តើ​អ្នកជា​មនុស្ស​តឹងរ៉ឹង​ពេក​ឬទេ ?

Doliprane TVC

​តើ​អ្នកជា​មនុស្ស​ប្រភេទ​ណា​ជាមួយ​ដៃគូ​ស្នេហា ? បើ​ចង់ដឹង​ខ្លួនឯង​ជា​មនុស្ស​បែបណានោះ​អាចធ្វើ​ការសាកល្បង​ទស្សន៍ទាយ​ដូចខាងក្រោម ៖
១ – អ្នក​មិន​ចូលចិត្ត​ឱ្យគេ​ទៅធ្វើ​ការ​យឺត​ប៉ុន្តែ​ថ្ងៃនេះ​គេ​ទៅ​យឺត​ទាល់តែ​បាន​ពេលនោះ​អ្នកនឹង ៖

តើ​អ្នកជា​មនុស្ស​តឹងរ៉ឹង​ពេក​ឬទេ ?

​ក – ទូរស័ព្ទ​ទៅ​ស្តីបន្ទោស​ថា​ជា​មនុស្ស​មិនចេះ​កែខ្លួន តើ​ពេលណា​ទៅ​ទើប​ចេះ​កែប្រែ​ទម្លាប់អាក្រក់​នេះ ។​
​ខ – ទប់​អារម្មណ៍​ដោយ​ប្រាប់​ខ្លួនឯង​ថា​ត្រូវតែ​មានចិត្ត​ត្រជាក់ ហើយ​គិតថា​គេ​ពិតជា​មនុស្សគ្មាន​ហេតុផល និង មិនចេះ​កែប្រែ ។​
​គ – ធ្វើការ​ពន្យល់​ណែនាំ​ដើម្បី​ឱ្យគេ​កែប្រែ ខ្លួន​បន្តទៀត ។​

២ – អ្នក​យល់ព្រម​ឱ្យគេ​មកពី​ធ្វើការ​យឺត​រយៈពេល​ប៉ុន្មាន​ម៉ោង ?
​ក – មិន​លើសពី​កន្លះ​ម៉ោង​ចាត់ទុក​អាច​អនុគ្រោះ​បាន ។​
​ខ – គ្មាន​ពាក្យ​ថា​យឺត​ជាដាច់ខាត​ហើយ​ត្រូវតែ​ទាន់ពេលវេលា​ជា​រៀងរាល់ថ្ងៃ ។​
​គ – គេ​មក​ពេលណា​ក៏បាន​មិនចាំបាច់​ទៅ​គិត​ច្រើន និង ស្តីបន្ទោស​គេ​នាំ​តែ​កើត​បញ្ហា ។​

៣ – ថ្ងៃនេះ​ជា​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​ក្លាយជា​ដៃគូ​សង្សារ​របស់​អ្នក ប៉ុន្តែ​គេ​បែរជា​ណាត់​មិត្តភក្តិ​ដើរលេង​ទៅវិញ​ពេលនោះ​អ្នកនឹង ៖
​ក – រង់ចាំ​ឆ្លង​ពិធី​នៅ​ថ្ងៃស្អែក​វិញ​ក៏បាន​ដែរ ព្រោះ​គេ​បានជា​ណាត់​មិត្តភក្តិ​ទៅហើយ ។​
​ខ – មិនឱ្យ​គេ​ទៅ ហើយ​ឱ្យគេ​ពិចារណា​មើលថា តើ​អ្នក និង មិត្តភក្តិ​ណាមួយ​សំខាន់​ជាង ។​
​គ – ឱ្យទៅ​ជាមួយ​មិត្តភក្តិ​ត្រឹមតែ ២ ម៉ោង ហើយ​ឱ្យប្រញាប់​វិលត្រឡប់​មក​ទទួល​អ្នក​វិញ ។​

៤ – បើ​ស្អែក​អ្នក និង គេ​ត្រូវ​បែកបាក់​គ្នា​នៅថ្ងៃនេះអ្នកនឹង ៖
​ក – សម្រាក​ផ្លូវចិត្ត​យ៉ាងហោចណាស់ ៣ ខែ ទើប​សម្រេចចិត្ត​រក​ថ្មី​បន្តទៀត ។​
​ខ – ត្រូវ​ទ្រហោយំ​រហូត​ទាល់តែ​ទឹកភ្នែក​ជោក​ខ្នើយ ។​
​គ – ទូរស័ព្ទ​ទៅរក​បុរស​ដែល​ធ្លាប់​ទំនាក់ទំនង ជាមួយ​អ្នក​កាលពីមុន ហើយ​បើ​ចង់បាន​អ្នកថ្មីទៀត​នោះងាយ​ដូច​បក​ចេក​អីចឹង ។​

