ការប្រកួតជម្រុះមាន ៣​ក្រុមបានបន្ថែម​ការ​ឈ្នះ ខណៈ​ខេត្ត​ស្ទឹង​ត្រែង និង​ព្រះសីហនុ ទទួល​បាន​លេខ​១

ក្រុម​ខេត្ត​ស្វាយរៀង សៀម​រាប​អង្គរ និង​ក្រុម​ខេត្ត​កំពង់​ឆ្នាំង សុទ្ធ​តែ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម សម្រាប់​ការ​ប្រកួតជម្រុះ​ជា​បឋម​លើក​ទី​២​នៃ​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី​១០ ប្រចាំ​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ ខណៈ​ក្រុម​កំពង់ផែស្វយ័ត និង​ក្រុម​ខេត្ត​ស្ទឹង​ត្រែង បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​នៅ​តាម​ពូល​រៀងៗ​ខ្លួន។

hunsen-cupនៅក្នុង​ការ​ប្រកួត​ជម្រុះ​ជា​លើក​ទី​២​នេះ ក្រុម​ស្វាយរៀង បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ៣-២ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​B ខណៈ​ក្រុម​យុវជន​បឹង​កេតកំពង់​ចាម ដែល​បាន​ឈ្នះ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ២-០ នៅ​ថ្ងៃ​បើក​ឆាក បែជា​ទៅ​ចាញ់​ក្រុម​ខេត្ត​ព្រៃវែង ក្នុង​លទ្ធ​ផល ៤-៣ នោះ។ ចំណែក​ក្រុម​សៀម​រាប​អង្គរ បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​មាន​៣​ពិន្ទុ​ក្នុង​ដៃ អ.ហ​ខេត្ត​កំពង់​ធំ ក្នុង​លទ្ធផល ១-០ ទាំង​ស្វិត​ស្វាញ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាងនៃ​ពូលC ដែរ ប៉ុន្តែ​ក្រុម​ខេត្ត​ព្រះ​វិហារ បាន​បន្ត​រង​គ្រោះ​ជា​លើក​ទី​២ ដោយ​ពួក​គេ​បាន​ចាញ់​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ ៣-០។

ចំពោះ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង ក៏​បាន​បន្ថែម​ភាព​កក់ក្តៅ ក្នុង​ការ​រក្សា​តំណែង​នៅ​លើ​កំពូល​តារាង​ប្រចាំ​ពូល​D ដែល​មាន​តែ​៣​ក្រុម​ផង​ដែរ ខណៈ​ក្រុម​មួយនេះ​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ប៉ៃ​លិក ក្នុង​លទ្ធ​ផល ២-១ នោះ។ យ៉ាង​ណា​មិញ ក្រុម​ខេត្ត​កំពត បាន​ប្រើ​កីឡដ្ឋាន​ខេត្ត​កំពត​របស់​ខ្លួន ដើម្បី​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​កំពង់​ផែស្វយ័ត​ខេត្ត​ព្រះសីហនុ ៣-០ វិញ ប៉ុន្តែ​ក្រុម​មួយ​នេះ​នៅ​តែ​ទទួល​បាន​ត្រឹម​លេខ​២​ប្រចាំ​ពូល​E ដែល​មាន​២​ក្រុម​នេះ​ដដែល ព្រោះ​ការ​ប្រកួត​ជើង​ទី​២ ពួក​គេ​បានចាញ់​ក្រុម​មក​ពី​ខេត្ត​ព្រះសីហនុ ក្នុង​លទ្ធ​ផល ៥-១​ឯ​នោះ។

ចំណែក ​ក្រុម​ខេត្ត​ស្ទឹង​ត្រែង បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​ក្រចេះ ដោយ​ការ​​កាត់​សេចក្តី​បាល់​ប៉េណាល់​ទី ៥-៣ បន្ទាប់​ពី​ក្រុម​ទាំង​២ បាន​បញ្ចប់​ក្នុង​លទ្ធ​ស្មើ​គ្នា ២-២ ដូច​ការ​ប្រកួត​ជើង​ទី​១​នោះ ហើយ​លទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យក្រុម​ខេត្ត​សស្ទឹង​ត្រែង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​F ខណៈ​ខេត្ត​ក្រចេះ ទទួល​បាន​​លេខ​២ ព្រោះ​ពូលនេះ​មាន​តែ​២ក្រុម​ចូល​រួម​ទេ៕

លទ្ធផលនៃ​ការ​ប្រកួត​ជម្រុះ​បឋម​ពាន​រង្វាន់ Hun Sen Cup 2016 ​​កាល​ពី​​ថ្ងៃ​ពុធ​
ពូល​ គូ​ប្រកួត​ កីឡដ្ឋាន​
B ខេត្ត​ត្បូងឃ្មុំ​ ២–៣​ ខេត្ត​ស្វាយរៀង​ ខេត្ត​ត្បូងឃ្មុំ​
B ខេត្ត​ព្រៃវែង​ ៤–៣​ យុវជន​បឹងកេតកំពង់ចាម​ ខេត្ត​ព្រៃវែង​
C ខេត្ត​ព្រះវិហារ​ ០–៣​ ខេត្ត​ឧត្តរមានជ័យ​ ខេត្ត​ព្រះវិហារ
C អ.ហ ខេត្ត​កំពង់ធំ​ ០–១​ សៀមរាបអង្គរ​ ខេត្ត​កំពង់ធំ​
D ខេត្ត​ប៉ៃលិន​ ១–២​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​ប៉ៃលិន​
E ខេត្ត​កំពត ៣–០​ កំពង់ផែស្វ័យត​ព្រះសីហនុ​ ខេត្ត​កំពត
F ខេត្ត​ក្រចេះ​ ២–២ (៣–៥)​ ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