ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ អគ្គិ​​ភ័យ​​​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​​មួយ​កន្លែង​យ៉ាង​​សន្ធោសន្ធៅ ​បង្ក​​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​​រត់​ទៅ​រាយ​ការណ៍​​ជូន​​សមត្ច​កិច្ច ​ហៅ​​​រថយន្ត​ពន្លត់​អគ្គិភ័យ​​​​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះកើត​ឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​១០​នាទី​​រំលង​អធ្រា​ត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​២៥​​ កុម្ភៈ ២០១៦ ស្ថិត​​នៅ​ចំណុច​ផ្ទះ​ស្តុក​អេ​ត​ចាយ​​​ខាងកើត​របង​បឋម​សិក្សា​ជម្ពូ​វ័ន្ត តាម​​បណ្តោយ​​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ថ្នល់បំបែក​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ប្រភព​ឱ្យ​​ដឹងថា ក្នុងហេតុការណ៍នោះ ក៏មាន​អ្នក​​​រង​របួស​៣​នាក់ផងដែរ ១-​ឈ្មាះ​ឡៅ សុខា ភេទ​ប្រុស​ អាយុ​៧២​ឆ្នាំ​ ជា​អ្នក​​ទិញ​លក់​​អេ​ត​ចាយ ២-​ឈ្មោះ​យ៉ូ ជា​ហ្តិ​ច ភេទ​ស្រី និង​៣-​ឈ្មោះ​ស្រី​​ណែ​ត​ អាយុ​៧​ឆ្នាំ ។

បើតាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​ឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​មាន​ផ្សែងហុយ​​ចេញពីផ្ទះ​លក់​អេ​ត​ចាយ​ផ្នែក​ខាង​ក្រោយ ​​បន្ទាប់មក​ចេញ​​អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​ដល់​​សមត្ថកិច្ច ​ហៅ​​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មក​​ជួយ​​​អន្តរាគមន៍​​ភ្លាម​ៗ​​​ ​។

សមត្ថកិច្ច​ឱ្យ​​ដឹង​ថា ​ជា​ជំ​ហាន​ដំបូង​សមត្ថកិច្ច​បាន​សនិដ្ឋាន​​ថា​ អគ្គិ​​ភ័យ​នេះ​ឆេះ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង ​ហើយ​​រយៈ​ពេល​​មួយ​ម៉ោង​កន្លះ ទើប​​ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំង​ស្រុង ​ដោយ​​​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​១៥​គ្រឿង ​និង​ប្រើប្រាស់​ទឹក​អស់​១៧​រថយន្ត​ ក្នុង​នោះ​មាន​រថយន្ត​របស់​​ការិ​យាល័យ​បង្ការ ​និង​ពន្លត់​អគ្គិភ័យរាជធានី​ភ្នំពេញ​​​១១​គ្រឿង និង​​រថយន្ត​របស់​កង​ពលតូច​លេខ​៧០​​ចំនួន​៤​គ្រឿង ។

សមត្ថកិច្ច​​​បន្ត​ទៀត​ថា ​​ហេតុ​ការ​គ្រោះ​អគ្គិ​ភ័យ​នេះ ​ធ្វើ​ឱ្យ​​ស្ត្រី​ចំណាស់​ម្នាក់ ​និង​ក្មេង​ស្រី​តូច​ម្នាក់​ទៀត​ ជាប់​នៅ​ខាងក្នុង​ផ្ទះ​តែ​សំណាង​ល្អ ​ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ចូល​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ និង​ធ្វើ​​ឱ្យ​​ស្ត្រី​វ័យ​ចំណាស់​ រង​របួសស្រាល​ចំណែក​ក្មេង​ស្រី ​មិន​មាន​រង​របួស​នោះ​ទេ​ ។

សមត្ថកិច្ច​​​បញ្ជាក់​ថា ​ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នោះ​​ជញ្ជាំង​ថ្ម​ប្រក់​ស័​ង្ហ​សី​ និង​​ផ្ទុក​​កំទេច​កំទី​អេ​ត​​ចាយ​ជា​ច្រើន​ផង​ដែរ ​ទើប​ធ្វើ​​ឱ្យ​ងាយ​ស្រួល​ឆាបឆេះ​បែប​នេះ​ ។