អ្នកជំងឺ​ផ្តាសាយ​ជ្រូក​ស្លាប់​ដំបូង​ក្នុង​ឆ្នាំ ​២០១៦

អ្នកជំងឺ​ផ្តាសាយ​ជ្រូក​ស្លាប់​ដំបូង​ក្នុង​ឆ្នាំ ​២០១៦

អ្នកជំងឺ​​​ផ្តា​សាយ​ជ្រូក​ ឬ​ Swine-flu ​ដែល​មាន​ផ្ទុក​មេរោគ ​​​H1N1​ ​ដំបូង​គេបង្អស់​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៦​នេះ​ ​បាន​ទទួល​មរណភាព​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ​ គឺ​មាន​រយៈពេល​មិនបាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នកជំងឺ​រូប​នេះ​ត្រូវ​គេ​ដាក់​​ឱ្យ​ទទួល​ការព្យាបាល​ដាច់​ដោយ​ឡែក។ ភ្នំពេញ—

អ្នកជំងឺ​ផ្តា​សាយ​ជ្រូក​ ឬ​ Swine-flu ​ដែល​មាន​ផ្ទុក​មេរោគ ​H1N1​ ​ដំបូង​គេបង្អស់​នៅ​កម្ពុជាក្នុង​ឆ្នាំ​២០១៦​នេះ​ ​បាន​ទទួល​មរណភាព​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ គឺ​មាន​រយៈពេល​មិនបាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នកជំងឺ​រូប​នេះ ​ត្រូវ​គេ​ដាក់ឱ្យ​ទទួល​ការព្យាបាល​ដាច់​ដោយ​ឡែក។​

លោក ​ឃុន​ ណូ​ អ្នក​បញ្ជា​កាមេរ៉ា​ថត​ពី​លើ​អាកាស​ (Drone) ​របស់​ក្រុម​ហ៊ុន​ CBS​ដែល​គ្រប់គ្រង​លើ​ទូរទស្សន៍ ​CTN ​CNC ​និង​ MY​ TV​ ត្រូវ​បាន​មន្ត្រី​សុខា​ភិបាល​កម្ពុជាបញ្ជាក់​ថា​ មាន​ផ្ទុក​មេរោគ​ផ្ដាសាយ​ជ្រូក​ H1N1​ ​កាល​ពីថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ ហើយ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​~សូវៀត។​ ​នេះបើ​តាម​ការឲ្យ​ដឹង​ពី​លោកឈឹង​ យ៉ៅ​យេង ​នាយក​រងពេទ្យ​មិត្តភាព​ខ្មែរ​~សូវៀត។​ លោកថា​ បុរស​វ័យ​ជាង៣០ឆ្នាំ​ រូបនេះ​ត្រូវ​បាន​បញ្ជូន​មក​ពេទ្យ​ក្រោយ​ពេល​ស្ថាន​ភាព​ជំងឺ​ប្រែ​ក្លាយ​ជា​ធ្ងន់ធ្ងរ​ ហើយ​ប៉ះពាល់​ដល់​សួត​ធ្ងន់ធ្ងរ។​

លោក​ឈឹង យ៉ៅយេង ​បាន​បន្ថែម​ថា៖

«H1N1 ​គឺ​ជា​ជំងឺ​មួយ​ដែល​អាច​មាន​យូរ​ណាស់​មក​ហើយ។ ក៏ប៉ុន្តែ​នៅ​ក្នុង​ H1N1​នៅលើ​អ្នក​ហ្នឹង​គឺ​ជា​សណ្ឋាន​មួយ​ធ្ងន់ធ្ងរ​ ព្រោះ​គាត់ឈឺ​នៅផ្ទះ​យូរ​ដែរ​ហើយ»។​

ជំងឺ​ផ្តា​សាយ​ជ្រូក​ (Swine-flu)​ ​ដែល​បង្ក​ដោយ​មេរោគ​ឈោ្មះ​ឬ H1N1​ នេះ​ ​រាលដាល​ពី​សត្វ​ជ្រូក​មក​មនុស្ស​ ក្រោយ​មក​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជំងឺ​ផ្ដា​សាយ​ឆ្លង​រាល​ដាល​រវាង​មនុស្ស​និង​មនុស្ស។​ ​កម្ពុជា​បាន​រក​ឃើញ​ជំងឺ​ផ្ដា​សាយ​ជ្រូក​ ឬ​មេរោគ​ H1N1​ ជា​លើក​ដំបូង​បង្អស់ នាឆ្នាំ​២០០៩​ ដែល​បង្ក​ឲ្យ​មាន​ករណី​ឆ្លងជំងឺ ​និង​ស្លាប់​ជា​ច្រើន​ករណី។​ បើតាម​អង្គការ​សុខភាព​ពិភព​លោក ​នៅ​ក្នុង​ឆ្នាំ​២០១២​ មេរោគ​ H1N1 ​នេះ ​បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​មេរោគ​ផ្ដាសាយ​ធម្មតា ​និង​ជា​ផ្ដាសាយ​តាម​រដូវ​កាលផង​ដែរ​។​

​លោកវេជ្ជបណ្ឌិត​លី​ សូវ៉ាន់​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ ​និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ឲ្យ​ដឹង​ថា​ក្រសួង​សុខាភិបាល​បាន​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ ​ទៅ​ដល់​បុគ្គលិក​នៃ​ក្រុម​ហ៊ុនទូរទស្សន៍ ​CTN ​CNC ​និង​MY TV​ រួមទាំង​គ្រួសារ​លោក​ ឃុន ណូផងដែរ ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​មួយ​នេះ។

