ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក ឃុន ណូ បុគ្គលិក​ផ្នែក​កា​មេ​រ៉ា​នៃ​ស្ថានីយទូរទស្សន៍ CTN និង MyTV ដែល​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ដោយសារ​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1) ជា​ជំងឺ​ដំបូង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ឆ្លង​មក​មនុស្ស ពេល​នេះ​លោក​បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ។

ការ​ស្លាប់​របស់​លោក ឃុន ណូ គឺ​ដោយសារ​អាការ​នៃ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត ហើយ​ក្រុម​គ្រូពេទ្យ​ក៏​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ផង​ដែរ​ក្នុង​ការ​ជួយ​សង្គ្រោះ ។ ក្រោយ​ពី​មរណភាព សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ក្នុង​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

គួរ​រំឭក​ថា លោក ឃុន ណូ បាន​ធ្លាក់ខ្លួន​ឈឺ និង​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​«​អង្គរធំ​» នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ តែ​ដោយសារ​អាការ​របស់​លោក​ក្តៅ​រងា និង​ពិបាក​ក្នុង​ការ​ដកដង្ហើម ហើយ​ប្រព័ន្ធ​អាហារ​មិន​ទទួលយក​អ្វី​ដែល​ហូប​ចូល និង​ចេះ​តែ​អស់កម្លាំង រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ក្រោម​ការ​តាមដាន​យ៉ាង​ដិត​ដល់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​រួច​មក ត្រូវ​បាន​បញ្ជាក់​ថា រូប​លោក​កើត​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1) ។

ជំងឺ​នេះ​បាន​កើត​មាន​លើ​សត្វ​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​ពេល​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​កើត​មាននៅ​លើ​លោក ឃុន ណូ បណ្តាល​ឱ្យ​កើតជា​ជំងឺ​ធ្ងន់​រហូត​ដល់​ស្លាប់ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ក្រុម​គ្រូពេទ្យ​នៅ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ជំងឺ​ផ្តាសាយ​ជ្រូក​នេះ គឺជា​ប្រភេទ​ជំងឺ​ធម្មតាសាមញ្ញ មិនមែន​ជា​ជំងឺ​ចម្លែក​អ្វី​ឡើយ គ្រាន់តែ​វា​ខុស​ប្លែក​ពី​ជំងឺ​ផ្តាសាយ​បន្តិចបន្តួច ហើយ​វា​ឆ្លង​តាម​រយៈ​ការ​ដកដង្ហើម និង​កណ្តាស ។ លើស​ពី​នេះ វា​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​បាន​ឡើយ ហើយ​វា​នឹង​រលាយ​បាត់​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ ប៉ុន្តែ​ការ​អះអាង​ខាងលើ​នេះ ហាក់​ផ្ទុយ​គ្នា​ស្រឡះ​ពី​អាកា​រៈ​នៃ​អ្នកជំងឺ ពោល​គឺ​លោក ឃុន ណូ ដែល​មាន​សភាព​ធ្ងន់ តាំងពី​ថ្ងៃ​ដំបូង​ដែល​លោក​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ម៉្លេះ ហើយ​អាកា​រៈ​នៃ​ជំងឺ​កាន់តែ​ធ្ងន់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ត្រូវ​ចំណាយ​ទាំង​ពេលវេលា និង​ប្រាក់​កាស​អស់​ជា​ច្រើន​ក្នុង​ការ​សម្រាក​ព្យាបាល តែ​ចុង​ក្រោយ​ក៏​ស្លាប់ ។

