សំណុំរឿង អតីតមន្ត្រីយោធា សម្លាប់ប្រពន្ធ ដុតក្នុងពាង ចៅក្រមលើក ពេលប្រកាស មិនកំណត់ថ្ងៃ

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានបើកសវនាការ ជំនុំជម្រះសំណុំរឿងអតីត មន្ត្រីយោធាម្នាក់ ដែលបានសម្លាប់ប្រពន្ធ រួចយកសពដុតចោលក្នុងពាង ប៉ុន្តែក្រោយបញ្ចប់នីតិវិធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជភ្នំពេញ លោកចៅក្រម ឆែ វីរៈ លើកពេលប្រកាសសាលក្រម ទៅថ្ងៃក្រោយ ដោយមិនកំណត់កាលបរិច្ឆេទច្បាស់លាស់។

ជនជាប់ចោទ ដែលជា អតីតមន្ត្រីយោធា ឈ្មោះ សុង ទូច អាយុ ៤៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម មានស្ថានទម្ងន់ទោស ដោយសារអំពើឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារអស់មួយជីវិត។ ក្នុងសវនាការកន្លងមក អតីតមន្ត្រីយោធាបានសារភាពថា ពិតជាបានសម្លាប់ប្រពន្ធ រួចយកសពដុតចោលក្នុងពាងប្រាកដមែន។ 

គួរបញ្ជាក់ថា មូលហេតុនៃអំពើឃាតកម្មដ៏សាហាវនេះ កើតឡើងព្រោះតែមន្ត្រីយោធារូបនេះ ប្រច័ណ្ឌនឹងប្រពន្ធលួចមានប្រុសសាហាយ ហើយក៏កើតជាការខឹងសម្បាររហូតដល់រៀបចំគម្រោងឃាតកម្មសម្លាប់។ សពស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

សំណុំរឿង អតីតមន្ត្រីយោធា សម្លាប់ប្រពន្ធ ដុតក្នុងពាង ចៅក្រមលើក ពេលប្រកាស មិនកំណត់ថ្ងៃ