អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

Doliprane TVC

​សុភាពនារី​ទាំងឡាយ​បាន​ជ្រាប​ហើយ​ថា​ការមិន​ញ៉ាំ​អាហារ​ពេលព្រឹក​ច្បាស់​ជាមាន​ផលប៉ះពាល់ដល់​សុខភាព​មិន​ខាន ព្រោះអាហារ​ពេលព្រឹក​វា​សំខាន់​ចំពោះ​ខួរក្បាល​ខ្លាំងណាស់ពោល​បើ​យើង​រំលង​អាហារ​ពេលព្រឹកវា​នឹង​ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ជាហេតុ​ធ្វើ​ឱ្យដល់​ម៉ោង ៩-១០ យើង​នឹងមាន​អារម្មណ៍​ឃ្លាន​មួម៉ៅ​ស្ពឹក​ខួរក្បាល​គិត​អ្វី​មិនសូវ​ចេញ មិនមាន​សមាធិ ទទួលទាន​ចិ​ប​ចុ​ប​លើស​ដើមព្រោះខួរក្បាល​របស់​មនុស្ស​យើង​ត្រូវការ​ជាតិ​គ្លុយកូស​ទៅ​ចិញ្ចឹម​គ្រប់ពេលវេលា ។ ដូច្នេះហើយ​ថ្ងៃនេះ​យើង​មានមុខ​ម្ហូប​ពេលព្រឹក​គួរឱ្យ​ចង់​ញ៉ាំ​សម្រាប់​អ្នក​សម្រក​ទម្ងន់ហើយ​ញ៉ាំ​ទៅ​មិន​ធ្វើឱ្យ​ធាត់​ទៀតផង ។

១-​ផ្លែឈើ​ស្រស់​

អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

​ភ្ញាក់​ព្រឹក​ឡើង​ដោយ​ភាព​ស្រស់ស្រាយ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ការ​ទទួលទាន​ផ្លែឈើ​ស្រស់ៗដ៏​ឆ្ងាញ់​ពិសាទទួលបាន​វីតាមីន​ផ្សេងៗ​ពី​ព្រលឹម​ជួយ​បន្ថែម​ភាពស្រស់​ស្រាយនិងជួយ​បង្កើនភាពស្វាហាប់​បាន​ងាយៗ ហើយ​ថែមទាំង​ទទួលបាន​ប្រយោជន៍​បែប​ស្រស់ៗ ។ ជាង​នេះ​ទៅទៀត​ការ​ទទួលទាន​ផ្លែឈើ​មិន​ធ្វើឱ្យ​យើង​ធាត់​ទៀតផង ។ វា​ជា​វិធី​ទទួលទាន​សម្រាប់​អ្នកសម្រក​ទម្ងន់​បែប​ធម្មជាតិនិង ល្អ​បំផុត​ដោយ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយនិងកម្ចាត់​ជាតិពុល​ដែល​កកស្ទះ​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​តែម្តង ។

អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

២-​ធញ្ញជាតិ​ជាមួយ​ទឹកដោះគោ​
​ជា​មុខម្ហូប​ពិ​សេសមួយ​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន​អាហារ​ពេលព្រឹក​ឆ្អែតៗ ។ ចំពោះមុខ​ម្ហូប​«​ធញ្ញជាតិ និងទឹកដោះគោ​»​មាន​ប្រយោជន៍​ធ្វើឱ្យ​យើង​ឆ្អែត​បានយូរថែមទាំង​ឆ្ងាញ់​មាត់​ពេលព្រឹក​ទៀតផង ។ ណែ​នាំឱ្យ​ជ្រើសរើសទទួលទាន​ធញ្ញជាតិ​ណា​ដែលមាន​ជាតិ​សរសៃ​ច្រើនៗ ទទួលទាន​ជាមួយ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​ពិតជា​ឆ្ងាញ់​មែន ។ វា​ជា​មុខម្ហូប​ងាយៗទទួលទាន​ទៅធ្វើ​ឱ្យ​ឆ្អែត​នឹង​ពោះមិន​ធ្វើឱ្យ​ធាត់ ហើយ​ថែមទាំង​ផ្តល់​ថាមពល​ខ្លាំង​ដល់​រាងកាយ និង មិន​បន្ថែម​ជាតិ​ខ្លាញ់​ដែល​អ្នក​មិនត្រូវ​ការ​ទៀតផង ។ យើង​អាច​ទទួលទាន​លាយ​ជាមួយ​ផ្លែឈើ​ក៏បានដូចជា​ផ្លែ​ស្ត្រ៊​ប៊ឺ​រី ផ្លែឈើ​ត្រកូល​ប៊ឺ​រី ឬ ផ្លែ​ប៉ោម​ក៏បាន។សូមជម្រាបថា​មុខម្ហូប​ពេលព្រឹក​មួយ​នេះ​សម​សម្រាប់​អ្នក​សម្រក​ទម្ងន់​មែនទែន ។

អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

៣-​ស្រូវ​អូត​
​អាហារ​ពេលព្រឹក​ដើម្បី​សុខភាព​ដូចជា​«​ស្រូវ​អូត​» មួយ​នេះ​ជា​មុខម្ហូប​មួយ​ដែល​យើង​ចង់​ណែនាំ​ឱ្យ​អ្នក​ទទួលទានព្រោះ​មាន​ប្រយោជន៍​ខាង​សារធាតុអាហារ​ជាច្រើនជាពិសេស​ម្សៅឬការ​បូ​អ៊ី​ដ្រា​ត ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។ ជា​អាហារ​ពេលព្រឹក​ដ៏​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ ព្រោះស្រូវ​អូត​មាន​ជាតិសរសៃ​ខ្ពស់ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ថែមទាំង​មាន​កាឡូរី​ទាប ធ្វើឱ្យ​មិន​ងាយ​ឃ្លាន ជា​ភ្នាក់ងារ​ជួយ​ដ៏​សំខាន់​ក្នុងការ​សម្អាត​ប្រព័ន្ធ​ផ្លូវអាហារ ។ អាចនិយាយថា​ជួយ​សម្អាតពោះវៀន​បាន​យ៉ាង​ប្រសើរនិងជួយ​កាត់បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​រាងកាយមិន ត្រូវការ ។ ទទួលទាន​ស្រូវ​អូត​ងាយៗ​ដោយ​គ្រាន់តែ​ដាក់​ទឹកដោះគោ​ចូលឬអ្នកណា​ដែលចូលចិត្ត​ថែម​សូកូឡា​ក៏​ឆ្ងាញ់​ម្យ៉ាងដែរ ។

អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

៤-​ទឹកដោះគោ និង ស៊ុត​
​គួរ​ជ្រើសរើស​ផឹក​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប កាល់ស្យូម​ខ្ពស់ កាឡូរី​ទាប ទទួលទានជាមួយ​មុខម្ហូប​ស៊ុត​ស្ងោរ ឬ ស៊ុត​ចំហុយ​គឺ​សុទ្ធតែ​ឆ្ងាញ់​ពិសា​ទាំងអស់ ។ មិន​ណែ​នាំឱ្យ​ទទួលទាន​ជាមួយ​អូ​មឺ​ឡែ​ត និង ស៊ុត​ចៀនព្រោះ​យើង​គួរតែ​តម​អាហារ​ប្រភេទ​ចៀន ។

អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

៥-​សាលាដ៍​បន្លែ​
​ជា​មុខម្ហូប​សម្រក​ទម្ងន់​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្តទទួលទាន​ទាំង​សាលាដ៍ទាំងបន្លែយើង​មិន​ផ្តោតលើ​មុខម្ហូប​សាច់សត្វ​ដែល​ត្រូវ​តម​ខ្លះ ។ បន្លែ​សាលាដ៍​ជា​មុខម្ហូប​ឆ្ងា​ញអាច​ទទួលទាន​ជាមួយ​ផ្លែឈើ និង ទឹកដោះគោ​គឺ​សុទ្ធតែជួយ​ឱ្យមាន​អារម្មណ៍​ស្រស់​ស្រាយ ។ ការ​ទទួលទាន​បន្លែស្រស់​តាំងពី​ព្រលឹម​បែបនេះ​ជា​រឿង​ប្រសើរ​បំផុតព្រោះ​ជាការបើកផ្លូវ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ស្រឡះ​ស្រួល​ទទួល​អាហារ​ពេញ​មួយថ្ងៃ ។

អាហារ​ពេលព្រឹក ៥ មុខ​សម្រាប់​អ្នក​សម្រក​ទម្ងន់​

​យើង​បានដឹងហើយថាមិនគួរ​តម​អាហារ​ពេលព្រឹក​ឡើយព្រោះ​វា​ជា​ជំនឿ​ខុសឆ្គង​មួយ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​ផង ហើយ​អ្វីដែល​មិនអាច​ខ្វះបាន​នោះ​គឺ​កុំ​ភ្លេច​ហាត់ប្រាណ​ផង ៕ ឆាន់ ចំ​រ៉ា