លោក សម រង្ស៊ី បញ្ជាក់​ពី​ភាព​ចាំ​ចាច់​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ចូលរួម​ដំណើរការ​លទ្ធិ​ជា​ធិបតេយ្យ​

ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ពី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រជាជាតិ​ខ្មែរ តម្រូវ​ឲ្យ​ដាក់បញ្ចូល​ជនជាតិខ្មែរ​នៅ​ឯនាយសមុទ្រ​ផងដែរ ។ មតិ​របស់លោក សម រង្ស៊ី  បាន​ចុះផ្សាយ​ក្នុង​កាសែត ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃ​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ធ្វើការ​អត្ថាធិប្បាយ​ខ្លះ​ទៅលើ​អត្ថបទ មាន​ចំណងជើង « នាយករដ្ឋមន្ត្រី​អះអាងថា ខ្មែរ​នៅក្រៅ​ប្រទេស​មិនអាច​បោះឆ្នោត​បានទេ​» ដែល​ចុះផ្សាយ​លើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃ​១៧ កុម្ភៈ ២០១៦​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រំលឹកថា ការបោះឆ្នោត​ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ លើកដំបូង​បង្អស់​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ ១៩៩៣ ដោយ​ប្រើ​ប្រព័ន្ធ​សមាមាត្រ​ដូចគ្នា​នឹង​បច្ចុប្បន្ន​នេះដែរ ក៏បានផ្តល់​លទ្ធភាព​ឲ្យ​ជនជាតិខ្មែរ នៅឯ​បរទេស​អាច​បោះឆ្នោត​បាន ដោយ​បង្កើត​ការិយាល័យ​បោះឆ្នោត នៅតាម​ការិយាល័យ​អង្គការសហប្រជាជាតិ ប្រចាំ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស និង​ទីក្រុង​កាន់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​។​

​លោក សម រង្ស៊ី បាន​ពន្យល់ថា​កាលនោះ​ក្នុងឋានៈ​លោក​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ក្រោម​អធិបតីភាព​សម្តេចព្រះ​នរោត្តម សីហនុ លោក​បាន​ពិភាក្សា​ជាមួយ លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី តំណាង​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ អំពី​ការរៀបចំ​ការបោះឆ្នោត​ពេលនោះ​។ លោក​បានស្នើ​ឲ្យ លោក អាកាស៊ី បើក​ការិយាល័យ​បោះឆ្នោត​ច្រើនជាង​នេះ ក្នុង​ពិភពលោក ជាពិសេស​នៅក្នុង​ប្រទេស​និង​តំបន់ ដែលមាន​ជនជាតិខ្មែរ​រស់នៅ​ច្រើនជាងគេ ដូចជា​សហរដ្ឋអាមេរិក ប្រទេស​បារាំង ប្រទេស​កាណាដា ប្រទេស​អូស្ត្រាលី និង​ប្រទេស​ញូ​ហ្សេ​លែ​ន​។ លោក អាកាស៊ី បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់លោក​ថា អង្គការសហប្រជាជាតិ​មិនមាន​មធ្យោបាយ និង​ពេលវេលា​គ្រប់គ្រាន់​ទេ សម្រាប់​បើក​ការិយាល័យ​បោះឆ្នោត​លើសពីនេះ ឲ្យ​ជនជាតិខ្មែរ​នៅក្រៅ​ប្រទេស ប៉ុន្តែ​ប្រទេស​កម្ពុជា​អាច​ធ្វើដូច្នេះបាន​នាពេល​អនាគត គឺ​នៅពេលដែល​ប្រទេស​កម្ពុ​ជាមាន​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៅតាម​បណ្តា​ប្រទេស​ដ៏​ច្រើន ជុំវិញ​ពិភពលោក​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បន្តថា ក្នុងនាម​អង្គការសហប្រជាជាតិ លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី យ៉ាងហោចណាស់ ក៏បាន​បញ្ជាក់​ជាគោលការណ៍​ថា ជនជាតិខ្មែរ​ទាំងអស់ ទោះជា​រស់នៅ​ទីណា​ក៏ដោយ គឺមាន​សិទ្ធិ​បោះឆ្នោត​សម្រេច​ជោគវាសនា នៃ​ប្រទេស​កំណើត​របស់ខ្លួន ហើយ​អាជ្ញាធរ​ត្រូវ​ជួយ​សម្រួល​ឲ្យ​ពួកគេ មានលទ្ធភាព​ប្រើប្រាស់​សិទ្ធិ​នេះ​យ៉ាង​ជាក់ស្តែង​។ តាម​គំនិត​របស់ លោក អាកាស៊ី និង​លោក សម រង្ស៊ី ផ្ទាល់ លទ្ធិប្រជាធិបតេយ្យ​ត្រូវតែ ហើយ​ច្បាស់​ជា​នឹង​ដើរទៅ​មុខ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៦ នេះ បើ​គេ​បែរក្រោយ មើល​រយ​:​ពេល​២៣ ឆ្នាំ​កន្លងទៅ គេ​ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង ដោយ​ឃើញ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា បាន​ដើរ​ថយក្រោយ ត្រង់ចំណុច​នេះ និង​ចំណុច​ជាច្រើន​ផ្សេងទៀត​។​

