លោក Van Gaal នៅ​​តែ​រង​សម្ពាធ​ក្នុង​ពេល​ជួបក្លឹប Midtjylland រាត្រី​នេះ

ពពក​ខ្មៅ​​ដែល​កំពុង​តែ​បិត​បាំង​ពី​លើ​ក្រុម Manchester United បាន​រសាត់​ចេញ​បន្តិច​​បន្តួច​​ប៉ុណ្ណោះ​នៅពេល​ដែល​ពួក​គេ​​បាន​ផ្តួល​ក្រុម Shrewsbury ក្នុង​ការ​ប្រកួត​ពាន FA Cup កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ លោក Louis van Gaal ដែល​​ជា​អ្នក​ចាត់​ការ​ទូទៅ នៅ​តែ​ជា​អ្នក​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ​។

manu-vs-midtyllandអ្នក​ចាត់​ការ​ទូទៅ​របស់ Man United រូប​នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​កំហុស​ទៀត​ឡើយ ខណៈ​ដែល​លោក​​​ត្រូវ​ព្យា​យាម​​រក្សា​ឱកាស​របស់​ក្រុម​លើ​ការ​ឈ្នះ​ពាន​អឺ​រ៉ុប នៅ​ពេល​ដែល​ពួក​គេ​​ជួប​ជា​មួយ​នឹង​ក្រុម Midtjylland នៅ Old Trafford នា​រា​ត្រី​នេះ​។ ការ​រង​បរា​ជ័យ ២-១ របស់ Man United នៅ​លើ​ទឹក​ដី​ក្រុម​ម្ចាស់​ជើង​ឯក​របស់​ដា​ណឺ​ម៉ាក​មួយ​នេះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League ក្នុង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​កាល​ពី​សប្តាហ៍មុន គឺ​ជា​លទ្ធ​ផល​ដ៏​អា​ម៉ាស​សម្រាប់​លោក Van Gaal ខណៈ​កា​សែត​ក្នុង​ស្រុក Manchester Evening News អំ​ពាវ​នាវ​ឲ្យ​បណ្តេញ​​​រូប​លោក​ចេញ ក្រោយ​ពី​ការ​ប្រកួត​នេះ​​​។ យ៉ាង​ហោច​ណាស់ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United រូប​នេះ​បាន​គេច​ផុត​ពី​​ភាព​អា​ម៉ាស​​នៅ​លើ​ទឹក​ដីក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​ទី​៣ Shrewsbury ដែល​ជា​​ក្រុម​​ស្ថិត​នៅ​ពី​​ក្រោម​ពួក​គេ​២​ក្រប​ខ័ណ្ឌ និង​មាន​ចំណាត់​ថ្នាក់​ក្រោម​​ដល់​​ទៅ​50​លេខ ប៉ុន្តែ បើ​ទោះ​បី​ទទួល​បាន​​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​ក្នុង​លទ្ធ​ផល ៣-០ ក៏​ដោយ វា​មាន​​នូវ​ការ​កក់​ក្តៅ​តិច​តួច​ណាស់​។

លោក Van Gaal ដែល​​ក្រុម​របស់​លោក​​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​​៥​នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម​​ឈរ​លេខ​១ Leicester ១២​ពិន្ទុ​នោះ ដឹង​យ៉ាង​ច្បាស់​ថា ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ប្រសើរ ពិត​ជា​ត្រូវ​ការ​យ៉ាង​ចាំ​បាច់ ខណៈ​ដែល​លោក Jose Mourinho កំពុង​តែ​ត្រៀម​​​ខ្លួន​រួច​ជា​​ស្រេច​ក្នុង​ការ​ចូល​កាន់​តំណែង ប្រសិន​បើ​ថ្នាក់​ដឹក​នាំ Man United សម្រេច​ចិត្ត​បណ្តេញ​គ្រូ​បង្វឹក​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​។ លោក Van Gaal បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ជា​មួយ​នឹង​កីឡាករ​របស់​ខ្ញុំ​ពេល​ប្រកួត​ជា​មួយ​ក្រុម Shrewsbury​​។ ពួក​គេ​មាន​ការ​ប្តេជ្ញា​ចិត្ត​។ នៅ​ពេល​នេះ យើង​ត្រូវ​តែ​ផ្តួល Midtjylland ប៉ុន្តែ វា​នឹង​មិន​ងាយ​ស្រួល​ឡើយ ពី​ព្រោះ​​ពួក​គេ​ជា​ក្រុម​ខ្លាំង​។ យើង​បាន​ឃើញ​ភាព​ខ្លាំង​នោះ​អំឡុង​ការ​ប្រកួត​ជើង​ទី​​មួយ​»​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​៣:០៥​ទៀប​ភ្លឺ​​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post