៥ – គេ​ទៅ​បរទេសប៉ុន្តែ​មិនបាន​ទិញ​របស់​ផ្ញើ​អ្នក​អ្វី​សូម្បីតែ​បន្តិច​សោះ​ពេលនោះ​អ្នកនឹង ៖
​ក – ប្រាប់​ឱ្យគេ​ដឹង​ភ្លាម​ថា អ្នក​សោកស្តាយជាមួយនឹង​ការ​គ្មាន​ទឹកចិត្ត​របស់គេ​ជាមួយ​អ្នក ។​
​ខ – ស្រេច​តែ​គេ​ទៅ​ចុះ អ្នក​មិន​ខ្វល់​ពី​រឿង​នេះឡើយ ។​
​គ – ត្រូវ​ឱ្យគេ​ទិញ​របស់​ផ្សេង​ជំនួស​វិញ ។​

៦ – ក្នុងករណី​ខាងលើ (​ប្រការ​ទី ៥) បើ​គេលួង​ចិត្ត​អ្នក​ដោយ​នាំទៅ​ទស្សនា​ភាពយន្ត​ដែល​អ្នកចូលចិត្ត ប៉ុន្តែ​មិនមែន​ភាពយន្ត​គេ​ចូលចិត្តអ្នកនឹង ៖
​ក – មើល​ភាពយន្ត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវ​ឱ្យគេ​ប៉ាវ​បាយ​មួយពេល​បន្ថែមទៀត ។​
​ខ – ល្អ​ដែល​គេ​ដឹង​ពី​កំហុស ប៉ុន្តែ​នៅ​មិនទាន់​លើកលែងទោស​ឱ្យនៅ​ឡើយ​ទេ ។​
​គ – ត្រូវ​ប៉ាវ​អាហារ​គេ​មួយពេល​វិញ ដើម្បី​សម្តែង​ពី​ការ​អរគុណ​ដល់​រូបគេ ។​

៧ – អ្នក​ប្រាប់ថា មិន​ចូលចិត្ត​មិត្តភក្តិ​របស់គេ ប៉ុន្តែ​គេ​នៅតែ​នាំ​មិត្តភក្តិ​នោះមក​ជួប​អ្នក​ទៀតពេលនោះ​អ្នកនឹង ៖
​ក – ពិចារណា​ទៅលើ​មិត្តភក្តិ​របស់គេ​សាជាថ្មី ថា​តើ​គេ​ចង់ឱ្យ​អ្នកជាមួយ​មិត្តភក្តិ​គេ​ល្អ​ជាមួយគ្នា​ឬក៏​អត់ ?
​ខ – ហៅ​គេ​ទៅ​ស្តីបន្ទោស​នៅ​ខាងក្រៅ​ភ្លាម ។​
​គ – សុំ​ត្រឡប់​ទៅវិញ​ភ្លាម​ហើយ​បញ្ជូន​សារ​ស្តីបន្ទោស​គេ​ឱ្យ​ចាស់ដៃ​ម្តង ។​

៨ – អ្នក​បាន​សុំ​ឱ្យគេ​ជួយ​រៀបចំ​បន្ទប់​របស់​អ្នក​ឱ្យបាន​ស្អាតបាត​វិញ​ព្រោះ គេ​ធ្វើឱ្យ​បន្ទប់​អ្នក​រាត់រាយ​រៀងរាល់​ពេល ប៉ុន្តែ​គេ​មិនដែល​ជួយ​ម្តង​សោះអ្នកនឹង ៖
​ក – កើតការ​តប់ប្រមល់​ហើយ​គិតថា​នឹង​សងសឹក​នៅពេលណា​អ្នកបាន​ទៅ​បន្ទប់​គេ​វិញនឹង​រើកកាយ​របស់​ឱ្យ​រាត់រាយ​វិញ​ម្តង ។​
​ខ – ប្រមូល​ទុក​ខ្លួនឯង​ដោយ​មិន​មាត់ក​នាំឱ្យ​កើត​ជម្លោះ​ឡើយ ។​
​គ – សម្លុត​គេ​ឱ្យ​ប្រមូល​ទុកដាក់​ភ្លាម មិនចាំបាច់​ចាំ​យូរ​បន្តទៀត ។​

