ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​វ៉ា​លី​​មួយ​ចាក់សោ​បិទ​ជិត​ត្រូវ​គេ​យក​មក​​​ប្លុង​ចោល​នៅ​ជិត​គំនរ​សំរាម​​បង្ក​ការ​​ភ្ញាក់​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​​យក​ទៅ​ពិនិត្យ​ និង​បើក​មើល​សង្ស័យ​ថា​ខាងក្នុង​មាន​គ្រាប់បែក ​កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នៅ​ផ្លូវ​បេតុង​ជិត​គំនរ​សំរាម​ក្បែរ​តារាង​បាល់​ ក្នុងភូមិ​ប្រ​ប៉ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​​មន្ត្រី​​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ប្រជាពលរដ្ឋ​​​ប្រទះ​ឃើញ​មាន​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​​បាន​ដឹក​វ៉ា​លី​​ពណ៌កំបោរ​​​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​គំនរ​សំរាម​ ​ដោយ​​មាន​ការ​សង្ស័យ​​​ក៏​រាយការណ៍​ទៅ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ពិនិត្យ​នៅ​ចំណុច​ខាងលើ​ ហើយ​សមត្ថកិច្ច​ក៏​​បាន​យក​វ៉ា​លី​នោះទាំង​ញញើតញញើម​ ព្រោះ​ខ្លាច​មាន​គ្រាប់បែក​នៅ​ក្នុង​វ៉ា​លី​ ប៉ុន្តែ​ពេល​​ចាប់​លើក​​ស្រាល ​​និង​​ក្រឡុក​​ពុំ​​មាន​ឮ​​សំឡេង​អ្វី​ទាំងអស់ សមត្ថកិច្ច​ក៏​​​យក​វ៉ា​លី​​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ពិនិត្យ​បន្ត​ទៀត ។

លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​​សមត្ថកិច្ច​ជំនាញ​​គាស់​ឆែក​មើល​ ព្រោះ​វ៉ា​លី​​នោះ​ជាប់លេខ​កូដ​​សម្ងាត់​ទម្រាំ​តែ​បើក​ចេញ​នោះ​សមត្ថកិច្ច​ភ័យ​លោះ​ព្រលឹង​មិន​តិចទេ​​ ។  លុះ​ពេល​បើក​វ៉ា​លី​​នោះ​បាន​ មិនឃើញ​មាន​អ្វី​បន្តិច​​សោះ ៕