ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី មិន​ខ្វល់​រឿង​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​

ករណី​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង យក​លេស​ធ្វើ​ការដ្ឋាន​បូម​ខ្សាច់​បូម​ក្រួស​ទៅធ្វើ​អាជីវកម្ម​បូម​រ៉ែ​មាស​នោះ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ប្រតិកម្ម​យ៉ាងខ្លាំង​ព្រោះ​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី​ទេនោះ គឺ​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​ឃុំ​ញ៉ា​ង និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អណ្ដូង​មាស ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង ទើប​នាំគ្នា​រក្សា​ភាពស្ងប់ស្ងាត់​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាល បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង បាន​ឈូសឆាយ​ច្រាំង​ទន្លេសេសាន ដើម្បី​ធ្វើ​ការដ្ឋាន​បូម​ខ្សាច់​នៅ​ចំណុច​កោះ​ខ្យង តែ​ត្រូវ​ផ្អាក​ទៅវិញ​ដោយសារតែ​សកម្មភាព​ឈូសឆាយ​នោះ គ្មាន​ច្បាប់​អនុញ្ញាត​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ដាល ដែល​ភាគច្រើន​ជា​ជនជាតិ​ចា​រ៉ា​យ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នោះ​មាន​ចេតនា​យក​លេស​ធ្វើ​ការដ្ឋាន​បូម​ខ្សាច់​ដើម្បី​បូម​យក​រ៉ែ​មាស​ទៅតាម​គម្រោង​របស់ខ្លួន​។ ដោយសារ​បានដឹង​ពី​ល្បិចកល​របស់​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង ទើប​ពួកគាត់​តវ៉ា​ចាត់វិធានការ​ទប់ស្កាត់​ព្រោះ​ចំណុច​កោះ​ខ្យង គឺជា​តំបន់​ដែល​ជនជាតិដើម​ភា​គតិ​ចា​រ៉ា​យ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​រាប់សិប​ឆ្នាំ​មកហើយ​។ ការតវ៉ា​របស់​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​ដោយសារតែ​ពួកគាត់​មើលឃើញថា ឧបករណ៍​ដែល​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង យកមក​ឈូសឆាយ​ធ្វើ​ការដ្ឋាន​បូម​ខ្សាច់​ការពិត​គឺជា​ឧបករណ៍​សម្រាប់ធ្វើ​អាជីវកម្ម​រ៉ែ​មាស​។

ទាក់ទង​បញ្ហា​ខាងលើនេះ អភិបាល​ស្ដីទី​ស្រុក​អណ្ដូង​មាស លោក ផាត់ សម្បត្តិ បាន​និយាយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង ដោយ​អះអាងថា ការ​ឈូសឆាយ​ធ្វើ​ការដ្ឋាន​បូម​ខ្សាច់ គឺ​ខុសពី​ទីតាំង​ដែល​ប្រជាពលរដ្ឋ​រែង​មាស​មិនមែន​ដូច​ប្រជាពលរដ្ឋ​អះអាង​នោះទេ​។ ប៉ុន្តែ​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ក្នុងភូមិ​ដាល បាន​ឲ្យ​ដឹងថា សកម្មភាព​ឈូសឆាយ​ច្រាំង​ទន្លេសេសាន ចំណុច​កោះ​ខ្យង​នោះ គឺជា​ទីតាំង​ដែល​ពួកគាត់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ច្រើន​ជំនាន់​មកហើយ​។ មន្ត្រីរាជការ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​គម្រោង​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឆាយ​លី​ហៀ​ង ជាបន្ទាន់​ព្រោះ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ផង ក្រុមហ៊ុន​នេះ​ហ៊ាន​ឈូសឆាយ​ច្រាំងទន្លេ​និង​ដាក់​ឧបករណ៍​បូម​យក​រ៉ែ​មាស​យ៉ាង​គឃ្លើន​បំផុត​៕

e f c b