៩ – គេ​សន្យាថា​នឹង​នាំ​អ្នក​ទៅ​កម្សាន្ត​ទៅ​ផ្សារ​ទំនើប​ទើបតែ​បើក​ថ្មី ប៉ុន្តែ​រង់ចាំ​គេ​ជូនទៅ​អស់​រយៈពេល​ជិត ២ ខែ​ហើយមិនឃើញ​គេ​នាំទៅ​សោះ អ្នកនឹង ៖
​ក -ស្តីបន្ទោស​ថាបើ​ថ្ងៃក្រោយ​សន្យា​អ្វីមួយ​ហើយ​ធ្វើ​មិនបានលើកក្រោយ​មិនបាច់​សន្យា​ទៀតឡើយ ។
​ខ – ទៅ​ខ្លួនឯង​ដោយ​បី​ឆ្កែ​សំណព្វចិត្ត​ទៅ​ថតរូប​នៅ​ទីនោះ ហើយ​ព្រមទាំង​យក​រូបថត​មក​បង្អួត​គេ​ថែមទៀត ។​
​គ – ដាក់​លក្ខខណ្ឌ​តែ​ម្តងថាថ្ងៃ​ណា​ជូន​ទៅឱ្យ​ពិតប្រាកដ ។​

១០ – អ្នក​បាន​ទិញ​សម្លៀកបំពាក់​ឱ្យគេ​សម្រាប់​ពាក់​ចូលរួម​ពិធីបុណ្យ​សំខាន់ៗ ប៉ុន្តែ​គេ​បែរ​យកទៅ​ពាក់​នៅ​ថ្ងៃ​ធម្មតា​ទៅវិញ​ពេលនោះ​អ្នកនឹង ៖
​ក – រអ៊ូរទាំ​បន្តិចបន្តួច​ហើយ​ធ្វើ​មិនដឹងមិនឮ​វិញ​ព្រោះ​គិតថា​គេ​ជា មនុស្ស​បែបនេះ​ទៅហើយ ។
​ខ – គិតថា​គេ​ប្រហែល​ពេញចិត្ត​អាវ​នេះ​ខ្លាំងណាស់​ហើយ​មើលទៅទើប​ពាក់​ទាំង​ថ្ងៃ​ធម្មតា​បែបនេះ ។​
​គ – ខឹងច្រឡោត​ហើយ​ដាក់​កំហិត​ឱ្យគេ​ទៅ​ដូរ​អាវ​នេះ​ចេញ​វិញ​តែម្តង ។​

តារាង​ពិន្ទុ​
​    ​ក​ ​ខ​ ​គ
១​ ​៣​ ​១​ ​២
២​ ​២​ ​៣​ ​១
៣​ ​១​ ​៣​ ​២
៤​ ​២​ ​១​ ​៣
៥​ ​៣​ ​១​ ​២
៦​ ​២​ ​៣​ ​១
៧​ ​១​ ​២​ ​៣
៨​ ​២​ ​១​ ​៣
៩​ ​៣​ ​២​ ​១
១០​ ​២​ ​១​ ​៣

ផ្ទៀ​ត​ផ្ទាត់​ចម្លើយ​
*​ពី ១០ ទៅ ១២ ពិន្ទុ​
​អ្នកជា​មនុស្ស​ព្យាយាម​យល់ចិត្ត​គេ​ជានិច្ច ហេតុនេះ​ពេលដែល​គេ​ធ្វើអ្វី​ខុស អ្នក​តែង​មើល​កំហុស​របស់គេ​ទៅ​រឿង​ផ្សេង​មួយទៀត ដោយ​យល់ថាគេ​ប្រហែល​ជាមាន​ហេតុផល​របស់គេហេតុនេះ​បានធ្វើឱ្យ​កំហុស​ទាំងនេះតែង​រីក​រាលដាល និង មិន​សម​ហេតុផល​កើតឡើង​បន្តបន្ទាប់ ។ បុរស​គ្រប់គ្នា​តែងតែ​ចង់បាន​គូសង្សារ​ដូច​អ្នក ប៉ុន្តែ​ត្រូវ​ចងចាំ​ថាវិធី​ដែល​អ្នក​ប្រើ​នេះ​គឺជា​ដំណើរ​លើ​វិថី​ដែល​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការដែល​អ្នក​យល់ព្រម​សម្រប តាមចិត្ត​គេ​រហូត​បែបនេះគេ​មិនអាច​ដឹងបាន​ទេ​ថា​មាន​កំហុស​អ្វី​ហើយ​តើគេ​អាចធ្វើ​ខ្លួន​ដូចម្តេច​ក្នុងការ​សម្រប​ខ្លួន​ឱ្យ​ត្រូវ​គ្នា​ជាមួយ​អ្នក ។ អ្នក​ត្រូវ​ដឹង ថាមនុស្ស​បើ​មាន​កំហុស​ហើយ យើង​ព្យាយាម​អត់ធ្មត់​ទទួលយក​វា​ទាំង​គ្រាំគ្រា​ចិត្តគេ​នឹង​នៅតែ​បន្ត​ប្រើ​និស្ស័យ​អាក្រក់​បែបនេះ​បន្តបន្ទាប់​ដែល​នៅពេល​ណាមួយ​អ្នក​ទ្រាំ​មិនបានភាព​បែកបាក់​គឺ​មិនអាច​ចៀសផុត​ឡើយ ។​

