កូរ៉េខាងជើង​គំរាម​វាយបក ខណៈ​កូរ៉េខាងត្បូង​និង​អាមេរិក​ត្រៀម​ធ្វើ​សមយុទ្ធ​រួមគ្នា​

​កូរ៉េខាងជើង​បាន​បរិ​ហារ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅ​ខែក្រោយ និង​បាន​ព្រមាន​វាយបក​លើ​ការប៉ុនប៉ង​របស់​កូរ៉េខាងត្បូង​ដែល​ចង់​ផ្ដួលរំលំ​របប​កុម្មុយនីស្ត​នេះ​។ ឧបទ្វីប​កូរ៉េ​ដែលមាន​ស្ថានភាព​រង្គោះរង្គើ​នោះ​កាន់តែ​ធ្លាក់​ទៅក្នុង​គ្រោះថ្នាក់ នៅពេលដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ដ៏​ធំ​មួយ​។ 

សូមស្ដាប់ព័ត៌មានលម្អិត៖

​កូរ៉េខាងជើង​ថ្កោលទោស​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​គ្រោង​ធ្វើ​នៅ​ខែក្រោយ ហើយ​កូរ៉េខាងជើង​ក៏បាន​ព្រមាន​សងសឹក​វិញ ប្រសិនបើ​មាន​សកម្មភាព​ដែល​ចង់​វាយប្រហារ​មកលើ​ខ្លួន​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​រួមគ្នា​នេះ ជាការ​ប្រុងប្រៀប​ធ្វើសង្គ្រាម​និង​ជា​សកម្មភាព​បង្កហេតុ ហើយនឹង​ប្រើ​រាល់​វិធានការ​ទាំងអស់​សម្រាប់​ការពារ​មេដឹកនាំ​កំពូល​និង​របប​របស់ខ្លួន​។​

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA បាន​ស្រង់​សំដី​មេបញ្ជាការ​កំពូល​កងទ័ព​ថា កូរ៉េខាងជើង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វាយបក​ដោយ​មិន​ប្រណី​លើ​អ្នកណា​ដែល​ចង់​ផ្ដួលរំលំ​មេដឹកនាំ​ខ្លួន​។ ដោយ​សំដៅលើ​កូរ៉េខាងត្បូង កងកម្លាំង​កូរ៉េខាងជើង​នឹង​វាយប្រហារ​វិមាន​ខៀវ​របស់​ប្រធានាធិបតី​កូ​រ៉​ខាងត្បូង​មុនគេ​។ ក្រៅពីនោះ កូរ៉េខាងជើង​ក៏បាន​គំរាម​វាយប្រហារ​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​ដែលមាន​ចំនួន​ជិត​បី​ម៉ឺន​នាក់ ក៏ដូចជា​វាយប្រហារ​ទឹកដី​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្ដង​។​

​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅលើ​ក​នេះ ជា​លំ​ហាត់​យោធា​ធំជាងគេ​ដោយមាន​ការចូលរួម​ពី​កងកម្លាំង​យ៉ាងច្រើន​។ សមយុទ្ធ​យោធា​ដ៏​ធំ​នេះ​នឹងត្រូវ​ចូលរួម​ដោយ​កងកម្លាំង​អាមេរិក​ចំនួន​ជាង​១​ម៉ឺន​នាក់ ដែលមាន​ការកើនឡើង​ច្រើនជាង​សមយុទ្ធ​លើក​មុនៗ​។ ចំណែក​កងទ័ព​កូរ៉េខាងត្បូង​នឹងមាន​ចំនួន​ដល់​ទៅជិត​បី​សែន​នាក់ ដែល​រួមទាំង​កងកម្លាំង​ពិសេស​ផងដែរ​។

​យ៉ាងណាមិញ សមយុទ្ធ​ដែល​តែងតែ​ធ្វើ​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩០ ត្រូវបាន​កូរ៉េខាងជើង​ចាត់ទុកជា​ចេតនា​បង្ករឿង​និង​ធ្វើឡើង​ដើម្បី​រៀបចំ​ឈ្លានពាន​ទីក្រុង​ព្យុងយ៉ាង​។ ហើយ​ជា​រៀងរាល់​ការធ្វើ​សមយុទ្ធ កូរ៉េខាងជើង​តែងតែ​ប្រកាស​ព្រមាន និង​ត្រៀមខ្លួន​សងសឹក​វិញ​។ លើសពីនេះ កូរ៉េខាងជើង​ថែមទាំង​បាន​យក​រឿងនេះ ជា​លេស​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទៀតផង​។

​សមយុទ្ធ​រួមគ្នា​នេះ​ធ្វើឡើង​តែ​រយៈពេល​មិន​ប៉ុន្មាន​ក្រោយ​កូរ៉េខាងជើង​បាញ់​រ៉ុក្កែត​ទៅ​លំហ​អាកាស​នៅ​ដើមខែ​កុម្ភៈ​នេះ​។ សហគមន៍​អន្តរជាតិ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​កូរ៉េខាងជើង​។ ប្រទេស​ជាច្រើន  ជាពិសេស​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដោយបាន​អះអាងថា​ទីក្រុង​ព្យុងយ៉ាង​ល្មើស​បម្រាម​អង្គការសហប្រជាជាតិ ដែល​ហ៊ាន​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​។​

​ការវាយប្រហារ​ដោយ​ពាក្យសម្ដី​ទៅវិញទៅមក​នេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ឡើង​កម្ដៅ​ទៀតហើយ​។ គេ​ត្រូវ​ចងចាំ​ថា ជា​លក្ខណៈ​បច្ចេកទេស បងប្អូន​កូរ៉េ​ទាំងពីរ​នៅតែ​ស្ថិតក្នុង​លក្ខណៈ​សង្គ្រាម​នៅឡើយ ថ្វីដ្បិតតែ​សង្គ្រាម​ត្រូវបាន​បញ្ចប់​ក៏ដោយ​។ នេះ​ក៏​ព្រោះតែ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ បញ្ចប់​ត្រឹម​ដោយ​យុទ្ធសន្តិភាព​មួយ​ប៉ុណ្ណោះ មិនមែន​សន្ធិសញ្ញា​បញ្ច​ប់​សង្គ្រាម​នោះទេ​៕ 

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​