ចាំមើល​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ត្រូវ​ប្រឈម​នឹង​វិធានការ​បែបណា​?

ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ​ក៏ដូចជា​ដុត​ឈើ​ចោល​ក្នុងពេល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ប្រតិបត្តិការ​នោះ កំពុង​ប្រឈម​នឹង​បណ្ដឹង​នៅក្នុង​តុលាការ​។ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បានដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ទាំង​២​នេះ​តាមច្បាប់​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់​។ ជាមួយគ្នានេះ​មន្ត្រី​សាលាដំបូង​ខេត្តមណ្ឌលគិរី ក៏បាន​អះអាង​ផងដែរ​ពី​រឿង​គ្រោង​កោះហៅ​តំណាង​ក្រុមហ៊ុន​ទាំង​២​មក​បំភ្លឺ​ក្នុង​សំណុំរឿង​ស្តុក​ឈើ​ខុសច្បាប់​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រមាណ​៤០០០​ម៉ែត្រគូប​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ចំណែក​ឈើ​ស្តុក​ទុក​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​យូ​នី​ហ្គ្រី​ន​នៅ​មិនទាន់​បញ្ចប់​ការត្រួតពិនិត្យ​នៅឡើយ​ទេ​។ ចំណែក​មន្ត្រី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ឲ្យ​ដឹងថា គណៈកម្មការ​នេះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​បញ្ចប់​បញ្ជី​ស៊ើបអង្កេត​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រង់ចាំ​មើលថា តុលាការ​ចាត់វិធានកា​រ​បែបណា​ទៅលើ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ព្រោះ​ភស្តុតាង​ជាក់ស្តែង​ត្រូវបាន​រកឃើញ​យ៉ាងច្បាស់​ក្រឡែត​រួចទៅហើយ​។

​សូមបញ្ជាក់ថា កាលពី​ចុងខែ​មករា ឆ្នាំ​២០១៦ គំណរ​ឈើ​ធំៗ​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ត្រូវបាន​គេ​ដុតបំផ្លាញ​ដែលជា​ការផ្គើន​នឹង​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល មន្ត្រីរាជការ​នៅ​ទូទាំងប្រទេស​និង​ប្រជាពលរដ្ឋ​ទូទៅ បាន​វាយតម្លៃថា ឈើ​ទាំងនោះ​ត្រូវគេ​លួច​ដុត​ដើម្បី​បំបាត់ភស្តុតាង​ទាក់ទង​ទៅនឹង​ករណី​បទល្មើស​បំផ្លាញ​ព្រៃឈើ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​តុលាការ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ ដែល​មិនត្រូវ​លើកលែង​ដោយ​ប្រការ​ណាមួយ​ជាដាច់ខាត​។ តុលា​ការគួរ​ដាក់ទោស​ទាន់​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ ឃុបឃិត​តាមច្បាប់​ជា​ធរមាន​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ ក្នុងនោះ​លោក វង់ សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ក្នុង​ខេត្ត​នេះ ក៏​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ផងដែរ ព្រោះ​ពួកគេ​គិតគូរ​តែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​ទូទៅ​សង្ឃឹមថា ចំណាត់ការ​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវធ្វើឡើង​ជាប្រចាំ​ដើម្បី​កុំ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​បន្តទៀត​៕

12417583_461800897338339_1265503202682582215_n d-t-f1-500x375 12562495_954051271355130_1958949679_o