ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​បាន​និង​កំពុង​តែ​លាតសន្ធឹង​ទៅ​តំបន់​ជនបទ ហើយ​ថ្លៃ​អគ្គិសនី​នឹង​បន្ត​ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់​ទៀត ។ នេះ​ជា​សារ​មួយ​ប្រាប់​ទៅ​វិនិយោគិន​ថា យើង​នៅ​មានឱកាស​ច្រើន​ទៀត​ឲ្យ​មានការ​ចូលរួម​វិនិយោគ​បន្ថែម ព្រោះ​ពួក​គាត់​ទាំងនោះ​មាន​ទាំង​បច្ចេកវិទ្យា និង​ដើមទុន ។ កន្លង​មក វិស័យ​ផលិត​ថាមពល​នេះ​បាន​ទាក់ទាញ​ការ​វិនិយោគ​មាន​ទឹកប្រាក់​ជាង​៤.០០០​លាន​ដុល្លារ និង​ខ្សែ​បញ្ជូន​ជាតិ​មាន​ជិត​១.០០០​លាន​ដុល្លារ​រួច​ទៅ​ហើយ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​កិច្ច​សម្ភាសន៍​នៅ​ក្នុង​សន្និសីទ​ស្តី​ពី « ថាមពល​នៅ​កម្ពុជា »  នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ម្សិលមិញ​នេះ លោក កែវ រតនៈ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះថា ៖ « នៅ​ពេល​កម្ពុជា​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺជា​ការ​បើក​ឲ្យ​ទំនិញ និង​មនុស្ស​ហូរ​ចេញចូល​ទៅ​វិញ​ទៅ​មក ។ តម្រូវការ​ថាមពល​នឹង​កើនឡើង ប៉ុន្តែ​ការ​កើនឡើង​នៃ​តម្រូវការ​ថាមពល​នេះ វា​មិនមែន​ដោយសារ​តែ​យើង​ចូល​អាស៊ាន​ទេ សូ​ម្បី​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​របស់​សង្គម​កម្ពុជា​យើង​ក៏​មាន​តម្រូវការ​កើនឡើង​ដែរ ដោយសារ​ប្រជាពលរដ្ឋ​យើង​មាន​កម្រិតជីវភាព​ល្អ​ប្រសើរ ជា​ហេតុ​ធ្វើ​ឱ្យ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​កើនឡើង ។ យើង​បាន​ព្យាករណ៍​ឃើញ​បញ្ហា​នេះ​តាំងពី​ដើម​មក​ម្ល៉េះ​ថា ក្នុង​វិស័យ​ថាមពល​ពី​១០​ឆ្នាំ ទៅ​៣០​ឆ្នាំ​ខាង​មុខ នឹង​មាន​តម្រូវការ​កើនឡើង » ។

« ជា​រៀង​រាល់​ឆ្នាំ ប្រធាន​អគ្គិសនី​អាស៊ាន​ទាំង​១០​ប្រទេស រួម​នឹង​កម្ពុជា​ផង តែងតែ​បើក​កិច្ចប្រជុំ​អំពី​និន្នាការ និង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ប្រទេស​តំបន់​អាស៊ាន​ទាំងមូល ។ ប្រទេស​អាស៊ាន​ទាំងអស់​បាន​ព្យាករណ៍​ឃើញ​ថា កំណើន​តម្រូវការ​ថាមពល​នៅ​ក្នុង​តំបន់​អាស៊ាន ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​នូវ​ថាមពល ជា​ពិសេស ប្រទេស​វៀតណាម ថៃ មី​យ៉ា​ន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជាដើម ។ គេ​ឃើញ​ថា នៅ​វៀតណាម បាន​សិក្សា​ឈាន​ទៅ​បង្កើត​រោងចក្រ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ហើយ​នៅ​ថៃ​ក៏​កំពុង​ឈាន​ទៅ​ជជែក​គ្នា​អំពី​បញ្ហា​នេះ​ដែរ ។ ថៃ​ក៏​បាន​ដាក់​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នូវ​ការ​កើនឡើង​នៃ​តម្រូវការ​អគ្គិសនី » ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា ៖ « បច្ចុប្បន្ន កម្ពុជា​មាន​អគ្គិសនី​បម្រុង​ខ្លះ ប៉ុន្តែ​អគ្គិសនី​នេះ​កើត​ចេញពី​រដូវ​ពីរ​ខុស​គ្នា ។ ប្រសិនបើ​នៅ​ក្នុង​រដូវវស្សា វា​រី​អគ្គិសនី​យើង​អាច​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ តែ​នៅ​រដូវប្រាំង​វិញ យើង​ខ្វះ តែ​យើង​បាន​យក​ភ្លើង​ពី​ប្រទេស​ជិតខាង​បំពេញបន្ថែម ដោយសារ​យើង​រង់ចាំ​ប្រភព​ផ្គត់ផ្គង់​មួយ​ចំនួន​ទៀត ដូច​ជា វា​រី​អគ្គិសនី​ទន្លេសេសាន​ក្រោម នៅ​ខេត្តស្ទឹងត្រែង យើង​ត្រូវការ​រង់ចាំ​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​មួយ​ទៅ​ពីរ​គ្រឿង​ទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ » ។

