ក្រុម​យុវជន​នៅ​ខេត្ត​បាត់ដំបង​ស្វែង​យល់​អំពី​របៀប​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​យុត្តិធម៌

ក្រុម​យុវជន​ប្រមាណ ៣០​នាក់​មក​ពី ២៥​ឃុំ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ចូលរួម​ស្វែង​យល់​អំពី​របៀប​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព។ កម្មវិធី​នេះ មាន​បំណង​ឲ្យ​យុវជន​បាន​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​អំពី​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក និង​ដើម្បី​កែលំអ​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

ក្រុម​យុវជន​ដែល​បាន​ចូលរួម​សិក្សា​កម្មវិធី​នៅ​វត្ត​ពិភិទ្ធារាម ក្រុង​បាត់ដំបង លើក​ឡើង​ស្រដៀង​គ្នា​ថា កម្មវិធី​នេះ​ជា​ការ​ល្អ​មួយ​សម្រាប់​យុវជន ដើម្បី​រួម​ចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

តំណាង​យុវជន​មក​ពី​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង គឺ​លោក ភា ឌីស្កូ ថ្លែង​ថា កម្មវិធី​នេះ​ធ្វើ​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​អំពី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​សុក្រឹត យុត្តិធម៌ មាន​ជាអាទិ៍ ពី​របៀប​ចុះ​ឈ្មោះ និង​ការ​រួម​ចំណែក​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​របស់​ខ្លួន សម្រាប់​ដឹក​នាំ​ប្រទេស ជាដើម៖ «បាទ! ការងារ​នេះ​សំខាន់​ណាស់ ព្រោះ​អី​អ្នក​រៀបចំ​កម្មវិធី​បាន​បណ្ដុះបណ្ដាល​ពួក​ខ្ញុំ​ធ្វើ​ជា​យុវជន​បង្គោល ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បន្ត​ទៀត»

អ្នក​រៀបចំ​កម្មវិធី​នេះ មាន​ដាក់​បញ្ចាំង​ស្លាយ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នា​ពេល​កន្លង​មក ដើម្បី​ឲ្យ​ក្រុម​យុវជន​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ និង​យក​ចំណេះ​ទាំង​នោះ ទៅ​កែលំអ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ឲ្យ​បាន​ត្រឹមត្រូវ។

ប្រធាន​កម្មវិធី​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព ហៅ​កាត់​ថា ភី.ឌី.ភី (PDP) គឺ​លោក សេង ឫទ្ធី មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ដែល​ជ្រើស​រើស​មក​សិក្សា​នេះ មាន​អាយុ​ចាប់​ពី ១៧​ឆ្នាំ​ទៅ ៣០​ឆ្នាំ តំណាង​ឲ្យ​ក្រុម​យុវជន​មក​ពី ២៥​ឃុំ​ក្នុង​ខេត្ត​បាត់ដំបង។ លោក​បញ្ជាក់​ថា ក្រុម​យុវជន​ដែល​បាន​មក​សិក្សា​ក្នុង​កម្មវិធី​នេះ ពួក​គេ​នឹង​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៖ «អ៊ីចឹង​យើង​អត់​ចង់​ឲ្យ​យុវជន​បាត់​បង់​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត​ទេ ព្រោះ​អី​កាល​ណា​ពួក​គាត់​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទេ មាន​ន័យ​ថា ពួក​គាត់​ក៏​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​លេខាធិការ​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន មាន​ប្រសាសន៍​ថា ការ​អប់រំ​យុវជន​ឲ្យ​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត គឺ​ជា​ការ​ល្អ​ប្រសើរ​មួយ ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស៖ «បើ​កាល​ណា​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​របៀប​បោះ​ឆ្នោត​ហើយ ខ្ញុំ​គិត​ថា ការងារ​បោះ​ឆ្នោត​នឹង​ងាយ​ស្រួល​ជាង​មុន»

អ្នក​រៀបចំ​កម្មវិធី​រំពឹង​ថា យុវជន​ដែល​ចូលរួម​សិក្សា នឹង​នាំ​យក​ចំណេះ​របស់​ខ្លួន​ទៅ​ចែក​រំលែក​ដល់​ក្រុម​យុវជន​ផ្សេង​ទៀត​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ។ មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព នឹង​រៀបចំ​កម្មវិធី​បែប​នេះ​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ចំនួន ១៦​ខេត្ត​ទូទាំង​ប្រទេស។ បន្ទាប់​ពី​ខេត្ត​បាត់ដំបង កម្មវិធី​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប កំពង់ចាម ព្រៃវែង និង​ខេត្ត​កណ្ដាល ជា​បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។