ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​គ្រឹះស្ថាន សហគ្រាស​៨.១៩៧ មាន​កម្មករនិយោជិត​ចំនួន​១.០៧៧.០៧៩​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​ឆ្នាំ​២០១៥ និង​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥-២០១៦ ដែល​មាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ នៅ​ទីស្តីការ​ងារ​ក្រសួង​ក្រោម​អធិបតីភាព លោក អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែកុម្ភៈ ។

នៅ​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​ដោយ​ក្រុម​អធិការកិច្ច​តែ​មួយ​ក្រុម​ចំនួន​៩.១២២​លើក​(​កើនឡើង​២៦,៩%) បាន​ដាក់​កំហិត​ចំនួន​៦៤៨​សហគ្រាស និង​បាន​ផាកពិន័យ​ចំនួន​៣០​សហគ្រាស ដែល​មិន​ទាន់​អនុវត្ត​ពេញលេញ​នូវ​ល័ក្ខខ័ណ្ឌ​ការងារ ដកហូត​និង​ទប់ស្កាត់​ពលកម្ម​កុមារ​បាន​ចំនួន​២.៧០៨​នាក់។

ក្រុម​អធិការកិច្ច​ការងារ​បាន​រក​ឃើញ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ដែល​មាន​គិលានដ្ឋាន បន្ទប់​រុំ​របួស និង​បន្ទប់​សង្គ្រោះ​បឋម​ត្រឹមត្រូវ​កើនឡើង​៣,៣% ។ បាន​ចុះ​ផ្សះផ្សា​និង​ដោះស្រាយ​វិវាទ​ការងារ​នៅ​តាម​សហគ្រាស​នានា​បាន​ចំនួន​៥២៩​សហគ្រាស​(​កើនឡើង​៩,៥%) ដែល​មាន​កម្មករនិយោជិត​ចំនួន​១៣១.៧២៨​នាក់ (​ថយ​ចុះ​៦៣,៥%) ក្នុង​នោះ​បាន​សះជា​ចំនួន​៥២៧​ករណី (​កើនឡើង​៣១,៤%) មិន​សះជា​ចំនួន​៦២៨​ករណី (​ថយ​ចុះ​២,៨%) និង​មោឃៈ​ចំនួន​១១​ករណី​(​ថយ​ចុះ​៥២,២%) ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នោះ​បាន​បញ្ជូន​ករណី​វិវាទ​ការងារ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចំនួន​៣៣៨​ករណី​(​ថយ​ចុះ​៦,៨%) ដោយ​បាន​សះជា​ដោយ​ភាគី​ជម្លោះ និង​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចំនួន​៩៥​ករណី​(​ថយ​ចុះ​២៩,១%) ចេញ​សេចក្តី​បង្គាប់​ចំនួន​២៣៦​ករណី (​កើនឡើង​៤%) មិន​ចេញ​សេចក្តី​បង្គាប់​ចំនួន​៧​ករណី។

ក្នុង​ឆ្នាំ​២០១៥ មាន​កូដកម្ម​កើតឡើង​ចំនួន​៣៣៦​ក​ណី​(​ថយ​ចុះ​១,៨%) ដែល​មាន​កូដ​កម្មករ​សរុប​ចំនួន​៨២.៤៥៨​នាក់ ថយ​ចុះ​(៤០,១%) និង​ដោះស្រាយ​សះជា​បាន​ចំនួន​៣២៦​ករណី​(​ថយ​ចុះ​១,៥%) ។ បាន​ពិនិត្យ​កាយសម្បទា​កម្មករនិយោជិត​ចំនួន​២៤៣.០១១​នាក់ (​កើនឡើង​៣,៦%) ។

ក្រសួង​បាន​សិក្សា​សម្របសម្រួល​និង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក ពិភាក្សា​និង​កំណត់​ប្រាក់​ឈ្នួល​អប្បរ​មា​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៦ ពី​ចំនួន​១២៨​ដុល្លារ​អា​មេ​រិ​ក ទៅ​១៤០​ដុល្លារ​អា​មេ​រិ​ក (​កើនឡើង​៩,៤%) ហើយ​បើ​គិត​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​កម្មករនិយោជិត​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ចំណូល​ពី​១៥៧​ដុល្លារ​ទៅ​១៦៨​ដុល្លារ​ក្នុង​មួយ​ខែ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ការងារ​បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​ចំនួន​២៣៧ (​កើនឡើង​១១៣,៥%) ដែល​ជា​សរុប​មាន​សហជីព​មូលដ្ឋាន​ចំនួន​៣.៣៦៦ សហព័ន្ធ សហជីព​ចំនួន​៩៧ សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៦ និង​សហគមន៍​និយោជក​ចំនួន​៨ ។ បាន​ទទួលស្គាល់​ប្រតិភូ​បុគ្គលិក​ចំនួន​១.២០៣​នាក់​(​កើនឡើង​៥៣១%) ។ បាន​ទទួលស្គាល់​ភាព​ជា​តំណាង​បំផុត​ចំនួន​៤៣​សហជីព (​កើនឡើង​១៦,២%)​និង​បាន​ចុះបញ្ជី​អនុសញ្ញា​រួម​បាន​៤៥(​កើនឡើង​២១,៦%) ៕