​គណបក្ស ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ លើកដំបូង​របស់ខ្លួន​

ភ្នំពេញ: គណបក្ស ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​លើកដំបូង​របស់ខ្លួន នៅ​ព្រឹក ថ្ងៃទី​២៦ ខែកុម្ភៈ នៅ​អា​រី​ណា ដែលមាន​ទីតាំង​ស្ថិត នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ខាងកើត​ស្ពាន​ជ្រោយចង្វារ ដោយមាន​អ្នក​ចូលរួម​ប្រមាណ​ជាង ៤.០០០ នាក់ មកពី​តាម​បណ្តា​រាជធានី ខេត្ត ទាំង ២៥​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស ខ្មែរ​រួបរួម​ជាតិ បាន​បង្ហើប​អោយដឹងថា នៅក្នុង​អង្គសមាជ នឹង​ប្រកាស​សមាសភាព ក្បាលម៉ាស៊ីន ដឹកនាំ​គណបក្ស ដោយ​​ក្នុងនោះ​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​។ លោក ខាន់ សាវឿន អនុ​​ប្រធាន​។ លោក ទៀ ចំ​រ៉ាត់ ជា​ប្រធានកិត្តិយស និង​លោក ស៊ឹម សុន ជា​អគ្គ​លេខាធិការ​គណបក្ស​។​

​ក្រសួងមហាផ្ទៃ បានសម្រេច​ទទួល យកពាក្យ​ស្នើសុំ​បង្កើត គណបក្ស​
​ខ្មែរ​រួបរួម​ជាតិ ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​យោងតាម​លិខិត​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ជម្រាបជូន​លោក ញឹក ប៊ុនឆៃ​
​តំណាង​ស្ថាបនិក​គណបក្ស ខ្មែរ​រួបរួម​ជាតិ បានអោយដឹងថា ក្រសួងមហាផ្ទៃ បានទទួល​រួចហើយ នូវ​សំណុំ​ឯកសារ​សុំ​បង្កើត គណបក្ស ខ្មែរ​រួបរួម​ជាតិ ដែលមាន​អាសយដ្ឋាន នៃ​ទីស្នាក់ការ​កណ្តាល តាំងនៅ​ផ្ទះ​លេខ​125F ផ្លូវ​ម៉ាស៊ីនទឹក សង្កាត់​ជ្រាយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយសា​ម៉ី​គណបក្ស បាន​បំពេញ​លក្ខខណ្ឌ ស្របតាម​ការកំណត់ ដូច​មានចែង ក្នុង​ជំពូក​ទី​២ ត្រង់​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

​ដើម្បី​ទទួលបាន​សុពលភាព គណបក្ស ខ្មែរ​រួបរួម​ជាតិ ត្រូវបំពេញ​បែបបទ និង​លក្ខខណ្ឌ ដូច​មានចែង ក្នុង​ជំពូក​ទី​៥ ត្រង់​មាត្រា ២០ នៃ​ច្បាប់ ស្តីពី​គណបក្ស នយោបាយ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ញឹក ប៊ុនឆៃ តំណាង​
​គណបក្ស ខ្មែរ​រួបរួម​ជាតិ បានដាក់​ពាក្យស្នើសុំ​បង្កើត គណបក្ស ទៅ​
​ក្រសួងមហាផ្ទៃ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​
​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨​។​

​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​អតីត​តស៊ូ​មួយចំនួនធំ បាន​ផ្តាច់ខ្លួន​ចេញពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​មិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​របស់ សម្តេចក្រុមព្រះ ប្រកាន់​បក្ខពួក គ្រួសារនិយម​៕V​/S