មន្រ្តីរដ្ឋបាលព្រៃឈើ កំពុងសួរនាំ ជនជាតិវៀតណាម៩នាក់ និងបញ្ជូនបន្ត ទៅកាន់សាលាដំបូង

មណ្ឌលគិរីៈ ជនជាតិវៀតណាម ចំនួន៩នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នៅឃុំក្រង់តេះ ស្រុកពេជ្រាដា នៅរសៀលម្សិលម៉ិញនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកខ័ណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរីហើយ នៅម៉ោង១២ អធ្រាត យប់មិញ ក្នុងថ្ងៃដដែល ។

ពាក់ព័ន្ធនៃការឃាត់ខ្លួនជនជាតិវៀតណាម ទាំង៩នាក់នេះ លោក កែវ សុភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរី ដឹកនាំកំលាំងក្នុងប្រតិបត្តិការ នោះលោកបានប្រាប់ថា សង្ស័យជនជាតិវៀតណាម ទាំងនោះឆ្លងដែន ចូលមកដី ខ្មែរដើម្បីកាប់ឈើខុសច្បាប់ ដោយសមត្ថកិច្ច ឃាត់ខ្លួនពួកគេ រួមនិង ម៉ូតូ៧គ្រឿង រណាយន្តចំនួន៣គ្រឿង ឃាត់ នៅខាងក្រោយប៉ុស្តិ៍របៀងការព្រំដែនប៉ុស្តិ៍5ក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៦ ។

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះជនសង្ស័យទាំង៩នាក់រួមនិង វត្ថុតាង ខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី កំពុងសួរនាំនិងបញ្ជូនបន្តទៅកាន់ សាលាជំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមជំរាបថា នៅតាមបន្ទាត់ព្រំដែនក្នុងស្រុកទាំងបីរួមមានស្រុកពេជ្រាដា ស្រុក កែវសីមា និងស្រុក កោះញែក របស់ខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា មានជនជាតិវៀតណាម ជាច្រើនបានឆ្លងដែនចូលមកដីខ្មែរ កាប់ឈើនិងដឹកជញ្ជូនខុសច្បាប់ទៅកាន់ប្រទេសខ្លួន ។

មហាជនទូទាំងខេត្តមណ្ឌលគិរី ស្នើឱ្យថ្នាក់លើជួយ ស្រាវជ្រាវនិងពិនិត្យមើលមន្រ្តី ចំនួនពីររូបផងទទួលការងារ តាមបន្ទាត់ព្រំដែននេះ ទីមួយ លោក យិន ចន្ទី មេបញ្ជាការយោធាវរៈការពារព្រំដែន ១០៣ ទីពីរលោក សៀង ស៊ីវន មេបញ្ជាការនគរបាលវរៈការពារព្រំដែន ៣០៣ ព្រោះមន្រ្តីទាំង២រូបនេះ ជាអ្នកទទួលខុសត្រូវយ៉ាងខ្ពស់បំផុត លើកិច្ចការនេះ ។ តែបើតាមការបែកធ្លាយ រឿង អាស្រូវជាច្រើនរបស់មន្រ្តី ពីររូបខាងលើនេះ ក្នុងមួយខែៗទទួលបានផលប្រយោជន៍ ពីកូនចៅខ្លួន នៅតាម របៀង ការពារព្រំដែននោះអាចធ្វើអ្នកមានបានហើយ ដោយពួកគេលែងខ្វល់ខ្វាយពិរឿងអស់ ដំណែងទៀត ហើយ ៕

មន្រ្តីរដ្ឋបាលព្រៃឈើ កំពុងសួរនាំ ជនជាតិវៀតណាម៩នាក់ និងបញ្ជូនបន្ត ទៅកាន់សាលាដំបូង