តេជោសែន បញ្ជាឲ្យនាយ ឧត្តមសេនីយ៍ សៅ សុខា បាញ់រ៉ុក្កែត ពីឧទ្ធម្ភាគចក្រ ប្រសិនមាន អ្នកព្រហើន បន្តកាប់ព្រៃឈើ ខុសច្បាប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្តងទៀត បានបញ្ជាទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យបាញ់គ្រាប់រ៉ុក្កែតពីលើ ឧទ្ធម្ភាគចក្រ ប្រសិនមានជនព្រហើន និងរញ៉ែរញ៉ៃ ហើយបន្តកាប់ឈើខុសច្បាប់នោះ។ ប្រសាសន៍របស់ សម្តេចតេជោ បែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត និងសម្ភោធអាគារ មរតកតេជោ នៅក្រសួងបរិស្ថាន នៅនាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា "យើងទទួលនូវការឈឺចាប់ណាស់ នៅពេលដែលគេស្រែក ជាពិសេសពាក់ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែយើងទទួលស្គាល់អាកាប់ព្រៃឈើបំផ្លាញនេះ ត្រូវតែមានទោសទណ្ឌ ត្រូវតែបង្ក្រាបហើយ ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចជាមិនទាន់បាញ់ មួយគ្រាប់ផងទេ"។

សម្តេចមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា "ខ្ញុំឲ្យបាញ់ បើថាវាព្រហើន រ៉ុក្កែត ដាក់ពីលើ គ្មានរញ៉ែរញ៉ៃទេ ប៉ុន្តែបញ្ហាយើងដាក់ជាសំណួរ ហេតុអីបានជាខ្ញុំនិយាយអំពីរឿងឈើចាប់ បើមិនកាប់អាព្រៃល្អិតល្អោចនេះទេ ធ្វើម្តេចដាំកៅស៊ូកើត ដល់ពេលយើងកាប់នេះហើយ ដល់ពេលវេលាដែលគេឃោសនា វៃប្រហារ ប៉ុន្តែខ្ញុំសុំសួរ? ឧទាហរណ៍ នៅប្រទេសម៉ាឡេស៊ី ដើម្បីឲ្យមានដូងប្រេង និងកៅស៊ូ ពេញដី ពីដើមដីនៅម៉ាឡេស៊ី មានព្រៃអត់? ច្បាស់ជាមានហើយ នៅថៃ នៅឥណ្ឌូនេស៊ី នៅស្អីគ្រប់តែប្រទេសហ្នឹង រឿងរ៉ាវវាអីចឹង"។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ទៀតថា "ប៉ុន្តែខ្ញុំមិនឯកភាពទេ កាប់បំផ្លាញព្រៃឈើ ហើយឥឡូវថ្មីៗ ទូរទស្សន៍បញ្ចំាងព្រឹកមិញ នៅឯណានោះ កាប់អស់រាប់សិប រាប់រយហិកតា កាប់បំពាន កាប់ទន្ទ្រានយកដី កាប់ហើយដុតឈើចោលយកដី"៕