EU ផ្ដល់ថវិកា ៤លានដុល្លារ ដើម្បីជួយ កសាងមត្ថភាព ដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តចំនួន១២

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) និងអង្គការ UNDP បានសម្រេចផ្ដល់ថវិកា ប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបន្ដអនុវត្ដន៍គម្រោង បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្ដ គោលដៅចំនួន១២ លើការងារកសាង សមត្ថភាព ការគ្រប់គ្រង និងការផ្ដល់ជំនាញ បច្ចេកទេស សម្រាប់បង្កើន ប្រសិទ្ធភាពដល់មន្រ្ដីនៅថ្នាក់មូលដ្ឋាន។

យោងតាមទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានដកស្រងសម្តីលោក វី លីប៊ីរ (Ve Liber) តំណាងអង្គការ UNDP ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ខេត្ដគោលដៅទាំង១២ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ ថា ការអនុវត្ដនូវគម្រោង ជំនួយដល់ក្រុម ប្រឹក្សាថ្នាក់ក្រោមជាតិនេះ នឹងធ្វើឱ្យមន្រ្ដីក្រុមប្រឹក្សាអាចបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងកាន់តែមានសមត្ថភាព ដើម្បីចូលរួមចេះដោះស្រាយបញ្ហា និងឆ្លើយតបចំពោះ តម្រូវការរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានបន្ដថា “ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារ ផលប្រយោជន៍តំណាងប្រជាពលរដ្ឋនៅថ្នាក់ស្រុក ឃុំ សង្កាត់ ពិសេសជួយជំរុញដល់ ដំណើរការ នៃការ ធ្វើវិមជ្ឈការតាមបែបប្រជាធិបតេយ្យនៅកម្ពុជា”។

លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានលើកឡើងថា ការអនុវត្ដគម្រោងនេះ ធ្វើឡើងដើម្បីឈានទៅអនុវត្តន៍ ក្នុងការផ្តល់លទ្ធភាពឱ្យអាជ្ញាធរមូលដ្ឋានអនុវត្ដន៍តួនាទី ឱ្យមានប្រសិទ្ធភាពលើការងារប្រជាធិបតេយ្យ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម សេវាសាធារណៈ ការគ្រប់គ្រង និងសមភាពយ៉េនឌ័រ ដើម្បីឱ្យមន្រ្ដី ក្រុមប្រឹក្សានៅ ថ្នាក់ក្រោមជាតិ អនុវត្ដន៍ការងារប្រកបដោយភាពទទួលខុសត្រូវ។

លោកបានបន្តថា “ការអនុវត្ដគម្រោងនៅថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់នេះ គឺក្នុងគោលដៅជួយ បង្កើនសមត្ថភាពឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានភាពរឹងមាំលើការដឹកនាំ ការរៀបចំ ផែនការ អភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈម ជូនដល់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ”។

សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំ សម្រាប់អនុវត្ដន៍សាក ល្បងលើខេត្ដគោលដៅចំនួន៦ រួមមាន ខេត្ដកំពត ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងខេត្ដស្ទឹងត្រែង។ ប៉ុន្ដែដោយការអនុវត្ដគម្រោងទទួលបានជោគជ័យ សហភាពអឺរ៉ុប និងអង្គការ UNDP បានសម្រេចបន្ដគាំទ្ររយៈពេល២ឆ្នាំទៀត ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដែលមានទឹកប្រាក់សរុបប្រមាណ ៤លានដុល្លារ នៅក្នុងខេត្ដគោលដៅចំនួន៦ រួមមានខេត្ដកំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្ដស្វាយរៀង៕