លោក​បន្ដ​ថា ៖ « ការ​ទិញ​ភ្លើង​ទៅ​វិញ​ទៅ​មក វា​ជា​រឿង​ធម្មតា ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​ចំណេញ តែ​នៅ​ថ្ងៃក្រោយ​យើង​នឹង​កាត់​បន្ថយ​ភ្លើង​បន្ថែម​ទៀត​ពី​វៀតណាម ។ កាលពីមុន​យើង​ពឹងផ្អែក​ភ្លើង​វៀតណាម​ពី​៧០% ដល់​៨០% នៅ​ក្នុង​ប្រព័ន្ធ​អគ្គិសនី​ជាតិ តែ​មក​ដល់​សព្វ​ថ្ងៃនេះ យើង​ពឹងផ្អែក​ប្រហែល​១៧% និង​ភ្លើង​ពី​ថៃ​ប្រមាណ​៥%​ទេ ដែល​នេះ​បាន​បង្ហាញ​នូវ​ឯករាជ្យ​ភាព​ក្នុង​វិស័យ​ថាមពល » ។

លោក​អះអាង​ថា ៖ « នៅ​ខែមីនា​ខាង​មុខ ភ្លើង​សម្រាប់​ប្រជាពលរដ្ឋ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ នឹង​ចុះថ្លៃ​មក​នៅ​ត្រឹម​៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​យ៉ាងច្រើន ។ អុ​ី​ចឹ​ង​ហើយ​ការ​ចុះថ្លៃ​ពី​ជាង​១.០០០​រៀល មក​នៅ​៨០០​រៀល​នេះ វា​ជា​ការ​ប្រែប្រួល​វិវត្តន៍​ថ្មី​មួយទៀត​ដែល​កើត​ចេញពី​ការ​អភិវឌ្ឍ ។ ភ្លើង​ដែល​មាន​រាល់ថ្ងៃ យើង​ផលិត​ចេញពី​ប្រភព​វា​រី​អគ្គិសនី ធ្យូងថ្ម ហើយ​ផ្គុំ​ចេញពី​ប្រភព​ផ្សេង​ទៀត​ដូច​ជា កាក​អំពៅ ។ នៅ​ពេល​ខាង​មុខ​នេះ ខេត្តបាត់ដំបង​នឹង​ចេញ​ប្រភព​អគ្គិសនី​តូច​មួយទៀត​ដើរ​ដោយ​អង្កាម ។ អុ​ី​ចឹ​ង​ហើយ​យើង​ផ្គុំ​ទាំងអស់ ខាង​វា​រី​អគ្គិសនី​មាន​ជាង​៣០%, ធ្យូងថ្ម​ជាង​៣០% សល់​ជាង​២០%​ទៀត​ប្រើ​ជីវម៉ាស់ សូ​ឡា ឬ​មីក្រូ​វា​រី​អគ្គិសនី​តូចតាច រួម​ទាំង​ការ​នាំ​ភ្លើង​មក​ពី​ខាងក្រៅ​មួយ​ចំនួន​ទៀត​ដើម្បី​បង្គ្រប់​នៅ​ខែប្រាំង » ។

ថ្លែង​ក្នុង​សន្និសីទ​នា​ឱកាស​នោះ​ដែរ លោក អិុត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ឆ្នាំ​២០២០ ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​គ្នា ហើយ​ឆ្នាំ​២០៣០ យ៉ាង​ហោច​ណាស់ ក៏​៧០%​នៃ​ប្រជាជន​កម្ពុជា​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​ប្រកបដោយ​គុណភាព​។ រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​វា​រី​អគ្គិសនី​ទាំង​៦​ទីតាំង​បាន​ដាក់​ឲ្យ​ដំណើរការ​មក វា​បាន​បង្កើត​នូវ​ថាមពល​សរុប​ប្រមាណ​ជា​៩២៨​មេ​ហ្គា​វ៉ា​ត់ ដោយ​រួមចំណែក​បាន​៣៣% នៃ​ប្រភព​ថាមពល​សរុប» ។

លោក​រដ្ឋលេខាធិការ​បន្ដ​ថា ៖ « ការ​ប្រើប្រាស់​ថាមពល​ទាំងមូល​នៅ​ក្នុង​ប្រទេស គឺ​ប្រមាណ​ជា​៥.៩៩០​លាន​គីឡូវ៉ាត់ម៉ោង បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​កើនឡើង​ប្រមាណ​២៧% ។ ចំណែក​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម មាន​សមត្ថភាព​បង្កើត​ថាមពល​បាន​ប្រមាណ​ជា​៣៧០​មេ​ហ្គា​វ៉ា​ត់ ដែល​មាន​ប្រមាណ​ជា​៣៧% នៃ​ការ​ផ្គត់ផ្គង់ថាមពល » ៕