ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​.​ស្រី​៣​នាក់​រឹបអូស​យក​បាន​គ្រឿងអលង្ការ បាន​មក​វិញ និង​កាំភ្លើងខ្លី​២​ដើម នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ប្រុស​.​ស្រី​៣​នាក់​១​ឈ្មោះ យា​ប ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២.​ឈ្មោះ យ៉េន ធូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជន​ទាំង​២​នាក់​មានស្រុក​កំណើត​ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម ដែល​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្ត្រី​ម្នាក់​មិន​ទាន់​ស្គាល់ឈ្មោះ​។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​មាន​ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ប្លន់​តូប​លក់​មាស់​នៅ​ផ្សា​រ៉ា ស្ថិត​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​មានឈ្មោះ ថា សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​ហៅ​(​ចែ​កា​) រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​នៅ​ពេល​ធ្វើ​សកម្មភាព​ប្លន់​យក​អស់ទ្រព្យ​សម្បត្តិ​មាន​គ្រឿងអលង្ការ​រួម​មាន ចិញ្ចៀន​៣​ថាស​ប្រហែល​៨០​វង់ ខ្សែ​ក​៨០​ខ្សែ ខ្សែដៃ​៤០​ខ្សែ គ្រឿង​បញ្ចាំ​មួយ​ចំនួន ព្រមទាំង​ទឹកប្រាក់​មួយ​ចំនួន មាន​ប្រាក់​រៀល​២​លាន​រៀល ប្រាក់​បាត​១០​ម៉ឺន​បាត  ប្រាក់​ដុល្លា​៣.០០០​ដុល្លា​(​សរុប​ទឹកប្រាក់​ដែល​បាត់​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​)​។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​កើតឡើង​បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​នោះ​គេ​ឃើញ​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​បក្ខពួក​ប្រុស​.​ស្រី​៣​នាក់​និង​ម្នាក់​ទៀត​ត្រូវ​បាន​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បន្ត​ទៀត​។ ក្រោយ​ពេល​កម្លាំង​នគរបាល​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ​ស្រាវជ្រាវ​គឺ​ក្នុង​ចំណោម​ជនសង្ស័យ​ប្រុស​.​ស្រី​៣​នាក់​មាន​ប្រុស​២​នាក់​ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ និង​ស្រី​ម្នាក់​គឺ​មិន​ពាក់ព័ន្ធ​ឡើយ គ្រាន់តែ​ជា​អ្នក​ដែល​ស្គាល់គ្នា​ពេល​ហៅ​ផឹកស៊ី​តែ​ប៉ុណ្ណោះ​។

ចំពោះ​ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ​បាន​សារភាព ហើយ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ទៅ​យក​គ្រឿងអលង្ការ និង​កាំភ្លើងខ្លី​២​ដើម ធុន​K59​ចំនួន​១​ដើម ធុន​រូ​ឡូ​១​ដើម​ដែល​រក​ឃើញ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​៕