*​ពី ១៣ ទៅ ២២ ពិន្ទុ​
​អ្នកមាន​ដែន​កំណត់ថា​នឹង​បណ្តែតបណ្តោយ​ឱ្យគេ​ធ្វើ​កំហុស​បន្តិចបន្តួច​នៅក្នុង​ជ្រុង​ណាមួយ ដោយ​នៅពេលនេះ​អ្នក​តែង​ធ្វើ​មិនដឹងមិនឮ ប៉ុន្តែ​ផ្ទុយ​មកវិញ​បើ​ករណី​កំហុស​ធំ ហើយ​បង្ក​ការឈឺចាប់​ផ្លូវចិត្ត​ដល់​អ្នក​ទៀត​អ្នក​មិនអាច​នៅ​ស្ងៀម​បានឡើយត្រូវតែ​ពន្លះ​វា​ចេញ​ហើយ​មិន​ទុក​ធ្វើ​ព្រះ​ទៀត​ទេ ។​
​អ្នក​បានធ្វើ​ឱ្យគេ​ខ្លបខ្លាច​ម្តងម្កាល ប៉ុន្តែ​គេ​ក៏​ចូលចិត្ត​នូវ​អ្វី​ដែលជា​ជំហរម៉ឺងម៉ាត់​របស់​អ្នក​វិញ​ដែរ ដែល​មិន​បណ្តោយ​ឱ្យគេ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ឬ ចង់​រំលោភបំពាន​អ្នក​ស្រេច​តែ​ចិត្ត​នោះឡើយ ។​

*​ពី ២៣ ទៅ ៣០ ពិន្ទុ​
​ចាត់ទុកថា​សំណាង​ហើយ​ដែល​អ្នកដទៃ ឬ មិត្តភក្តិ​បានដឹងថា អ្នក និង គេ​ជា​ដៃគូ​ស្នេហា បើ​មិន​ដូច្នោះ​ទេ គេ​ពិតជា​យល់​ខុស​ថា អ្នកជា​ចៅហ្វាយ របស់គេ​ជាពុំខាន ព្រោះថា​អ្នកជា​មនុស្ស​តឹងរ៉ឹង​ខ្លាំង​ចំពោះ​រូបគេ ហើយ​បើ គេ​មាន​កំហុស​ពេលណា​អ្នកនឹង​ពន្លះ​មិន​ទុក​មុខ​ឱ្យ​ឡើយ ។​ ​អ្នក​តែងស្តីបន្ទោស និង វាយប្រហារ​នៅ​ចំពោះមុខ​គេ​មិន​ទុក​មុខ​ឱ្យ​ទេដែល​បំណង​ធំ​របស់​អ្នក​គឺ​ចង់​ឱ្យគេ​ជា​បុរស​ល្អ​គ្រប់យ៉ាង ប៉ុន្តែ​អ្នក​មិនដឹង​ទេថារាល់​ទង្វើ​របស់​អ្នកតើ​គេ​មាន​សេចក្តីសុខ​ផ្លូវចិត្ត​ឬទេ ហើយ​សួរថា​តើ​គេអាច​ទ្រាំ​នឹង​ទង្វើ​របស់​អ្នក​បាន​កម្រិតណា​បន្តទៀត ៕ ដេប៉ូ