សមត្ថកិច្ច​មាត់សមុទ្រ​បំបែកសម្បុក​ក្រុម​ចោរ​គេច​ពី​ភ្នំពេញ

សមត្ថកិច្ច​មាត់សមុទ្រ​បំបែកសម្បុក​ក្រុម​ចោរ​គេច​ពី​ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៦​នាក់​ក្នុង​នោះ​មាន​ស្ដ្រី​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បើក​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ក្នុង​ដី​អនុ​ក្រិ​ត្យ​លេខ​៧៦ (​ព្រៃ​អាកា​ស្យា​) ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ស្និ​ទ្ធិ​នឹង​ប្រតិបត្តិការ​នោះ​បាន​អះអាង​ថា ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន បាន​ក្រុម​ជនសង្ស័យ​មួយ​សំបុក​នេះ គឺ​ដោយសារ​ប៉ុន្មាន​ថ្ងៃមុន ត្រូវ​ជនសង្ស័យ
បាន​ចូល​មក​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ដោយ​មានការ​លាក់លៀម​មិន​ប្រក្រតី ។ ភាព​សង្ស័យ​ទើប​កម្លាំង​របស់​លោក​បាន​រាយការណ៍​ទៅ​កាន់​លោក​មេបញ្ជាការ​អំពី​សកម្មភាព​នេះ ទើប​លោក​ឧត្តមសេនីយ៍​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ត្រី ហ៊​ត សីហា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ក​ត្រួតពិនិត្យ ។

ខណៈ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅ​ដល់​ភ្លាម ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​បាន​ព្យាយាម​រត់គេច​ខ្លួន ទើប​កម្លាំង​ធ្វើការ​ឡោម​ព័ទ្ធ​តែ​ម្តង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ រួម​ជាមួយ​ម៉ូតូ​៣​គ្រឿង ។ ក្នុង​នោះ​ម៉ូតូ​ដែល​ពួក​គេ​ប្លន់​បាន​មាន​១​គ្រឿង និង​២​គ្រឿង​ទៀត​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។ ក្រៅពី​នេះ​បាន​រឹបអូស​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​ផង​ដែរ ។

បន្ទាប់​ពី​ការ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​សួ ទី​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ បាន​សារភាព​ថា ពួក​ខ្លួន​ចំនួន​៣​នាក់ ក្នុង​ចំណោម​៦​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​លើក គឺ​នៅ​មុខ​ពេទ្យ​រុ​ស្ស៊ី​១​លើក និង​បឹង​ត្របែក​ចំនួន​១​លើក បាន​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​១​គ្រឿង​លក់​នៅ​ភ្នំពេញ និង​១​គ្រឿង​ទៀត​បំណង​យក​មក​លក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ បាន​សារភាព​ទៀត​ថា ក្នុង​សកម្មភាព​ទាំង​២​លើក​នោះ ពួក​ខ្លួន​មាន​គ្នា​៦​នាក់ នៅ​ចំពោះ​មុខ​៣​នាក់ និង​នៅ​ភ្នំពេញ​៣​នាក់ ស្ដ្រី​ម្នាក់ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់ ដែល​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ហើយ​ចាប់ខ្លួន​នា​ពេល​នេះ គឺជា​ក្រុម​ប្លន់​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​មក​ពួន​ស​ង្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​យុទ្ធនាការ​នោះ​ដែរ កម្លាំង​របស់​លោក​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​និង​ម៉ូតូ​ចំនួន​៣​គ្រឿង ។

ជនសង្ស័យ​ទាំង​៦​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១-​ឈ្មោះ សេង មិថុនា ភេទ ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ផ្សារ​ឯកជន ទី​២-​ឈ្មោះ ហេង ជី​វង្ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទី​៣-​ឈ្មោះ ហង្ស ដា​រ៉ា​តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មានមុខ​របរ​លក់​មាន់ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខ័​ណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ ទី​៤-​ឈ្មោះ សួ​ទី​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទី​៥-​ឈ្មោះ ឡុ​ង កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី​៦-​ឈ្មោះ សាន្ត ដា​នី​តា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​នៅ​ភ្នំពេញ កំពុង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ក្រុងព្រះសីហនុ​ធ្វើការ​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

ទាក់ទិន​នឹង​មេខ្លោង​របស់​ក្រុម​ជនសង្ស័យ​ចោរប្លន់​ទាំងនេះ មន្ត្រី​មាន​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ គ្រាន់តែ​បង្ហាញ​ខ្លះ​ៗ​ថា កំពុង​តាម​ប្រមាញ់​ព្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ៕