សម្តេចតេជោហ៊ុន សែន ជាង៣០ឆ្នាំ ទើបឃើញរដ្ឋមន្ត្រីម្នាក់ មិនចេះឱបអំណាច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន  នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសន្និបាត និងសម្ពោធអគារ មរតកតេជោ នៅ ក្រសួងបរិស្ថាន  បានមានប្រសាសន៍ថា« ដំបូងខ្ញុំសូមកោតសរសើរ ដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលនេះជាលើកទី១ មានរយៈពេល ជាង៣០ឆ្នាំ នៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្ត្រីម្នាក់គត់ ដែលបានស្នើសុំប្រគល់ តួនាទីទៅឲ្យស្ថាប័នផ្សេង »។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា «ខ្ញុំមិនទាន់ជួបប្រទះរដ្ឋមន្ត្រីណាមួយ ដែលមុននេះគឺតែង ស្រវាឱបទាញយកនូវអំណាច យកមកទុកក្នុងខ្លួនជាប់ជានិច្ច តែរដ្ឋមន្ត្រីរូបនេះ ដែលធ្វើផ្ទុយពីនេះ គឺចង់បានសេចក្តីថា ចង់បែងចែកគ្នាឲ្យដាច់ នេះគឺជាកំណែទម្រង់ដែលខ្ញុំចង់បាន» ។

ប្រមុខរដ្ឋាភិបាលបានបន្ថែមទៀតថា «ខ្ញុំសូមកោតសរសើរ ហើយសង្ឃឹមថា រដ្ឋមន្ត្រីនានានឹងមិនឱប ការងារនេះបន្តទៀតទេ  ហើយអាកម្មវិធីផ្ទេរ មុខងារទៅឲ្យ ថ្នាក់ក្រោមជាតិ ក៏នៅមិននៅស្រម៉េមប្រម៉ាម ដូចសព្វថ្ងៃនេះដែរ សង្ឃឹមថាឯកឧត្តម រដ្ឋមន្ត្រីនានា ដែលនៅ ទីនេះគឺមិនឱបការងារបន្តទៀតទេ»៕