​លោក សម រង្ស៊ី បានបញ្ជាក់​ថា​វា​មិនមែនជា​បញ្ហា​បច្ចេកទេស ទាក់ទង​ទៅនឹង​ប្រព័ន្ធ​បោះឆ្នោត ដូច​ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បានលើកឡើង​យ៉ាង​ត្រឹមត្រូវ​ថា មាន​ប្រទេស​ដទៃ​ជាច្រើន រួមទាំង​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយចំនួន ដែល​អនុវត្តន៍​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ តែ​ប្រទេស​ទាំងនោះ​បានផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​គេ​នៅក្រៅ​ប្រទេស អាច​បោះឆ្នោត​បាន ដូច​ពលរដ្ឋ​គេ​នៅក្នុង​ប្រទេស​អញ្ចឹង​ដែរ​។

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​ពន្យល់ថា ដើម្បី​កំណត់ថា តើ​គួរ​ភ្ជាប់​ជនជាតិខ្មែរ​នៅ​ឯនាយសមុទ្រ ទៅនឹង​មណ្ឌលបោះឆ្នោត​ណាមួយ​នៅ​ប្រទេស​កម្ពុជា អ្នករៀបចំ​ការបោះឆ្នោត និង​អ្នកធ្វើ​សេចក្តីសម្រេច នៅ​ប្រទេស​កម្ពុជា អាច​មើល​រូបមន្ត​ដែល​ប្រទេស​អ៊ីតាលី និង​ប្រទេស​បារាំង បានជ្រើសរើស​។ ដើម្បី​ផ្តល់​សិទ្ធិ​បោះឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ​គេ ដែល​រស់នៅ​ឯនាយសមុទ្រ ប្រទេស​ទាំងពីរ​នេះ បាន​បង្កើត​មណ្ឌលបោះឆ្នោត​ពិសេស និង​អាសនៈ​សភា​ពិសេស​មួយចំនួន សម្រាប់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​គេ នៅក្រៅ​ប្រទេស​។​

​លោក សម រង្ស៊ី បាន​បន្តថា ដោយ​ប្រើ​រូបមន្ត​ស្រដៀង​គ្នា​នេះ និង​ដោយ​គិតពី​ចំនួន​អ្នកបោះឆ្នោត សម្រាប់​អាសនៈ​នីមួយៗ នៅ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ ហើយដោយ​សំអាង​លើ​ចំនួន​ជនជាតិខ្មែរ​នៅ​ឯនាយសមុទ្រ ដែល​អាចមាន​សិទ្ធិ​បោះឆ្នោត ភាគី​ពាក់ព័ន្ធ​អាចបង្កើត​មណ្ឌលបោះឆ្នោត​ពិសេស​មួយចំនួន និង​បង្កើត​អ​សនៈ​ពិសេស​មួយចំនួន​នៅ​រដ្ឋសភា ដូចតទៅ ៖ សហរដ្ឋអាមេរិក ៤ អាសនៈ ប្រទេស​បារាំង ២ អាសនៈ ប្រទេស​អូស្ត្រាលី ១ អាសនៈ និង​ប្រទេស​កាណាដា ១ អាសនៈ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ទន្ទឹមនឹង​គំនិត​ថ្មី និង​ការចង់​យល់ដឹង​បន្ថែម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​បង្ហាញ​ផងដែរ​អំពី​ឆន្ទៈ​នយោបាយ ចង់​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឈានទៅ​មុខ ដោយមាន​ការបើកចំហ​ឲ្យ​កាន់តែ​ទូលំទូលាយ ចំពោះ​ជនជាតិខ្មែរ ដែល​រស់នៅ​ទូទាំង​ពិភពលោក​៕

1446482618 hqdefault 261933_1049476445109088_5022604236006871998_n