ប្រធានាធិបតី​ប្រទេស​បូលីវី​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ

ប្រធានាធិបតី​ប្រទេស​បូលីវី​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ

ប្រធានាធិបតីបូលីវី Evo Morales ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយនៅ​វិមាន​រដ្ឋាភិបាលក្នុង​ក្រុង​ ឡាប៉ាស កាល​ពីថ្ងៃទី​២៤ ខែ​កុម្ភៈ​ឆ្នាំ២០១៦។

លោក​ Evo Morales ​ប្រធានាធិបតី​ប្រទេស​បូលីវី​បាន​ទទួល​ស្គាល់​ពី​ការចាញ់​នៅ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ​មួយ​ដែល​មាន​គោល​បំណង​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ក្នុង​អាណត្តិ​ទី​៤​នៅ​ឆ្នាំ​២០១៩។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពី​ថ្ងៃ​ពុថ​ លោក Morales ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជារាស្រ្ត។

លោក​ប្រធានាធិបតី​ឆ្វេង​និយម​រូប​នេះ​បាន​មាន​ប្រសាសន៍ដោយ​បន្ទោស​ទៅ​លើ​យុទ្ធនាការ​ឃោសនា​រើសអើង​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ ឬ​ជា​សង្រ្គាម​កខ្វក់​របស់​គណបក្ស​ប្រឆាំង​ស្តាំ​និយម​ថា ​លោក​បាន​ចាញ់​សមរភូមិ​ប្រជាធិបតេយ្យ​ប៉ុន្តែ​មិន​មែន​ចាញ់​សង្គ្រាម​នោះ​ទេ។

លទ្ធផល​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​ថា ការបដិសេធ​លើ​លោក​ប្រធានា​ធិបតី​មាន​សម្លេង​៥១,៣​ភាគរយ ហើយ​ការគាំទ្រ​មាន​សម្លេង​៤៨,៧​ភាគរយ។

យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​បូលីវី ប្រធានាធិបតី​ម្នាក់​អាច​កាន់​អាណត្តិ​ថ្មី​រយៈពេល​៥​ឆ្នាំ​តែ​ម្តង​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក ​Morales​ បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​៣​ឆ្នាំ​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០០៦។

យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​កែប្រែ លោក​ត្រូវ​បាន​គេ​បោះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ម្តង​ទៀត​កាល​ពី​ឆ្នាំ​២០០៩​ ហើយ​បាន​ឈ្នះ​ម្តងទៀត​កាល​ពី​ឆ្នាំ​២០១៤។ ​អាណត្តិ​ថ្មី​របស់​លោក​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០៕