លោក Donald Trump ឈ្នះ​នៅ​ក្នុង​ការ​ជួបជុំ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋNevada

លោក  Donald Trump ឈ្នះ​នៅ​ក្នុង​ការ​ជួបជុំ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋNevada

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ឈ្នះ​នៅ​ក្នុង​ការ​ជួបជុំ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋNevada។

មហាសេដ្ឋី​លោក Donald Trump បាន​ទទួល​ការ​គាំទ្រ​នៅ​ក្នុង​រដ្ឋ​មួយ​ទៀត​ហើយ នៅក្នុង​ការ​ព្យាយាម​របស់​លោក ដើម្បី​ក្លាយ​ជា​បេក្ខជន​ ដែល​ទទួល​ការ​តាំង​តែង​ពី​គណបក្ស​សាធារណរដ្ឋ ​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក។ លោក​ទទួល​បាន​ជ័យ​ជំនះ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋNevada ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក។

​លទ្ធផល​ចុងក្រោយ​ បាន​បង្ហាញ​ថា លោក Trump ទទួល​បាន​សំឡេង​គាំទ្រ ៤៦ភាគរយ នាំ​មុខ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ហ្វ្លរីដា (Florida) លោកMarco Rubio ដែល​ទទួល​បាន​សំឡេង​២៤ភាគរយ ។ ចំណែក​ឯ ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​តិចសាស់ (Texas) លោក Ted Cruz វិញ ស្ថិត​ក្នុង​លេខរៀង​ទី​៣ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ២១​ភាគរយ។

ជោគជ័យ​របស់​លោក Trump គឺ​ជា​ជ័យ​ជំនះ​លើក​ទី​៣​ជាប់ៗគ្នា ក្រោយ​ពី​លោក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋNew Hampshire និង​រដ្ឋSouth Carolina នៅ​ក្នុង​ខែ​នេះ។

ជ័យជំនះ​នេះ បាន​ផ្ដល់​កម្លាំង​ជំរុញ​ឲ្យ​លោក Trump បន្ត​ទៅ​សប្ដាហ៍​ដ៏​សំខាន់​មួយ​ទៀត នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក នៅ​ពេល​ដែល​រដ្ឋ​ចំនួន​១២ នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែ​មិនា​ឬ​ដែល​គេ​ហៅ​ថា Super Tuesday នោះ។

លោក Trump បាន​ថ្លែង​សុន្ទរកថា​ក្រោយ​ទទួល​ជ័យ​ជំនះ​ ដោយ​និយាយ​ថា​ ទោះបី​ជា​មាន​ការ​ព្យាករណ៍​ថា យុទ្ធនាការ​របស់​លោក ទៅ​មិន​បាន​ឆ្ងាយ​ក៏​ដោយ ក៏​ឥឡូវ លោក «ទទួល​ជ័យ​ជំនះ​ទូទាំង​ប្រទេស​»។ លោក​ថ្លែង​ថា នៅ​ពេល​បេក្ខជន​ ច្រើន​ថែម​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ​ ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នេះ លោក​នឹង​ទទួល​បាន​អ្នក​គាំទ្រ​របស់​ពួកគេ​ច្រើន​ថែម​ទៀត៕