លោក ឃុន ណូ មាន​អាយុ​ជាង​៣០​ឆ្នាំ លោក​កំព្រា​ឪពុក​ម្តាយ​តាំងពី​តូច​មក​ម៉្លេះ ។ រូប​លោក​រស់នៅ​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន​តាំងពី​ឆ្នាំ​២០១០​មក ដោយ​ខ្លួន​ទីពឹង​ខ្លួន​តែ​ម្នាក់ឯង ។ ជីវភាព​របស់​លោក​ក៏​ស្ថិត​ក្នុង​ភាព​លំបាក​ក្រខ្សត់​ដែរ ។ ក្រោយ​ពេល​លោក​ទទួលមរណភាព​ហើយ​នោះ គឺ​បាន​បន្សល់​ទុក​នូវ​ជីវភាព​តោកយ៉ាក និង​ក្រលំបាក​ជា​ខ្លាំង ចំពោះ​សាច់ញាតិ​ដែល​នៅ​រស់ ។ លើស​ពី​នេះ​អ្វី​ដែល​គួរ​ឱ្យ​សង្វេគ គឺ​ភរិយា​របស់​លោក​ផ្ទាល់​មាន​ផ្ទៃពោះ​គ្រប់​ខែ​ត្រូវ​សម្រាលកូន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ជីវភាព​កាន់តែ​លំបាក​ឡើង ហើយ​កូន​ក្នុង​ផ្ទៃ​ដែល​នឹង​ត្រូវ​កើតមក ក៏​លែង​បាន​ស្គាល់​មុខ​ឪពុក​តទៅ​ទៀត​ដែរ ។

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co.,Ltd.) ដែល​គ្រប់គ្រង​ស្ថានីយទូរទស្សន៍​បាន​ប្រកាស​ព័ត៌មាន​ថា បាន​បាត់បង់​បុគ្គលិក​ម្នាក់​ដោយសារ​តែ​ជំងឺ H1N1 ។

លោក ប៊ឺ​ណាត អ៊ែន​ថូ​នី (Bernard Anthony) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co., Ltd.) ថ្លែង​ថា​៖ «​នេះ​គឺជា​ការ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ដ៏​សោកសៅ​សម្រាប់​ពួក​យើង​ដែល​បាន​បាត់បង់​លោក ឃុន នោ (​ឃុន ណូ​) ដែល​ជា​អ្នក​ថតរូប​ភាព​នៅ​ថ្ងៃនេះ ។ ពួក​យើង​កំពុង​កាន់ទុក្ខ​និង​ចូលរួម​មរណទុក្ខ​ទៅ​ដល់​សមាជិក​ក្រុម​គ្រួសារ​នៃ​សព» ។​

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co.,Ltd.) កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​អ្នកជំនាញ​មក​ពី​ក្រសួង​សុខា​ភិបាល ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស H1N1​។ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co., Ltd.) បាន​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស​ចំពោះ​ការ​លេចឡើង​ករណី​ជំងឺ H1N1 ដើម្បី​ធានា​អំពី​សុខភាព និង​សុវត្ថិភាព​នៅ​ក្នុង​កន្លែងធ្វើការ ។

លោក មុន រ៉ា​ម៉ា​ឌី នាយក​គ្រប់គ្រង​ប៉ុស្តិ៍​ទូរទស្សន៍​ព័ត៌មាន​ឈានមុខ CNC-MBC ថ្លែង​ថា​៖ «​ពួក​យើង​យកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​របស់​យើង ព្រម​ជាមួយ​គ្នា​នោះ អ្នកឧកញ៉ា គិត ម៉េ​ង ដែល​ជា​ប្រធាន​ក្រុមហ៊ុន​របស់​ពួក​យើង​គឺ​កំពុង​តែ​តាមដាន​យ៉ាង​ដិត​ដល់​អំពី​សុខុមាលភាព​របស់​ពួក​យើង» ។​

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co.,Ltd.) បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ទៅ​លើ​ការ​រក្សា​អនាម័យ​នៅ​កន្លែងធ្វើការ រួម​ជាមួយនឹង​ការ​ចាក់​ថ្នាំ​បង្ការ​ទៅ​ដល់​បុគ្គលិក​ទាំងអស់ ។

យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​ដ៏​ខ្លាំងក្លា​មួយ គឺ​កំពុង​តែ​ធ្វើ​ឡើង​ដោយ​រំឭក​បុគ្គលិក​ទាំងអស់​ឱ្យ​លាងដៃ​នឹង​សាប៊ូ និង​ទឹក​ឱ្យ​បាន​ទៀត​ទាត់ និង​យក​ក្រដាស​ខ្ទប់មាត់​នៅ​ពេល​ក្អក ឬ​កណ្ដាស​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ ៕