លោក​វេជ្ជបណ្ឌិត​ លី សូវ៉ាន់​បាន​បន្ថែម​ថា៖

«យើង​បាន​វាយ​តម្លៃ​ ហើយ​ៗ អត់​មាន​ឃើញ​បញ្ហា​អ្វី​ផង​នៅ​ CTN ​យើង​បាន​បញ្ជូន​មន្ត្រី​សុខាភិបាល​ជំនាញ​ ក៏​ដូចជា​មន្ត្រី​ជំនាញ ​ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក ​ចុះ​វាយ​តម្លៃ​ហើយ ​ក្រៅពី​ករណី​មួយ​ហ្នឹង​ អត់មាន​ករណី​ផ្សេង​ទៀត​ទេ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុម​ហ៊ុន ​CBS ដែល​ផ្សាយ​នា​ល្ងាច​ថ្ងៃពុធ​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ ​ទ្វេ​ដង​ទៅ​លើ​ការ​រក្សា​អនាម័យ​នៅ​កន្លែង​ធ្វើការ​ ​រួម​ជាមួយ​នឹង​ការ​ចាក់​ថ្នាំបង្ការ​ទៅ​ដល់​បុគ្គលិក​ទាំង​អស់។​ ​ជាពិសេស​បើក​យុទ្ធនាការ​លើក​កម្ពស់​ការយល់​ដឹង​ដ៏​ខ្លាំង​ក្លា​មួយ ​ដោយ​រំលឹក​បុគ្គលិក​ទាំងអស់​ឱ្យ​លាង​ដៃ​នឹង​សាប៊ូ​ និង​ទឹក​ឱ្យ​បាន​ទៀងទាត់​ ​និង​យក​ក្រដាស​ខ្ទប់​មាត់​នៅ​ពេល​ក្អក​ ឬ​កណ្ដាស​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ។

យ៉ាង​ណា​ក៏​ដោយ​ ​គេមិន​ទាន់​ដឹង​ថា​លោក​ ឃុន ណូ​បានឆ្លង​មេរោគ​ H1N1 ​ពី​ណា​នៅ​ឡើយ​នោះ​ទេ។​ ​ក៏ប៉ុន្តែ​គេដឹង​ថា​លោក​បាន​ធ្វើដំណើរ​ចុះ​ឡើង​រវាង​ខេត្តកំពត​និង​ក្រុង​ភ្នំពេញ​ជា​ទី​ដែល​អ្នកជំងឺ​រូប​នេះបំពេញ​ការងារ។

ទោះ​បីជា​យ៉ាង​នេះ​ក៏​ដោយ​ ​លោក​វេជ្ជ​បណ្ឌិត​ លី​ សូវ៉ាន់ ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ ទទូច​ឲ្យ​ប្រជាពល​រដ្ឋ​ដែល​សង្ស័យ​ថា​ខ្លួន​មាន​ជំងឺ ​H1N1 ​មក​ពិនិត្យ​សុខភាព​ខ្លួន​ឲ្យ​បាន​ឆាប់​ ​ចៀស​វាង​យឺត​ពេល​ ជាពិ​សេស​គឺ​ក្រុម​ជន​ងាយ​រងគ្រោះ​ឆ្លង​ជំងឺ។​ ក្នុងនោះ​ ​កូន​ក្មេង​អាយុ​ក្រោម​៥ឆ្នាំ​ ​មនុស្ស​ចាស់​អាយុ​ចាប់ពី​៦៥ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ​ និង​អ្នក​មាន​ជំងឺ​រ៉ាំ​រ៉ៃតួយ៉ាង​ជំងឺ​សួត​ ​បេះដូង​ ថ្លើម​ និង​ទឹក​នោម​ផ្អែម​ជាដើម គឺ​ជា​ក្រុមជនងាយ​រងគ្រោះ​ដែល​អនុញ្ញាត​ឲ្យមេរោគ ​H1N1 ​អាច​វាយ​លុកនិង​វិវត្តន៍​ទៅ​ជា​ធ្ងន់ធ្ងរ​យ៉ាង​ឆាប់រហ័ស។

លោក​បញ្ជាក់​ថា៖

«ក្រសួង​សុខាភិបាល​មាន​ផ្គត់​ផ្គង់​ឱសថ​សម្រាប់​ព្យាបាល​ផ្តាសាយ។ ហើយ​យើង​ក៏​មាន​មន្ទីរ​ពិសោធន៍​ដើម្បី​ធ្វើ​តេស្ត​ទាន់ពេល​វេលា​។ ដូច្នេះ​បង​ប្អូន​ណា​ស្ថិត​ក្នុង​ក្រុម​រងគ្រោះ​ ឬ​ក្រោយ​៣ថ្ងៃឈឺ​ផ្តាសាយ​ ហើយ​វិវត្តន៍​ទៅ​ជា​ឈឺហត់​ ឬ​ ធ្ងន់ធ្ងរ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ»។​

ក្រោយ​ពី​ការ​ស្លាប់​របស់​អ្នកផ្ទុក​មេរោគ ​H1N1​ ឬ ​ជំងឺ​ផ្តាសាយជ្រូកលើក​ដំបូង​ក្នុង​ឆ្នាំ​២០១៦នេះ ​មន្ត្រីសុខា​ភិបាល​កម្ពុជាអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ ជា​ពិសេស​ប្រជា​ពលរដ្ឋ​កម្ពុជា​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ ​និង​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ជា​ប្រចាំ​ ​និង​រក្សា​គម្លាត​ពី​អ្នក​ជំងឺផ្តាសាយ។​ ឯ​អ្នក​ជំងឺ​ផ្តាសាយ​ក៏គួរគប្បី​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​លាប់ ចៀស​វាង​ចម្លង​ជំងឺ​ទៅ​អ្នក​ដទៃ៕