នាយករដ្ឋមន្រ្តី​ហុងគ្រី​ស្នើ​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​​ជាតិ​លើ​កូតា​ទទួល​យក​ជន​អន្តោប្រវេសន៍

នាយករដ្ឋមន្រ្តី​ហុងគ្រី​ស្នើ​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​​ជាតិ​លើ​កូតា​ទទួល​យក​ជន​អន្តោប្រវេសន៍

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ប្រទេស​ហុងគ្រី លោក Victor Orban ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​នៅ​ស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​។

នាយក​រដ្ឋមន្រ្តី​ហុងគ្រី​បាន​ស្នើ​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​ថ្នាក់​ជាតិ​មួយ​ទៅលើ​ចំនួន​កូតា​ទទួល​យក​ជនអន្តោប្រវេសន៍​និង​ជនភៀស​ខ្លួន​ចូល​មក​កាន់​សហភាព​អឺរ៉ុប។

ថ្លែង​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​ពុធ ​លោក Victor Orban​ បាន​អះអាង​ជាថ្មី​ម្តងទៀត​ថា រដ្ឋាភិបាល​ទីក្រុង​ព្រុចសែល​មិន​មាន​សិទ្ធិ​ក្នុង​ការ​កំណត់​នូវ​អត្តសញ្ញាណ​ វប្បធម៌​ និង ​សាសនា​របស់​អឺរ៉ុប​ជា​ថ្មី​ឡើង​វិញ​នោះ​ទេ ហើយ​លោក​បាន​លើកឡើង​ថា ​ចំនួន​កូតា​នៃ​ការតាំង​ទីលំនៅ​ឡើង​វិញ​ដែល​មិន​ទទួល​បាន​ការឯកភាព​ពី​ម្ចាស់ឆ្នោត គឺ​ជា​ការបំពាន​លើ​អំណាច។

លោក Orban បាន​មាន​ប្រសាសន៍​ថា ​សំណួរ​ដើម្បី​ធ្វើ​ការបោះឆ្នោត​ប្រជាមតិ​នឹង​អាច​សួរ​ថា​ «តើ​អ្នក​ចង់​ឲ្យ​សហភាព​អឺរ៉ុប​អនុញ្ញាត​ឲ្យ​ជន​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​ប្រជាពលរដ្ឋ​ហុងគ្រីមក​តាំង​លំនៅ​ជា​ថ្មី​នៅ​ប្រទេស​ហុងគ្រី​ដោយ​គ្មាន​ការព្រមព្រៀង​ពី​សភា​ហុងគ្រី​ឬ​យ៉ាង​ណា?»

លោក​បាន​មាន​ប្រសាសន៍​ថា សំណួរ​នេះ​ត្រូវ​បាន​ដាក់ស្នើ​ដើម្បី​សុំ​ការឯកភាព​ពី​ការិយាល័យ​រៀបចំ​ការបោះឆ្នោត​ជាតិ​រួចរាល់​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​តើ​នៅ​ពេល​ណា​ដែល​កាលបរិច្ឆេទ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នោះ​ទេ។ រដ្ឋាភិបាល​និយម​ស្តាំ​បាន​ច្រានចោល​ការផ្តួចផ្តើម​ទៅ​លើ​ចំនួន​កូតា​នៃ​ជនអន្តោប្រវេសន៍​ ចាប់​តាំង​ពី​មាន​កើន​ឡើង​វិបត្តិ​ជនអន្តោប្រវេសន៍​កាល​ពី​ឆ្នាំ​មុន​មក។

ប្រទេស​ហុងគ្រី​បាន​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សហភាព​អឺរ៉ុប​ចំពោះ​ការសាងសង់​របង​ដែកតាម​បណ្តោយ​ព្រំប្រទល់​ប៉ែក​ខាងត្បូង​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​ជនអន្តោប្រវេសន៍​អាច​ឆ្លង​ទៅ​បាន​ ដែល​នេះ​គឺ​ជា​គោលនយោបាយ​មួយ​កំពុង​តែ​ប្រើប្រាស់​ដោយ​ប្រទេស​ដទៃទៀត​ដែល​ប្រឈម​នឹង​ការចូល​មក​ដល់​របស់​ជនអន្តោប្រវេសន៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្រ្គាម​លោក​លើក​ទី​២​មក៕