សុខភាព &raquo សុខភាព

បើ​ទោះ​វា​ជា​បញ្ហា​តូចតាច ប៉ុន្តែ​ការ​ប្រែប្រួល​នៃ​ការ​ស្រេកឃ្លាន​អាហារ​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ជា​ពិសេស​សម្រាប់​បុគ្គល​ដែល​មិន​ស្ថិត​ក្នុង​វ័យចាស់ ។ គេ​គួរ​ស្វែងរក​សេវា​ពិគ្រោះ​សុខភាព​ឬ​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ប្រ​សិន​ទម្លាប់​ឃ្លាន​អាហារ​ផ្លាស់​ប្តូរ​ដូច​ខាងក្រោម ៖

១-​ថយ​ចុះ​ការ​ឃ្លាន​អាហារ និង​អស់កម្លាំង ៖ ថយ​ចុះ​ការ​ស្រេកឃ្លាន​អម​ដោយ​ការ​អស់កម្លាំង ជ្រុះ​សក់​អាច​បណ្តាល​មក​ពី​បញ្ហា Hypothyroidism-​ក្រ​ពេញទី​រ៉ូ​អីុដ​ដំណើរ​ការ​មិនល្អ​ដោយ​វា​មិន​អាច​ផលិត​អ័រម៉ូន​ទី​រ៉ូ​អីុដ​បាន​គ្រប់គ្រាន់ ។ សូម​រួសរាន់​ទៅ​ជួប​វេជ្ជបណ្ឌិត ធ្វើតេស្ត​ឈាម​រក​រោគវិនិច្ឆ័យ ។ ប្រសិនជា​ក្រ​ពេញទី​រ៉ូ​អីុដ​ដំណើរការ​មិនល្អ​នោះ ការ​ប្រើ​ថ្នាំ​ជំនួស​អ័រម៉ូន​នេះ​គឺជា​រឿង​ចាំបាច់ ។

២-​ថយ​ចុះ​ការ​ឃ្លាន និង​ផ្លាស់​ប្តូរ​ចលនា​ពោះវៀន ៖ សភាព​ប្រែប្រួល​នេះ​តែង​អម​ដោយ​រោគ​សញ្ញា​មួយ​ចំនួន​ក្នុង​នោះ​មាន​ដូច​ជា ផ្លាស់​ប្តូរ​ទម្លាប់​ពោះវៀន ហេវ​ហត់​អស់កម្លាំង ខ្ពើមរអើម​អាហារ មាន​ឈាម​ក្នុង​លាមក បត់ជើងតូច ឬ​ក្អួតចង្អោរ ។ ចូរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដ្បិត​លោក​អ្នក​អាច​កើត​មហារីក​ណាមួយ​ក្នុង​រាង​កាយ ។

៣-​ថយ​ចុះ​ការ​ឃ្លាន​ខណៈ​កំពុង​ប្រើ​ថ្នាំពេទ្យ ៖ នេះ​អាច​ជា​ផល​រំខាន​របស់​ថ្នាំពេទ្យ​ខ្លះ​តួយ៉ាង​ដូច​ជា ថ្នាំ​ប្រឆាំង​មហារីក ថ្នាំ​ផ្សះ ថ្នាំ​បន្ថយ​ការ​ឈឺចាប់​(​ថ្នាំ​សណ្តំ​)...​។ ចូរ​ជជែក​ពី​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា ។ យ៉ាងណា​ក៏​ដោយ មាន​ពេល​ខ្លះ​ផល​រំខាន​ទាំងនេះ​អាច​បាត់​ទៅ​វិញ​បន្ទាប់​ពី​ប្រើ​បាន​២-៣​ថ្ងៃ ។

៤-​ឃ្លាន​និង​ស្រេកទឹក​ខ្លាំង តែ​ដេក​ពុំ​លក់ ៖ កើនឡើង​ការ​ឃ្លាន​អាហារ​អម​ដោយ​ការ​ដេក​ពុំ​លក់ ស្រេកទឹក បែកញើស​ខ្លាំង ជ្រុះ​សក់​ឬ​ចលនា​ពោះវៀន​ខុស​ពី​ធម្មតា​អាច​បណ្តាល​មក​ពី​អ​តុល្យភាព​អ័រម៉ូន​ឬ Hypothyroidism ។

៥-​ឃ្លាន​ខ្លាំង​និង​ការ​ជា​សះស្បើយ​ពីរ​បួស​មាន​សភាព​យឺត ៖ ការ​ស្រេកឃ្លាន​បែប​នេះ​ជា​ធម្មតា​អម​ដោយ​ការ​ស្រេកទឹក​ខ្លាំង ការ​ហេវ​ហត់​អស់កម្លាំង និង​បត់ជើងតូច​ច្រើន ។ ចូរ​ប្រញាប់​ទៅ​ពិនិត្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ដ្បិត លោក​អ្នក​អាច​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម ។

៦-​ឃ្លាន​ខ្លាំង​បន្ទាប់​ពី​ប្រើ​ថ្នាំពេទ្យ ៖ នេះ​អាច​ជា​ផល​រំខាន​របស់​ថ្នាំ​មួយ​ចំនួន​ដូច​ជា ពពួក​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត (Prozac 20mg-Fluoxetine) និង​ពពួក​ថ្នាំ​អាលែកហ្ស៊ី តែ​ពេល​មិន​លេបថ្នាំ​ក៏​អត់ឃ្លាន​អាហារ​វិញ ៕