ការ​ស្វែង​រក​យន្តហោះ​ដែល​បាន​បាត់​នៅ​នេប៉ាល់ បញ្ចប់​ដោយ​សោកនាដកម្ម

ការ​ស្វែង​រក​យន្តហោះ​ដែល​បាន​បាត់​នៅ​នេប៉ាល់ បញ្ចប់​ដោយ​សោកនាដកម្ម

យន្តហោះ​ Twin Otter នៃ​ក្រុមហ៊ុនអាកាសចរណ៍ Tara Air ពេលត្រូវ​បាន​ថតរូប​នៅ​ព្រលានយន្តហោះ Tenzing Hillary នៅ​ក្រុង Lukla ប្រទេស​នេប៉ាល់។ យន្តហោះ​នេះ​បាន​ធ្លាក់ ដោយ​សម្លាប់អ្នកដំណើរទាំងអស់ ២៣នាក់។

អាជ្ញាធរ​ក្នុង​ប្រទេស​នេប៉ាល់​និយាយ​ថា យន្តហោះ​ធុនតូច​មួយ​គ្រឿង បាន​ធ្លាក់​នៅថ្ងៃ​ពុធ​នេះ ក្នុង​ពេល​អាកាសធាតុ​មិន​ល្អ ដោយសម្លាប់​អ្នកដំណើរ​និង​បុគ្គលិក​នៅលើ​យន្តហោះ​នោះ​ទាំង​អស់ ២៣​នាក់។

យន្តហោះ​ឈ្មោះ Twin Otter ដែល​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ​ឈ្មោះ Tara បាន​ដាច់​ទំនាក់ទំនង​ជាមួយ​អ្នក​គ្រប់គ្រង​ការ​ហោះហើរ ក្នុង​ពេល​យន្តហោះ​នោះ ហោះចេញ​ពី​ក្រុង Pokhara ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​ ស្ថិត​នៅ​ប្រមាណ​២០០​គីឡូម៉ែត្រ​ ប៉ែក​ខាង​លិច​រដ្ឋធានី​ Kathmandu ឆ្ពោះ​ទៅ​តំបន់​Jomsom ដែល​ជា​កន្លែង​ឡើង​ភ្នំ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ក្នុង​ប្រទេស​នេប៉ាល់។

​ក្រុម​អ្នក​ស្វែង​រក​យន្តហោះ បាន​រកឃើញ​បំនែក​យន្តហោះ​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​យន្តហោះ​នេះ បាន​បាត់​ពី​រ៉ាដា។ ក្រុម​មន្ត្រី​ និយាយ​ថា យន្តហោះ​នេះ នៅកំពុង​ឆេះ​នៅ​ឡើយ ហើយ​សាកសព​របស់​មនុស្ស​នៅ​រាយប៉ាយ​ពេសពាញ​កន្លែង​យន្តហោះ​នេះ​ធ្លាក់។

ជនបរទេស​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់ទៀត​ជា​ពលរដ្ឋ​គុយវ៉ែត ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ដែល​ស្លាប់​ទាំង​អស់​នេះ៕