្មែរ និង​ភាសា​ថៃ អំពី​ដំណើរ​ការ​របស់​សាលា​មួយ​នេះ។

នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើ​ទាល លោក ប៉ិច សៀង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ថា បន្ទាប់​ពី​សាលា​មួយ​នេះ​ប្រែ​ក្លាយ​ជា​វិទ្យាស្ថាន​សិក្សា ខាង​លោក​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្រៀន ព្រម​ទាំង​រៀបចំ​របៀប​ដឹក​នាំ​សាលា​ឲ្យ​បាន​ប្រសើរ​បន្ថែម​ទៀត៖ «នៅ​ពេល​យើង​បើក​ជា​វិទ្យាស្ថាន​ហើយ គឺ​យើង​មាន​មួយ​កម្រិតទៀត​ហើយ គឺ​កម្រិត​ឧត្តម​សិក្សា។ អ៊ីចឹង​ហើយ​យើង​ត្រូវ​ធ្វើ​កម្មវិធី​សិក្សា ធ្វើ​ឯកសារ​បង្រៀន អភិវឌ្ឍ​គ្រូ ជ្រើសរើស​គ្រូ​បន្ថែម ដើម្បី​ឲ្យ​ដល់​កម្រិត​ឧត្តម​សិក្សា​ហ្នឹង»

វិទ្យាស្ថាន​មួយ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ទាំង​សិស្ស​រៀន​ចំណេះ​ដឹង​ទូទៅ និង​សិស្ស​រៀន​ជំនាញ គឺ​មាន​ជិត ១​ពាន់​នាក់(៩១១​នាក់) ដោយ​ផ្ដោត​លើ​បួន​មុខ​ជំនាញ រួម​មាន បសុសត្វ កសិកម្ម អគ្គិសនី និង​មេកានិច។ វិទ្យាល័យ​កំពង់​ឈើ​ទាល បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០០ ក្រោម​ជំនួយ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ មហា​ចក្រី សិរិនថន រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។